តំណាងឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន នាំយកអំណោយប្រគល់ជូនពលរដ្ឋ១១០គ្រួសារ ដែលមានជីវភាពខ្វះខាត នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

Posted By: RoogRog Robot | 08-May-2021 23:12:22

2021-05-08 10:08pm

(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១នេះ លោក អ៊ុក សារុន អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចុះចែកអំណោយសប្បុរសធម៌សម្រាប់ចូលបួសក្នុងខែរ៉ាម៉ាឌន ដល់បងប្អូនមានជីវភាពខ្វះខាតចំនួន១១០គ្រួសារ នៅភូមិដំណាក់ព្រីង ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

មានមតិសំណេះសំណាលនាឱកាសនោះ លោក អ៊ុក សារុន បានកោតសរសើរ និងថ្លែងអំណរគុណដល់រដ្ឋាភិបាលប្រទេសអាមីរ៉ាតអារ៉ាប់រួម ដែលតែងតែចូលរួមផ្ដល់ជំនួយមនុស្សធម៌នានា តាមរយៈលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

លោកបន្ដថា ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំទើបធ្វើឲ្យប្រទេសអេមីរ៉ាតអារ៉ាប់រួម និងប្រទេសកម្ពុជា មានកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យផងដែរ។

លោក អ៊ុក សារុន លើកឡើងទៀតថា សូមប្រជាពលរដ្ឋចូលរួមថែរក្សាសុខសន្តិភាព ដែលធ្វើឱ្យយើងរស់រានមានជីវិត និងមានសេរីភាពដូចសព្វថ្ងៃដែល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានតស៊ូព្យាយាមបានមកដោយលំបាក ហើយកុំជឿតាមពាក្យញុះញង់ពីសំណាក់ជនអគតិមួយចំនួន។

លោកក៏បានណែនាំឲ្យប្រជាពលរដ្ឋឲ្យចូលរួមក្នុងការទប់ស្កាត់រីករាលដាលជំងឺកូវីដ១៩ និងអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដែលបានដាក់ចេញ គឺ <<៣ការពារ និង៣កុំ>> ឲ្យបានជាកំហិតដើម្បីប្រាកដថា ខ្លួនយើង គ្រួសារយើង និងសង្គមជាតិរបស់យើងទាំងមូល រួចផុតពីការរាតត្បាត នៃជំងឺដ៏កាចសាហាវនេះ។

អំណោយទាំងនេះ ជាការឧបត្ថម្ភពីអឌ្ឍចន្ទក្រហមអេមីរ៉ាត នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម តាមរយៈស្ថានទូតប្រទេសអេមីរ៉ាតអារ៉ាប់រួមប្រចាំកម្ពុជា ផ្តល់ជូនលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយអង្គការមុស្លិមអភិវឌ្ឍន៍សង្គម ដោយក្នុងកញ្ចប់នីមួយៗមាន អង្ករ១០គីឡូក្រាម, មី២៥កញ្ចប់, ទឹកដោះគោ២កំប៉ុង, ស្ករស២គីឡូក្រាម, ទឹកក្រូចមួយដបចំណុះ ១.៥លីត្រ និងប្រេងឆាមួយលីត្រ។

ជាមួយគ្នានេះ ក៏បានផ្ដល់សម្លៀកបំពាក់មួយចំនួនដល់ក្មេងៗ គ្រួសារក្រីក្រ និងកុមារកំព្រាចំនួន១០០នាក់ ដែលម្នាក់ៗទទួលបានខោអាវមួយកំផ្លេ ក្រណាត់ក្រាលថ្វាយបង្គំ និងសម្ភារៈមួយចំនួនទៀត៕
















News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...