រដ្ឋាភិបាលចិន លុបចោលពន្ធគយពិន័យលើការនាំចូលស្រា របស់ប្រទេសអូស្ត្រាលី

Posted By: RoogRog Robot | 29-Mar-2024 12:08:31

2024-03-29 11:04am

(ប៉េកាំង)៖ ប្រទេសចិន បានលុបចោលពន្ធប្រឆាំងការលក់បង្ខូចថ្លៃ និងពន្ធប្រឆាំងការឧបត្ថម្ភធន លើស្រាអូស្ត្រាលី ដែលជាសញ្ញានៃការបញ្ចប់យុទ្ធនាការ រយៈពេលបីឆ្នាំ ក្នុងការដាក់សម្ពាធពាណិជ្ជកម្មលើទីក្រុងកង់បេរ៉ា និងបង្កើនក្តីសង្ឃឹមសម្រាប់ការរស់ឡើងវិញ នៃឧស្សាហកម្មស្រាអូស្រ្តាលី ដែលមានតម្លៃរាប់ពាន់លានដុល្លារ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

ពន្ធពិន័យទាំងនេះ ដែលមានរហូតដល់ ២១៨% ត្រូវបានដាក់ក្នុងខែមីនា ឆ្នាំ២០២១ ក្រោយពេលដែលអតីតនាយករដ្ឋមន្ត្រីអូស្រ្តាលី លោក Scott Morrison អំពាវនាវឱ្យមានការស៊ើបអង្កេតជាលក្ខណៈអន្តជាតិ រកប្រភពដើមនៃការចម្លងជំងឺកូវីដ។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា ក្រសួងពាណិជ្ជកម្មចិន បានឱ្យដឹងក្នុងទីក្រុងប៉េកាំងថា ការលុបចោលពន្ធទាំងនេះនឹងចូលជាធរមាន ចាប់ពីថ្ងៃសុក្រសប្តាហ៍នេះតទៅ។

ក្រសួងពាណិជ្ជកម្មចិន បានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព៍ត៌មានមួយ ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា៖ <<ដោយសារស្ថានភាព នៅក្នុងទីផ្សារស្រារបស់ប្រទេសចិន បានផ្លាស់ប្តូរ ពន្ធប្រឆាំងការលក់បង្ខូចថ្លៃ និងពន្ធប្រឆាំងនឹងការឧបត្ថម្ភធន ដែលបានដាក់លើស្រាដែលនាំចូលពីប្រទេសអូស្ត្រាលី លែងចាំបាច់ទៀតហើយ>>។

ឧស្សាហកម្មស្រារបស់អូស្ត្រាលី បានទន្ទឹងរង់ចាំសេចក្តីប្រកាសនេះ អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ បន្ទាប់ពីក្រុមហ៊ុនផលិតស្រា និងសមាជិកសភាមួយចំនួនបាននិយាយថា ប្រទេសចិនបានផ្តល់អនុសាសន៍ បណ្តោះអាសន្នអំពីលុបចោលពន្ធគយនាំចូលទាំងនេះ។

សេចក្តីសម្រេចលុបចោល វិធានការទប់ស្កាត់ពាណិជ្ជកម្មនេះ បានបង្កើនក្តីសង្ឃឹមក្នុងការស្តារពាណិជ្ជកម្មស្រា ដែលទទួលបានប្រាក់ចំណេញ រវាងប្រទេសទាំងពីរឡើងវិញ។ ទោះយ៉ាងណា ប្រធានក្រុមប្រឹក្សាជាតិធុរកិច្ចអូស្ត្រាលី-ចិន បានព្រមានកាលពីថ្ងៃពុធថា ក្រុមហ៊ុនផលិតស្រាប្រហែលជា មិនវិលត្រលប់ទៅកាន់ទីផ្សារចិនវិញ ពេញលេញទេ។

លោក David Olsson ប្រធានក្រុមប្រឹក្សាជាតិធុរកិច្ចអូស្ត្រាលី-ចិនបានប្រាប់ទូរទស្សន៍ Bloomberg ថា៖ <<យើងរំពឹងថានឹងឃើញសមាមាត្រស្រាដ៏ច្រើនដែលវិលត្រលប់មកប្រទេសចិនវិញ ប៉ុន្តែមិនមែនទាំងអស់នោះទេ>>។

ប្រទេសចិន គឺជាគោលដៅនាំចេញស្រាកំពូល របស់អូស្ត្រាលីក្នុងឆ្នាំ២០១៩ ដែលមានទំហំលក់ចំនួន ១,១ពាន់លានដុល្លារអូស្ត្រាលី (៧១៨លានដុល្លារអាមេរិក)៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...