វិភាគអន្តរជាតិ៖ អាវុធដ៏សំខាន់បំផុតរបស់លោក ពូទីន គឺការភ័យខ្លាចរបស់លោកខាងលិច

Posted By: RoogRog Robot | 28-Mar-2024 23:19:58

2024-03-28 10:18pm

(បែរឡាំង)៖ អស់រយៈពេល ២ឆ្នាំមកនេះនៃសង្រ្គាមអ៊ុយក្រែន លោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន បានសម្លុតគំរាមម្ដងហើយម្ដងទៀតពីគ្រោះថ្នាក់ នៃការផ្ទុះសង្រ្គាមនុយក្លេអ៊ែរ ឬសង្រ្គាមលោកលើកទី៣។ សម្ដីសម្លុតគំរាមនេះដែរមានគោលដៅតែមួយគត់៖ គឺកំញើញ និងបំបាក់ស្មារតីកុំឱ្យលោកខាងលិចបន្តគាំទ្រដល់អ៊ុយក្រែន។ ការសម្លុតគំរាមពិតជាបានបង្កឱ្យមាន ការព្រួយបារម្ភ នៅក្នុងចំណោមមេដឹកនាំលោកខាងលិច ដូចជាអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz​ ហើយដែលការព្រួយបារម្ភរបស់លោក បាននិងកំពុងបង្ហាញថា តាក់ទិកគំរាមរបស់លោក ពូទីន កំពុងដំណើរការ។

តួយ៉ាង ទោះបីមានការទទូចសុំពីអ៊ុយក្រែន និងការជំរុញពីសម្ព័ន្ធមិត្ត​ NATO អស់ជាច្រើនខែក៏ដោយ ក៏មកទល់នឹងបច្ចុប្បន្ន លោក Olaf Scholz នៅតែបដិសេធការផ្គត់ផ្គង់មីស៊ីល រយៈចម្ងាយឆ្ងាយ Taurus របស់អាល្លឺម៉ង់ដល់ទីក្រុងកៀវ។ ការសម្រេចចិត្តនេះបានឆ្លុះបញ្ចាំងពីនយោបាយប្រយ័ត្នប្រយែងជ្រុលពេករបស់លោក Scholz និងការព្រួយបារម្ភខ្លាំងជ្រុល របស់អាល្លឺម៉ង់ ចំពោះការផ្ទុះរាលដាលសង្រ្គាមកាន់តែធំ។ កាន់តែសំខាន់ជាងនេះដោយសារតែភាពច្របូកច្របល់ និងការប្រទាំងប្រទិសគ្នាជាមួយសម្ព័ន្ធមិត្ត វានឹងកាន់តែធ្វើឱ្យលោក ពូទីន បានចិត្ត និងបង្កគ្រោះថ្នាក់ដល់សន្តិសុខអឺរ៉ុបប៉ុណ្ណោះ។

មីស៊ីលគ្រូស Taurus ត្រូវបានក្រុមអ្នកជំនាញយោធាលោកខាងលិចជឿថាអាចនឹងជួយជំរុញសមត្ថភាពរបស់អ៊ុយក្រែន ក្នុងការវាយប្រហារលើបណ្ដាញផ្គត់ផ្គង់របស់រុស្ស៉ី និងអាចការពារ យ៉ាងល្អប្រសើរប្រឆាំងនឹងការវាយប្រហាររបស់រុស្ស៉ី លើបណ្ដាទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលអ៊ុយក្រែនកំពុងពើបប្រទះសព្វថ្ងៃ។ មីស៊ីលគ្រូស ២ ផ្សេងទៀត មានរយៈចម្ងាយបាញ់ប្រហាក់ប្រហែលនឹងមីស៊ីល Taurus ដែរ គឺមីស៊ីល​ Storm Shadow របស់ចក្រភពអង់គ្លេស និងមីស៊ីល Scalp របស់បារាំង ដែលត្រូវបានផ្ដល់ឱ្យអ៊ុយក្រែន បានបង្ហាញពីប្រសិទ្ធភាពខ្ពស់ ដោយបានជួយកងកម្លាំងអ៊ុយក្រែនក្នុងការវាយប្រហារលើមូលដ្ឋានកងទ័ពជើងទឹករុស្ស៉ីក្នុងតំបន់សមុទ្រខ្មៅ។ តែដោយសារចំនួនមីស៊ីលទាំង២ នេះ មានកំណត់ និងមានតម្លៃថ្លៃផងនោះ អ៊ុយក្រែនត្រូវបង្ខំចិត្តប្រើប្រាស់ដោយសន្សំសំច្ចៃ។

ម្លោះហើយ ការផ្គត់ផ្គង់មីស៊ីល Taurus អាចនឹងជួយបំពេញស្ដុកឡើងវិញ ផ្ដល់ឱ្យអ៊ុយក្រែនបន្ថែមនូវសមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយ និងវាយប្រហារចំគោលដៅក្នុងប្រសិទ្ធខ្ពស់ ដ្បិតប្រព័ន្ធខែការពារមីស៊ីលមិនងាយនឹងចាប់សញ្ញាមីស៊ីលនេះបាននោះទេ។ ជាការព្យាយាមបន្សាបការរិះគន់ លោក Scholz បានអះអាងថាការផ្ដល់មីស៊ីល Taurus ក៏ត្រូវតម្រូវឱ្យបញ្ជូន កងទ័ពអាល្លឺម៉ង់ទៅអ៊ុយក្រែនផងដែរ ដើម្បីអាចប្រើប្រាស់ និងថែទាំមីស៊ីលនេះឱ្យមានប្រសិទ្ធភាព។ តែវត្តមានកងទ័ពអាល្លឺម៉ង់ដែលជាសមាជិក​ NATO នៅលើទឹកដីអ៊ុយក្រែន ត្រូវបាន លោក ពូទីន គំរាមថានឹងធ្វើឱ្យសង្រ្គាមនុយក្លេអ៊ែរផ្ទុះឡើង។ យ៉ាងណាក៏ដោយ សមាជិកមួយចំនួន នៅក្នុងរដ្ឋាភិបាលចម្រុះ និងយោធាអាល្លឺម៉ង់ បានជំទាស់នឹងការលើកឡើងរបស់លោក Scholz ស្របពេលការបែកធ្លាយកិច្ចសន្ទនារបស់ក្រុមមន្រ្តីទ័ពអាកាសអាល្លឺម៉ង់ ពាក់ព័ន្ធនឹងមីស៊ីល Taurus កាលពីពេលថ្មីៗនេះ គួបផ្សំនឹងការស្ទាក់ស្ទើររបស់លោក Scholz បានធ្វើឱ្យ សម្ព័ន្ធមិត្តជិតស្និទ្ធខ្លះមានការខឹងសម្បារនឹងទីក្រុងបែរឡាំង។

ម្យ៉ាងទៀត មិនត្រឹមតែបដិសេធផ្ដល់មីស៊ីល Taurus ប៉ុណ្ណោះទេ លោក Scholz ក៏បានច្រានចោលផងដែរនូវសំណើរបស់ចក្រភពអង់គ្លេសដែលចង់បញ្ជូនមីស៊ីល Storm Shadow បន្ថែម ទៅឱ្យអ៊ុយក្រែន ជាថ្នូរនឹងការបំពេញស្ដុករបស់ខ្លួនឡើងវិញជាមួយមីស៊ីល Taurus។ ការបដិសេធរបស់លោក Scholz គឺមានហេតុផលរបស់លោក នោះគឺបើតាមរបាយការណ៍ប្រចាំឆ្នាំ ចេញផ្សាយថ្មីៗនេះ យោធាអាល្លឺម៉ង់បានប្រកាសអាសន្នពីធ្លាក់ចុះទាំងចំនួនកងទ័ព និងអាវុធ រួមទាំងការខ្វះខាតភាពជាមេដឹកនាំ និងការបណ្ដុះបណ្ដាល។ បញ្ហាឱនភាពនេះអាចបញ្ជាក់ បានថាអាល្លឺម៉ង់កំពុងផ្តោតលើការដោះស្រាយបញ្ហាការវិនិយោគមិនទាន់គ្រប់គ្រាន់នៅក្នុងវិស័យយោធា ខណៈកំពុងស្វែងរកមធ្យោបាយធានាឱ្យបានថាអ៊ុយក្រែននឹងទទួលបានអាវុធទំនើប ដែលខ្លួនត្រូវការជាចាំបាច់។ ប៉ុន្តែ ក្រុមអ្នកជំនាញខ្លះយល់ឃើញថាការភ័យខ្លាចរបស់លោក Scholz ទៅវិញទេដែលជា <<កត្តាជំរុញដ៏ចម្បងនៃគោលនយោបាយអាល្លឺម៉ង់>>។

ជាការពិតណាស់ រដ្ឋាភិបាលរបស់លោក Scholz បានផ្ដល់ជំនួយយោធាជាច្រើនដល់អ៊ុយក្រែន ក្នុងនោះរួមមានរថក្រោះប្រយុទ្ធ Leopard កាលពីឆ្នាំមុន និងបច្ចុប្បន្ន បានក្លាយជាប្រទេស ដែលផ្គត់ផ្គង់បរិក្ខារយោធាធំលំដាប់ទី២ដល់ទីក្រុងកៀវ បន្ទាប់ពីសហរដ្ឋអាមេរិក។ អាល្លឺម៉ង់ក៏បានទទួលយកជនភៀសខ្លួនអ៊ុយក្រែនជាង១លាននាក់ផងដែរ ហើយក្នុងខែមីនានេះថែមទាំង សន្យាផ្ដល់ជំនួយយោធា ៥០០លានអឺរ៉ូ ក្នុងនោះមានទាំងគ្រាប់កាំភ្លើងធំ និងរថពាសដែកសម្រាប់ទីក្រុងកៀវទៀតផង។ នេះគឺជារឿងគួរឱ្យសាទរ និងស្វាគមន៍។ ប៉ុន្តែ ក្នុងនាមជា មហាអំណាចធំមួយនឹងគេដែរ ការផ្ដល់ជំនួយរបស់អាល្លឺម៉ង់ហាក់មិនស្មើនឹងគីឡូរបស់ខ្លួននោះទេ។

សម្រាប់ក្រុមអ្នកគាំទ្រអ៊ុយក្រែន ក្នុងពេលដែលជំនួយយោធាថ្មីសម្រាប់អ៊ុយក្រែន កំពុងជាប់គាំងក្នុងរដ្ឋសភាអាមេរិក វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ដែលអាល្លឺម៉ង់ ត្រូវតែដើរតួនាទី កាន់តែច្រើន និងគួរតែធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសអឺរ៉ុបដទៃ ដើម្បីផ្ដល់ជំនួយអាវុធបន្ថែមដល់អ៊ុយក្រែន។ តែនេះតម្រូវឱ្យទទួលស្គាល់ថាក្នុងនាមជាមហាអំណាចមួយអឺរ៉ុបដែរ អាល្លឺម៉ង់មិនអាចពឹងផ្អែកតែទៅលើសហរដ្ឋអាមេរិក ទៀតនោះទេ រីឯបរាជ័យណាមួយក្នុងការប្រឈមមុខប្រឆាំងនឹងសង្រ្គាមរបស់រុស្ស៉ី នៅអ៊ុយក្រែន វាអាចនឹងធ្វើឱ្យអាល្លឺម៉ង់ និងអឺរ៉ុប ទាំងមូលត្រូវសោកស្ដាយនៅថ្ងៃមួយ៕





News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...