លោក វង្សី វិស្សុត ផ្តល់រង្វាន់ម៉ូតូ Zoomer X ចំនួន៤គ្រឿង ដល់សិស្សនិន្ទេស A នៅស្រុកមុខកំពូល ខេត្តកណ្តាល

Posted By: RoogRog Robot | 20-Jan-2022 12:11:43

2022-01-20 11:07am

(កណ្តាល)៖ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកមុខកំពូល ខេត្តកណ្តាល បានផ្តល់ម៉ូតូម៉ាក Zoomer X ចំនួន០៤ គ្រឿង ដើម្បីជាការលើកទឹកចិត្តដល់សិស្សដែលប្រឡងជាប់និន្ទេស A ចំនួន ០៤រូប នៅស្រុកមុខកំពូល ខេត្តកណ្តាល។

នាឱកាសនោះដែរ លោក វង្សី វិស្សុត បានចាត់ក្រុមការងារយុវជនជាតំណាងដើម្បីប្រគល់ម៉ូតូដល់សិស្សដែលប្រឡងជាប់និន្ទេស A ទាំង ០៤រូប នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ នៅវិទ្យាល័យជាស៊ីមព្រែកអញ្ចាញ ស្ថិតនៅក្នុងឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល និងបានជួបសំណេះសំណាលជាមួយបេក្ខជនប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២០-២០២១ និងសិស្សានុសិស្សប្រមាណជាង ៥០០នាក់ផងដែរ។

លោក វង្សី វិស្សុត បានសំដែងនូវការអបអរសាទរចំពោះក្មួយៗទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបានជោគជ័យជូនដល់គ្រួសារ និងសង្គមជាតិ ហើយក៏បានផ្តាំផ្ញើដល់ក្មួយៗខិតខំរៀននៅថ្នាក់ឧត្តមសិក្សាបន្តទៀត ដើម្បីក្លាយជាទំពាំងស្នងឬស្សី សម្រាប់ប្រទេសជាតិ និងជាធនធានមនុស្សដ៏សំខាន់ នាថ្ងៃខាងមុខ។ ដោយឡែកចំពោះក្មួយៗ ដែលពុំបានប្រលងជាប់ត្រូវធ្វើការសិក្សារៀនសូត្រឱ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីទទួលបានជោគជ័យនៅឆ្នាំក្រោយទៀត។ ក្រុមការងារក៏បានឧបត្ថម្ភថវិកាជូនដល់លោកគ្រូអ្នកគ្រូ និងសម្ភារសិក្សាមួយចំនួនដល់សិស្សានុសិស្សដែលចូលរួមផងដែរ។

នៅក្នុងឱកាសនោះដែរ លោក យី យ៉េន អភិបាលស្រុកមុខកំពូល និងក្នុងនាមលោកគ្រូអ្នកគ្រូ និងមាតាបីតាអាណាព្យាបាលសិស្ស សូមសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកមុខកំពូល ខេត្តកណ្តាល ដែលបានផ្តល់ម៉ូតូម៉ាក Zoomer X ចំនួន០៤ គ្រឿង ដើម្បីជាការលើកទឹកចិត្តដល់សិស្សដែលប្រឡងជាប់និន្ទេស A ទាំង ០៤រូប នៅស្រុកមុខកំពូល ខេត្តកណ្តាល៕





News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...