វិភាគអន្តរជាតិ៖ ហេតុអ្វី ចិនមិនអាចបោះចោលគំនិតវាយកាន់កាប់តៃវ៉ាន់?

Posted By: RoogRog Robot | 19-Aug-2022 00:01:10

2022-08-18 10:59pm

(ស៊ីដនី)៖ ចិនមិនដែល ហើយក៏មិនអាចបោះបង់ចោលគំនិតប្រើកម្លាំងយោធាវាយកាន់កាប់កោះតៃវ៉ាន់ឡើយ។ ខណៈក្រុមមន្ត្រីចិនតែងតែងអះអាងជារឿយៗ ពីលទ្ធភាពនៃការបង្រួបបង្រួមជាតិជាមួយតៃប៉ិដោយ <<សន្តិវិធី>> ក៏ដោយ តែតាមការពិតទៅ គំនិតប្រើកម្លាំងយោធានេះបានដក់ជាប់នៅក្នុងចិត្តគំនិតមេដឹកនាំចិន ចាប់តាំងពីឆ្នាំ១៩៤៩មកម្ល៉េះ។

ការចិញ្ចឹមចិត្តប្រើកម្លាំងយោធានេះត្រូវបានបង្ហាញ នៅក្នុងការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមិនធ្លាប់មាននៅក្បែរតៃវ៉ាន់ពីសំណាក់កងទ័ពរំដោះប្រជាជនចិន (PLA) ជាការបង្ហាញសាច់ដុំយោធា ឆ្លើយតបទៅនឹងការបំពេញទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី ក្នុងទីក្រុងតៃប៉ិ កាលពីដើម ខែសីហានេះ។ កាន់តែច្បាស់ជាងនេះទៅទៀត នៅក្នុងសៀវភៅស មានចំណងជើងថា <<បញ្ហាតៃវ៉ាន់ និងការបង្រួបបង្រួមរបស់ចិនក្នុងយុគសម័យថ្មី>> ដែលត្រូវបាន ចេញផ្សាយកាលពីពេលថ្មីៗនេះ វាបានបង្ហាញត្រង់ៗថា <<ចិននឹងមិនបោះបង់ចោលការប្រើកម្លាំងយោធាឡើយ>>។ ក៏ប៉ុន្តែ តើអ្នកដឹងទេថាហេតុអ្វីបានជាចិនមិនអាច បោះបង់ចោលគំនិតមួយ? ខាងក្រោមនេះជាកត្តាធំៗចំនួន៤ ដែលបង្កប់នូវហេតុផលនៅពីក្រោយគំនិតប្រើកម្លាំងយោធាកាន់កាប់តៃវ៉ាន់៖

* ប្រវត្តិសាស្ត្រ គំនិតជាតិនិយម និងភាពស្របច្បាប់នៃបក្សកុម្មុយនិស្ដចិនបញ្ហាប្រវត្តិសាស្ត្រគឺជាចំណុចស្នូលដ៏សំខាន់មួយនៃការស្វែងយល់ពីប្រភពដើម នៃការចិញ្ចឹមចិត្តប្រើកម្លាំងយោធារបស់ចិន។ នៅក្រោយសង្រ្គាមលោកលើកទី២ ទាំង សាធារណរដ្ឋប្រជាមានិតចិន (PRC) និងសាធារណរដ្ឋចិន (ROC) ឬតៃវ៉ាន់ បានធ្វើសង្រ្គាមជាមួយគ្នាដើម្បីដណ្ដើមតំណែងស្របច្បាប់តែមួយគត់តំណាងឱ្យប្រទេស ចិន។ នៅក្រោយចាញ់សង្រ្គាមស៊ីវិលពីឆ្នាំ១៩៤៥ ដល់ឆ្នាំ១៩៤៩ សាធារណរដ្ឋចិន ឬតៃវ៉ាន់ដឹកនាំដោយលោក ចាង ខៃជៀក (Chiang Kai-Shek) បានដកកងទ័ព ទៅកាន់កោះតៃវ៉ាន់ និងបង្កើតរដ្ឋាភិបាលមួយនៅទីនោះ ហើយចាប់ពីពេលនោះមកដែរ សាធារណរដ្ឋប្រជាមានិតចិន ឬចិនកម្មុយនិស្ដបានព្យាយាមម្ដងហើយម្ដងទៀត ដើម្បីលើកទ័ពឆ្លងច្រកសមុទ្រតៃវ៉ាន់ ទៅរំដោះតៃវ៉ាន់ និងបង្រួបបង្រួមជាតិ។ ចំណែកឯ សាធារណរដ្ឋចិនរបស់លោក ចាង ខៃជៀក ក៏មានបំណងលើកទ័ពទៅវាយ ដណ្ដើមកាន់កាប់ចិនដីគោកផងដែរ ដោយរំពឹងទទួលបានការគំាទ្រពីសហរដ្ឋអាមេរិក។ ការចិញ្ចឹមគំនិតប្រើកម្លាំងយោធាបែបនេះបាននាំឱ្យមានវិបត្តិច្រកសមុទ្រតៃវ៉ាន់ ដល់ទៅ២លើក អំឡុងទសវត្សរ៍ឆ្នាំ១៩៥០ ដែលជាកេរដំណែលបន្សល់ទុកពីសង្រ្គាមត្រជាក់ និងជាសាវតារមួយបង្ហាញថាការប្រើកម្លាំងយោធានៅតែជាសមាសធាតុ ដ៏សំខាន់នៃអំណាចជាតិ?

សម្រាប់ចិន បញ្ហាតៃវ៉ាន់ជាកិច្ចការផ្ទៃក្នុង និងជាមូលដ្ឋាននៃការការពារអធិបតេយ្យ និងបូណរភាពទឹកដី ព្រមទាំងភាពស្របច្បាប់នៃគណបក្សកុម្មុយនិស្ដចិន។ ចិន យល់ថាខ្លួនមានសិទ្ធិប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ដើម្បីដោះស្រាយបញ្ហាតៃវ៉ាន់ ក្នុងនោះរួមមានទាំងការប្រើប្រាស់កម្លាំងយោធាជាជម្រើសចុងក្រោយ បើ មធ្យោបាយដទៃមិនមានប្រសិទ្ធភាព។ គោលជំហរបែបនេះត្រូវបានប្រកាន់ខ្ជាប់ដោយមេដឹកនាំបក្សកុម្មុយនិស្ដ ៥ជំនាន់មកហើយ ដ្បិតបញ្ហាតៃវ៉ាន់ត្រូវបានរុំក្រសោប ដោយ <<មនោសញ្ចេតនាជាតិនិយម និងស្នេហាជាតិ>> ដែលបានរីកសុសសាយយ៉ាងខ្លាំងនៅក្នុងប្រវត្តិសាស្ត្រចិនសម័យទំនើប និងមានភាពរឹងមាំយ៉ាងខ្លាំងនៅក្នុង ការបណ្ដុះគំនិតស្នេហាជាតិនៅទូទាំងប្រទេស ចាប់តាំងពីសម័យកាលក្រោយសង្រ្គាមលោក។ ជាឧទាហរណ៍ មន្ត្រីចិនម្នាក់ឈ្មោះ លី ហុងសាន (Li Hongzhang) ជាអ្នកចុះហត្ថាលេខាលើសន្ធិសញ្ញាស៊ីម៉ូណូសេគី (Shimonoseki Treaty) តំណាងឱ្យរាជ្យវង្សឆេងក្នុងឆ្នាំ១៨៩៥ ដោយប្រគល់តៃវ៉ាន់ឱ្យជប៉ុនគ្រប់គ្រងបានជាប់ ឈ្មោះជា <<ជនក្បត់ជាតិ>> នៅក្នុងប្រទេសចិន មកទល់នឹងសព្វថ្ងៃ។

* បំបាក់ស្មារតី និងកំញើញនៅពេលដែលនិយាយពីតៃវ៉ាន់ គេមិនភ្លេចនិយាយឡើយពីគោលនយោបាយចិនតែមួយ ដែលមានន័យសម្រាប់ចិនថា <<នៅលើពិភពលោក គឺចិនតែមួយគត់ដោយទាំង ចិនដីគោក និងតៃវ៉ាន់សុទ្ធតែចិនតែមួយ>>។ ក៏ប៉ុន្តែ សព្វថ្ងៃ ចិនមើលឃើញថាមាន <<កម្លាំងអរិភាព>> ចំនួន២ ដែលគំរាមកំហែងដល់គោលការណ៍មួយនេះ ដូច្នេះហើយ ទើបទីក្រុងប៉េកាំង ជឿជាក់យ៉ាងមុតមាំថាមានតែការគំរាមប្រើកម្លាំងយោធាទេ ទើបអាចបំបាក់ស្មារតី និងកំញើញកម្លាំងអរិភាពទាំង២នេះ។

កម្លាំងអរិភាពទី១ នោះគឺ <<ចលនាក្រុមផ្ដាច់ខ្លួនចង់ឱ្យតៃវ៉ាន់មានឯករាជ្យភាព>>។ នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ ក្រោមអាណត្តិដឹកនាំដោយមេដឹកនាំតៃវ៉ាន់ លោក លី តេងហ៊ុយ (Lee Teng-hui) <<គំនិតបង្កើតរដ្ឋ២ ដាច់ដោយឡែក>> ត្រូវបានគេលើកយកមកជជែកដេញដោល ហើយនៅពេលលោក លី បំពេញទស្សនកិច្ចទៅកាន់ សហរដ្ឋអាមេរិក វិបត្តិច្រកសមុទ្រតៃវ៉ាន់លើកទី៣ បានផ្ទុះឡើងនៅឆ្នាំ១៩៩៥ ដល់ឆ្នាំ១៩៩៦។ រហូតដល់អាណត្តិរបស់មេដឹកនាំតៃវ៉ាន់ លោក ឈិន ស៊ុយ បៀន (Chen Shui-bian) មកពីគណបក្ស វឌ្ឍនភាព ប្រជាធិបតេយ្យ (DPP) ទើបចលនាក្រុមផ្ដាច់ខ្លួនចង់ឱ្យតៃវ៉ាន់មានឯករាជ្យភាពកាន់តែរីកសុសសាយដែលនេះ ជាកត្តា មួយជំរុញឱ្យចិនបង្កើតប្រឆាំងការផ្ដាច់ទឹកដីនៅឆ្នាំ២០០៥។ តែទោះជាច្បាប់នេះត្រូវបានអនុម័តក៏ដោយ ក៏ទីក្រុងប៉េកាំងនៅតែជឿដដែលថា <<គំនិតបង្កើតរដ្ឋ២ ដាច់ដោយឡែកនេះ>> នៅតែមាននៅក្នុងគំនិតមេដឹកនាំតៃវ៉ាន់ ក្រោមការដឹកនាំនៃរដ្ឋាភិបាលគណបក្ស DPP របស់លោកស្រី តៃ្ស អ៉ីងវិន បើទោះជាលោកស្រី ត្សៃ ផ្ទាល់ធ្លាប់អះអាងថាតៃវ៉ាន់មិនចាំបាច់ប្រកាសឯករាជ្យនោះទេ ដ្បិតធាតុពិតតៃ វ៉ាន់បានឯករាជ្យពីចិនរួចទៅហើយក៏ដោយ។

ចំណែកឯ <<កម្លាំងអរិភាពទី២>> នោះគឺសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាមេរិកមួយចំនួន។ នៅក្រោយផ្ដាច់ទំនាក់ទំនងជាមួយតៃវ៉ាន់ក្នុងឆ្នាំ១៩៧៩ សហរដ្ឋអាមេរិក បានបង្កើតច្បាប់មួយដែលគេស្គាល់ជាទូទៅថា <<ច្បាប់ទំនាក់ទំនងតៃវ៉ាន់>>។ នៅក្រោមច្បាប់នេះ អាមេរិកអាចបន្តរក្សាទំនាក់ទំនងក្រៅផ្លូវការ និងលក់អាវុធឱ្យតៃវ៉ាន់ ដើម្បីពង្រឹងសមត្ថភាពការពារខ្លួន។ ប៉ុន្តែ ចិនយល់ថាច្បាប់ទំនាក់ទំនងតៃវ៉ាន់នេះ វាបានបង្ហាញឱ្យឃើញថាសហរដ្ឋអាមេរិកបានលូកលាន់កិច្ចការផ្ទៃក្នុងរបស់ចិន ហើយ ការបន្តលក់អាវុធឱ្យតៃវ៉ាន់គឺជាការគប់គិតរបស់សហរដ្ឋអាមេរិក ក្នុងការគំាទ្រដល់ចលនាផ្ដាច់ខ្លួនចង់ឱ្យតៃវ៉ាន់មានឯករាជ្យភាព ខណៈការបញ្ជូនជាន់ខ្ពស់ទាំងអតីត និងកំពុងកាន់តំណែងទៅកាន់កោះតៃវ៉ាន់ដោយអាមេរិក ជប៉ុន អូស្ត្រាលី និងប្រទេសជាសមាជិកសហភាពអឺរ៉ុប ក៏បានធ្វើឱ្យចិនខឹងសម្បារដែរពីព្រោះថាទាំងការលក់ អាវុធ និងដំណើរទស្សនកិច្ចបែបនេះ ចិនចាត់ទុកថាជា <<ទង្វើបំពានគោលនយោបាយចិនតែមួយ>>។ ដូច្នេះការបង្កើនសកម្មភាពយោធាជាញឹកញាប់នៅក្បែរ ឬជុំវិញ ច្រកសមុទ្រតៃវ៉ាន់ ជាការបង្ហាញសមត្ថភាព និងការប្ដេជ្ញាចិត្តកំញើញប្រទេសដទៃឱ្យនៅឱ្យឆ្ងាយពីបញ្ហាតៃវ៉ាន់។

* តួនាទីនៃកងទ័ពរំដោះប្រជាជនចិន (PLA)ការមិនបោះបង់ចោលគំនិតប្រើកម្លាំងយោធាលើតៃវ៉ាន់ ជាកម្លាំងចលករលើកទឹកចិត្តដល់ការធ្វើទំនើបកម្ម និងការធ្វើកំណែទម្រង់យោធាចិន។ ក្នុងវិបត្តិច្រកសមុទ្រ តៃវ៉ាន់លើកទី៣ សមត្ថភាពយោធាអាមេរិក នៅពេលនោះមានប្រៀបខ្លាំងជាងចិនឆ្ងាយណាស់ ដែលធ្វើឱ្យចិនត្រូវបង្ខំចិត្តត្រូវដកថយរហូត នៅពេលត្រូវប្រឈមមុខ ជាមួយយោធាអាមេរិក។ ប៉ុន្តែ តាមរយៈបទពិសោធន៍នេះ ចិនបានធ្វើកំណែទម្រង់ និងទំនើបកម្មយោធាយ៉ាងឆាប់រហ័ស និងកំពុងផ្ដោតលើការអភិវឌ្ឍ <<យុទ្ធសាស្ត្រ ទប់ស្កាត់មិនឱ្យចូលទឹកដី>> ដែលអាចផ្ដល់ជម្រើសឱ្យចិនយ៉ាងទូលំទូលាយក្នុងការបំបាក់ស្មារតី កំញើញ និងបំបាក់អន្តរាគមន៍យោធាពីជនទី៣ណាមួយក្នុងករណីដែល ចិនសម្រេចប្រើកម្លាំងយោធាលើតៃវ៉ាន់ ព្រមទាំងទប់ស្កាត់កុំឱ្យជម្លោះ ឬសង្រ្គាមនៅតៃវ៉ាន់ផ្ទុះទៅជាសង្រ្គាមក្នុងតំបន់ទាំងមូល។

* អត្ដសញ្ញាណរបស់តៃវ៉ាន់ចំណុចចុងក្រោយបំផុត ការចិញ្ចឹមចិត្តប្រើកម្លាំងយោធាលើតៃវ៉ាន់ បានបង្ហាញថាចិនមិនមានសមត្ថភាពយកឈ្នះលើទឹកចិត្តរបស់ប្រជាជនតៃវ៉ាន់ឡើយ។ អស់រយៈពេល ជាង៧០ឆ្នាំមកនេះ ទីក្រុងប៉េកាំងមិនអាចផ្ដល់ឱ្យ ឬក៏បញ្ចុះបញ្ចូលឱ្យប្រជាជនតៃវ៉ាន់ទទួលយកនូវក្របខណ្ឌណាមួយសម្រាប់ការបង្រួបបង្រួមជាតិនោះទេ។ តួយ៉ាង ការស្ទង់មតិបានបង្ហាញថាប្រជាជនតៃវ៉ាន់ពេញចិត្តនៅឱ្យឆ្ងាយពីចិនដីគោក និងមានគំនិតចង់ឱ្យតៃវ៉ាន់មានអត្តសញ្ញាណផ្ទាល់ខ្លួនដាច់ដោយឡែកពីចិន រឹតតែខ្លាំង។

លើសពីនេះទៅទៀត បើតាមការស្ទង់មតិចេញផ្សាយដោយសាកលវិទ្យាល័យជាតិឈិនជី (National Chengchi University) របស់តៃវ៉ាន់កាលពីខែមិថុនាកន្លងទៅ ប្រជាជនតៃវ៉ាន់ភាគច្រើនមិនចង់បង្រួបបង្រួមជាមួយចិនឡើយ ដោយក្នុងនោះមាន ៣០ភាគរយគាំទ្រឱ្យតៃវ៉ាន់ប្រកាសឯករាជ្យ និង៥៧ភាគរយ ពេញចិត្តនឹង ស្ថានភាពដើមសព្វថ្ងៃ ពោលគឺមិនចង់ឱ្យតៃវ៉ាន់ប្រកាសឯករាជ្យ ហើយក៏មិនចង់នៅក្រោមការគ្រប់គ្រងរបស់ចិនតាមរយៈនយោបាយ <<ប្រទេសមួយ ប្រព័ន្ធពីរ>> នោះដែរ។

កត្តានេះឯងដែលគួរតែចងចាំ នៅពេលដែលអ្នកនាំពាក្យកងទ័ពរំដោះប្រជាជនចិន (PLA) បាននិយាយថាសមយុទ្ធយោធារបស់ចិនកន្លងមក ជាការធ្វើសមយុទ្ធយោធា បណ្ដុះបណ្ដាលត្រៀមលក្ខណៈសម្រាប់ធ្វើសង្រ្គាម នៅក្នុងករណីដែលចិនមើលឃើញថា <<គោលការណ៍ចិនតែមួយ>> ត្រូវបានបំផ្លាញដោយតៃវ៉ាន់ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ពួកគេ។ ការប្រឹងប្រែងរបស់ចិនក្នុងការអភិវឌ្ឍសមត្ថភាពយោធា ជាពិសេសអាវុធនុយក្លេអ៊ែរ ច្បាស់ណាស់គឺមានគោលបំណងបង្កើតស្ថានភាពមួយ ដែល <<ឯករាជ្យភាពរបស់តៃវ៉ាន់ និងសង្រ្គាមលើកោះតៃវ៉ាន់>> កា្លយជារឿងដែលគេគ្រប់គ្នាមិនហ៊ាននឹកស្រមៃដល់ ហើយចិននឹងមិន ហើយមិនអាចបោះបង់ចោល ឡើយនូវការប្រើកម្លាំងយោធាដោះស្រាយបញ្ហាតៃវ៉ាន់៕







News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...