ប្រធានាធិបតីតួកគីចេញបញ្ជាបណ្តេញ ទូតរបស់អាមេរិកនិងប្រទេស៩ទៀត ក្រោយពួកគេទាមទារឲ្យដោះលែងអ្នកទោសនយោបាយ

Posted By: RoogRog Robot | 24-Oct-2021 10:54:01

2021-10-24 09:47am

(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្កាន់ (Tayyip Erdogan) កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ បានឲ្យដឹងថា លោកបានដាក់បញ្ជាឲ្យក្រសួងការបរទេសតួកគី រៀបចំបណ្តេញឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិច៩ផ្សេងទៀត សម្រាប់ការដែលពួកគេបានរួមគ្នាទាមទារឲ្យដោះលែង អ្នកទោសនយោបាយ លោក អូស្មាន់ កាវ៉ាឡា (Osman Kavala)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៤ ខែតុលា ឆ្នាំ២០២១។

លោក កាវ៉ាឡា បានជាប់ឃុំខ្លួនក្នុងពន្ធនាគារ អស់រយៈពេល៤ឆ្នាំមកហើយ ក្រោមការចោទប្រកាន់ពីបទផ្តល់ហិរញ្ញវត្ថុ ដល់សកម្មភាពបាតុកម្មទ្រង់ទ្រាយធំនៅទូទាំងប្រទេសតួកគី កាលពីឆ្នាំ២០១៣ និងបទជាប់ពាក់ព័ន្ធក្នុងគម្រោងរដ្ឋប្រហារបរាជ័យ លើរដ្ឋាភិបាលលោក អឺដូហ្កាន់ កាលពីឆ្នាំ២០១៦។

ក្នុងសេចក្តីថ្លែងការណ៍រួមមួយ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ឯកអគ្គរដ្ឋទូតកាណាដា ដាណឺម៉ាក បារាំង អាល្លឺម៉ង់ នែដឺលែន ន័រវែស ស៊ុយអែត ហ្វាំងឡង់ នូវែលសេឡង់ និងសហរដ្ឋអាមេរិក បានអំពាវនាវឲ្យមានដំណោះស្រាយយុត្តិធម៌និងចាប់រហ័ស ចំពោះសំណុំរឿងលោក កាវ៉ាឡា និងស្នើឲ្យមានការដោះលែងលោកជាបន្ទាន់។

គួរបញ្ជាក់ថា ក្នុងចំណោមក្រុមឯកអគ្គរដ្ឋទូតខាងលើ មាន៧រូប តំណាងឲ្យប្រទេសដែលជាសម្ពន្ធមិត្តអង្គការ NATO របស់តួកគី ហើយប្រសិនបើបញ្ជារបស់លោក អឺដូហ្កាន់ ត្រូវបានអនុវត្តពិតមែននោះ វានឹងបង្កការប្រេះឆាយ៉ាងធំបំផុតជាមួយលោកខាងលិច នៅក្នុងរយៈពេលកាន់អំណាចប្រមាណ១៩ឆ្នាំ របស់លោក អឺដូហ្កាន់៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...