លោក កើត ឆែ ជំរុញមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ យកចិត្តទុកដាក់ត្រង់ត្រាប់យកចំណេះដឹង និងបទពិសោធន៍ដើម្បីបំប៉នសមត្ថភាពឲ្យបានខ្លាំង

Posted By: RoogRog Robot | 29-Mar-2024 22:36:40

2024-03-29 09:30pm

(ភ្នំពេញ)៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានផ្តាំផ្ញើឲ្យមន្ត្រីរាជការទាំងអស់ ត្រូវយកចិត្តទុកដាក់ចូលរួមឲ្យបានពេញលេញ និងខិតខំត្រង់ត្រាប់ទទួលនូវចំណេះដឹង និងបទពិសោធន៍នានា ដើម្បីបំប៉នសមត្ថភាពឲ្យបានខ្លាំង ពិសេសគ្រប់គ្រងព័ត៌មានឲ្យបាន។

ការលើកឡើងនេះ ក្នុងឱកាសអញ្ជើញជាតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពិធីបើក <<វគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធផ្សព្វផ្សាយ និងការយល់ដឹងអំពីព័ត៌មាន>> នៅថ្ងៃទី២ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ។

លោក កើត ឆែ បានលើកឡើងថា ថ្ងៃនេះជាថ្ងៃទី២ ដែលលោកបានចូលរួមជាអធិបតីក្នុងនាមលោក ឃួង ស្រេង​ ក្នុងពិធីបើក <<វគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធផ្សព្វផ្សាយ និងការយល់ដឹងអំពីព័ត៌មាន>> ជាមួយលោកបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាគ្រូឧទេ្ទស នៃវគ្គបណ្តុះបណ្តាល។

លោកបានលើកឡើងអំពីសារៈសំខាន់ នៃព័ត៌មាន នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ, ប្រភេទ នៃព័ត៌មានផ្សេងៗ, និងការបែងចែករវាងព័ត៌មានពិត និងព័ត៌មានក្លែងក្លាយ។ នាឱកាសនេះ លោកក៏បានផ្តាំផ្ញើដល់អ្នកចូលរួមទាំងអស់ត្រូវយកចិត្តទុកដាក់ចូលរួមឲ្យបានពេញលេញ និងខិតខំត្រង់ត្រាប់ទទួលនូវចំណេះដឹង និងបទពិសោធន៍នានា តាមរយៈការធ្វើបទបង្ហាញរបស់លោកវាគ្មិន ហើយត្រូវចោទជាសំណួរដែលពាក់ព័ន្ធនឹងប្រធានបទ ក្នុងករណីដែលមានចម្ងល់ ដើម្បីជូនទៅវាគ្មិនធ្វើការពន្យល់បកស្រាយបន្ថែម។

លោក៏បានថ្លែងអំណរគុណ និងស្វាគមន៍ ចំពោះវត្តមានរបស់លោកបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញចូលរួមជាគ្រូឧទ្ទេស ក្នុងវគ្គបណ្តុះបណ្តាលនាថ្ងៃនេះ ដែលត្រូវបានរៀបចំឡើង ដោយទីចាត់ការគ្រប់គ្រងធនធានមនុស្ស នៃរដ្ឋបាលរាជធានីភ្នំពេញ ក្នុងគោលបំណងបញ្រ្ជាបនូវចំណេះដឹងបន្ថែមជូនដល់អ្នកចូលរួម ដែលជាមន្ត្រីរាជការចំណុះរដ្ឋបាលរាជធានីភ្នំពេញមកពី សាលារាជធានីភ្នំពេញ មន្ទីរ-អង្គភាពជំនាញ និងរដ្ឋបាលខណ្ឌទាំង១៤ ដែលទទួលបន្ទុកការងារព័ត៌មាន និងគ្រប់គ្រងប្រព័ន្ធបណ្តាញសង្គមនៅតាមស្ថាប័នរបស់ខ្លួន ដើម្បីពង្រឹងនូវយន្តការប្រើប្រាស់បណ្តាញសង្គមរបស់ស្ថាប័នក្នុងការទទួលព័ត៌មាន ចាត់ចែង និងដោះស្រាយតម្រូវការរបស់ប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព។

តាមរយៈវគ្គបណ្តុះបណ្តាល ក្នុងរយៈពេល០២ថ្ងៃនេះ លោកសង្ឃឹមជឿជាក់ថា លោក លោកស្រី នឹងទទួលបាននូវធាតុចូលបន្ថែម ដើម្បីបំពេញចំណុចខ្វះខាត ក្នុងការអនុវត្តការងារនាពេលកន្លងមក និងសូមផ្តាំផ្ញើអោយមន្ត្រីយើងទាំងអស់ យកចិត្តទុកដាក់ខិតខំត្រងត្រាប់ទទួលនូវចំណេះដឹងថ្មីៗ តាមការសិក្សាចតុរាង្គ ឬអង្គ៤ នៃការសិក្សាគឺ <<សុ ចិ បុ លិ>> ឬ <<ស្តាប់ គិត សួរ កត់ត្រា>>៕
























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...