ទីប្រឹក្សាសម្តេចតេជោ ជួបអភិបាលខេត្តស៊ីសាកេតរបស់ថៃ ពិភាក្សាលើការតភ្ជាប់ និងជំរុញទេសចរណ៍ជាមួយកម្ពុជា

Posted By: RoogRog Robot | 24-Oct-2021 12:53:38

2021-10-24 11:49am

(ស៊ីសាកេត, ថៃ)៖ ក្នុងដំណើរបំពេញទស្សនកិច្ចនៅក្នុងប្រទេសថៃ លោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ កំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការតភ្ជាប់ទេសចរណ៍រវាងថៃ និងកម្ពុជា ដែលជាកត្តាគន្លឹះមួយក្នុងការជំរុញវិស័យទេសចរណ៍នៅកម្ពុជា។

នៅពេលថ្មីៗនេះលោកបណ្ឌិត សុខ សុក្រឹត្យា បានចុះទៅស្វែងយល់ពីសក្តានុពលទេសចរណ៍ក្នុងខេត្តស៊ីសាកេត ដែលជាខេត្តជាប់នឹងព្រំដែនប្រទេសកម្ពុជា ជាពិសេសមានច្រកព្រំដែនអន្តរជាតិជាមួយខេត្តឧត្តរមានជ័យ។ ក្នុងឱកាសនោះ លោក សុខ សុក្រឹត្យា ក៏បានចូលជួបលោក វឌ្ឍនា ពុទ្ធីឆាត អភិបាលខេត្តស៊ីសាកេត ដើម្បីពិភាក្សាពីការតភ្ជាប់ និងជំរុញវិស័យទេសចរណ៍រវាងខេត្តស៊ីសាកេត របស់ថៃ ជាមួយប្រទេសកម្ពុជា។

ដោយសារខេត្តស៊ីសាកេត ជាខេត្តមានសក្តានុពលទេសចរណ៍មួយរបស់ថៃ និងមានព្រំដែនជាប់កម្ពុជានោះ លោកបណ្ឌិត សុខ សុក្រឹត្យា បានមើលឃើញថាជាចំណុចដ៏ប្រសើរមួយសម្រាប់កម្ពុជាក្នុងការទាញយកអ្នកទេសចរណ៍ពីខេត្តមួយនេះចូលមកកម្ពុជា បើមិនកិច្ចសហប្រតិបត្តិការល្អរវាងខេត្តស៊ីសាកេត ជាមួយខេត្តសាក្តានុពលទេសចរណ៍នៅក្នុងប្រទេសកម្ពុជា ជាពិសេសខេត្តសៀមរាប។

ឈរលើស្មារតីនេះលោកបណ្ឌិត សុខ សុក្រឹត្យា បានលើកជាសំណើមួយចំនួនទៅកាន់អភិបាលខេត្តស៊ីសាកេត ដើម្បីជួយជំរុញអ្នកទេសចរមកកាន់កម្ពុជា រួមទាំងការអភិវឌ្ឍតំបន់ទេសចរណ៍តាមព្រំដែនរវាងខេត្តស៊ីសាកេត និងខេត្តរបស់កម្ពុជា ដែលជាប់ព្រំដែនគ្នា។

ក្នុងជំនួបនោះ លោកបណ្ឌិត សុខ សុក្រឹត្យា ក៏បានជម្រាបអភិបាលខេត្តស៊ីសាកេត អំពីគោលបំណងសហការជំរុញយុទ្ធនាការ <<ព្រះរាជាណាចក្រពីរ គោលដៅទេសចរណ៍តែមួយ>> តាមរយៈការរៀបចំបើកគម្រោង <<ទិដ្ឋាការមួយសម្រាប់ប្រទេសពីរ>> និងពិភាក្សាបន្ថែមអំពីកិច្ចសហការជាមួយខេត្តស៊ីសាកេត ក្នុងការបើកទិដ្ឋាការតែមួយដើម្បីទទួលទេសចរអន្តរជាតិចូលមកទស្សនាប្រទេសទាំងពីរកម្ពុជា-ថៃ។

លោកបណ្ឌិត ក៏បានជម្រាបអភិបាលខេត្តស៊ីសាកេតអំពីគម្រោងក្នុងការអភិវឌ្ឍគោលដៅទេសចរណ៍នៅកម្ពុជា ជាពិសេស នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តដាក់ឱ្យប្រើប្រាស់ផែនការមេអភិវឌ្ឍន៍ខេត្តសៀមរាបឆ្នាំ២០២១-២០៣៥។ ចំណុចនេះ លោកបានសម្លឹងឃើញឱកាសនៃការអភិវឌ្ឍផលិតផលទេសចរណ៍បែបជំនឿសាសនាដូចជាថ្វាយបង្គុមព្រះពុទ្ធរូបបុរាណ ៩វត្ត និងការគោរពបូជាបដិមារសក្តិសិទ្ធិ ៩ទីតាំង នៅតំបន់អង្គរ និងលើភ្នំគូលែនជាដើម។

ក្នុងជំនួបនេះ ក្រៅតែនិយាយទៅលើកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍វិស័យទេសចរណ៍ហើយនោះ លោក សុខ សុក្រឹត្យា ក៏បានស្នើអភិបាលខេត្តស៊ីសាកេត ពង្រឹង និងពង្រីកទំនាក់ទំនងពាណិជ្ជកម្ម ការផ្លាស់ប្តូរផលិតផលកសិកម្ម និងផលិតផលធុនតូច និងមធ្យម (SME) នៅតាមច្រកព្រំដែនកម្ពុជា-ថៃ, ពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងអន្តរជាតិរវាងថៃ-កម្ពុជា, ការតភ្ជាប់ និងការធ្វើសមាហរណកម្មវិស័យអប់រំ, សុខភាពសាធារណៈ និងការថែទាំសុខភាពប្រជាពលរដ្ឋ និងការជំរុញកិច្ចសហការលើវិស័យកីឡារវាងកម្ពុជា-ថៃ និងការផ្សព្វផ្សាយ និងអភិវឌ្ឍទីផ្សារតាមព្រំដែន និងការសម្រួលការដឹកជញ្ជូនទំនិញរវាងប្រទេសទាំងពីរ។

លោក សុខ សុក្រឹត្យា ក៏បានស្នើឱ្យមានកិច្ចសហការតាមដានស្ថានការណ៍រាតត្បាតជំងឺកូវីដ-១៩ នៅតាមច្រកព្រំដែនកម្ពុជា-ថៃផងដែរ។

ក្នុងកិច្ចពិភាក្សាប្រកបដោយភាពស្និទ្ធស្នាលនេះ លោក វឌ្ឍនា ពុទ្ធីឆាត បានគូសរំលេចថា បច្ចុប្បន្នក្រុមអ្នកទេសចរជនជាតិថៃ ចូលចិត្តធ្វើដំណើរឆ្លងកាត់ព្រំដែន ដែលជាប្រភេទទេសចរបែបផ្សងព្រេងឆ្ពោះទៅកាន់ខេត្តសៀមរាប តាមច្រកអន្តរជាតិជាំ-សាង៉ាំ ឬច្រកអន្តរជាតិជាំ ដែលជាច្រកផ្លូវសំខាន់មួយតភ្ជាប់ទៅកាន់គោលដៅទេសចរណ៍ដ៏ទាក់ទាញជាច្រើនក្នុងខេត្តសៀមរាប។ លោកអភិបាលខេត្តបន្ថែមថា ជាទូទៅក្រុមអ្នកទេសចរប្រភេទផ្សងព្រេងទាំងនោះ ចំណាយពេលស្នាក់នៅចាប់ពី ៣ថ្ងៃឡើងទៅ ដែលពួកគេមានការចំណាយខ្ពស់។

សូមបញ្ជាក់ថា ក្នុងជំនួបនោះ លោកបណ្ឌិត សុខ សុក្រឹត្យា ក៏បានស្នើអភិបាលខេត្តស៊ីសាកេត ជួយពិនិត្យលទ្ធភាពក្នុងការផ្តល់សេវាថែទាំសុខភាព និងសុវត្ថិភាពជូនប្រជាជនកម្ពុជាដែលរស់នៅតាមព្រំដែនកម្ពុជា-ថៃ និងពលករខ្មែរចំណាកស្រុកដែលកំពុងធ្វើការក្នុងខេត្តស៊ីសាកេតឱ្យដូចប្រជាជនថៃផងដែរ។

លោកបណ្ឌិត សុខ សុក្រឹត្យា ក៏បានជម្រាបអំពីភាពជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមរបស់សម្តេចតេជោ ហ៊ុន សែន និងការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចតេជោ ធ្វើឱ្យប្រទេសកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមបានចម្រើនលូតលាស់យ៉ាងល្អប្រសើរ។

លោកបណ្ឌិត សុខ សុក្រឹត្យា ក៏បានជម្រាបពីភាពជោគជ័យរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ លើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក៏ដូចជាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលនឹងជំរុញឱ្យប្រទេសកម្ពុជា ចាប់ផ្តើមបើកសកម្មភាពសេដ្ឋកិច្ចគ្រប់វិស័យ និងការទទួលយកភ្ញៀវទេសចរណ៍ឡើងវិញ៕









News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...