មន្ត្រីជាន់ខ្ពស់អាកាសចរស៊ីវិល៖ ដំណើរការបើកសាកល្បងព្រលានយន្តហោះតារាសាគរ ខេត្តកោះកុង អាចនឹងត្រូវពន្យារពេលទៅដើមឆ្នាំក្រោយ

Posted By: RoogRog Robot | 22-Sep-2021 14:29:31

2021-09-22 01:23pm

(ភ្នំពេញ)៖ លោក ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានប្រាប់អង្គភាព Fresh News នៅថ្ងៃទី២២ ខែកញ្ញានេះថា អាកាសយាន្តដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុង ដែលនឹងបញ្ចប់ការសាងសង់ នៅខែតុលាខាងមុខដ៏ខ្លីនេះ ហើយគ្រោងបើកដំណើរការសាកល្បងនៅខែធ្នូ ឆ្នាំ២០២១នេះ អាចនឹងត្រូវពន្យារពេលរហូតដល់ដើមឆ្នាំ២០២២វិញ។

ការពន្យារពេលបើកដំណើរការសាកល្បងនេះ ដោយសារតែក្រោយការវាយតម្លៃ ត្រួតពិនិត្យចុងក្រោយរបស់ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មើលឃើញថា មានការងារខ្លះនៅសេសសល់ ដែលក្រុមហ៊ុនត្រូវការពេលវេលាបន្ថែមទៀតក្នុងការបំពេញ ដូចជាការផ្តល់ព័ត៌មាន និងឯកសារ ពាក់ព័ន្ធនឹងសុវត្ថិភាព មុននឹងអាកាសចរណ៍ស៊ីវិលផ្សាយជាផ្លូវការ។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា <<គាត់ត្រៀមខ្លួនរួចអស់ហើយ ប៉ុន្តែតាមការត្រួតពិនិត្យ និងវាយតម្លៃរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល គាត់អាចត្រូវការពេលវេលាបន្ថែមបន្តិចទៀត ដើម្បីបើកប្រតិបត្តិការសាកល្បង អីចឹងផែនការបើកអាចធ្វើនៅចុងខែធ្នូនេះ ឬអាចរំកិលទៅដើមឆ្នាំក្រោយ>>។

ព្រលានយន្ដហោះតារាសាគរ ស្ថិតក្នុងស្រុកបុទមសាគរ ខេត្តកោះកុង ជាវិនិយោគដោយក្រុមហ៊ុនចិន Union Development Group លើទំហំទឹកប្រាក់១៥០លានដុល្លារ ជាការវិនិយោគសម្រាប់គាំទ្រ ដល់វិស័យទេសចរណ៍។

ដោយឡែកសម្រាប់ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីវិញ មកទល់បច្ចុប្បន្ននេះបានប្រមាណ៤៥%ហើយ នឹងគ្រោងបញ្ចប់ការសាងសង់ នៅចុងឆ្នាំ២០២២ខាងមុខនេះ បើទោះបីជាខេត្តទេសចរណ៍មួយនេះ កំពុងប្រឈមមុខនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ដែលឈានទៅដល់ការបិទខ្ទប់ផ្នែកខ្លះក៏ដោយ។

លោក ស៊ិន ចាន់សិរីវុត្ថា បានគូសបញ្ជាក់ថា បើទោះបីជាខេត្តនេះ កំពុងស្ថិតក្នុងការខ្ទប់ក៏ដោយ ប៉ុន្តែមិនបានប៉ះពាល់ដល់ដំណើរការនៃសាងសង់ឡើយ ដោយកម្មករនៅតែបំពេញការងារបានដូចដើម គ្រាន់តែដំណើរការយឺតតិចតួច។

ខណៈពេលដែលអាកាសយានដ្ឋាននេះ ដំណើរការសាងសង់បានជិតពាក់កណ្តាល បញ្ហាដែលកំពុងប្រឈមមុខ គឺការកង្វះទឹកស្អាតសម្រាប់ផ្គត់ផ្គង់ ដោយសារទីតាំងអាកាសយានដ្ឋានថ្មីនេះ មានចម្ងាយឆ្ងាយពីក្រុងសៀមរាប ប្រមាណ៥០គីឡូម៉ែត្រ ដែលពិបាកដល់ការផ្គត់ផ្គង់ទឹក។ ប៉ន្តែបញ្ហានេះត្រូវបានដោះស្រាយ ដោយក្រុមហ៊ុនបានវិនិយោគនូវទឹកប្រាក់ប្រមាណ១៣លានដុល្លារ តភ្ជាប់បណ្តាញទឹកពីក្រុងសៀមរាប មកទីតាំងសាងសង់។

អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ត្រូវបានសាងសង់លើផ្ទៃដី៧០០ហិកតា ក្នុងស្រុកសូត្រនិគម មានចម្ងាយប្រមាណ៥០គីឡូម៉ែត្រពីក្រុងសៀមរាប និង៤០គីឡូម៉ែត្រពីអាកាសយានដ្ឋានចាស់។ អាកាសយានដ្ឋានថ្មីនេះ វិនិយោគដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) វិនិយោគជាលក្ខណៈ BOT រយៈពេល៥៥ឆ្នាំ៕






News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...