នាយករដ្ឋមន្រ្តីឥណ្ឌា ទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទីពីរ ខណៈឥណ្ឌារកឃើញករណីឆ្លងថ្មីៗជាង ១២ម៉ឺននាក់ទៀត ក្នុង១ថ្ងៃ

Posted By: RoogRog Robot | 08-Apr-2021 15:42:06

2021-04-08 02:37pm

(ញូដេលី)៖ នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សម្រាប់ដូសទី២ហើយ ខណៈប្រទេសនេះ ឈានដល់ចំណុចកំពូលមួយទៀត នៅថ្ងៃព្រហស្បតិ៍នេះ ដោយបានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីៗចំនួន ១២៦,៧៨៩ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែមេសា ឆ្នាំ២០២១។

លោក Narendra Modi បានបង្ហោះសារនៅលើគណនីបណ្ដាញសង្គម Twitter របស់លោកថា <<ការចាក់វ៉ាក់សាំង គឺស្ថិតក្នុងចំណោមវិធីមួយចំនួនដែលយើងមាន ដើម្បីកម្ចាត់ជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ។ ប្រសិនបើអ្នកមានសិទ្ធិទទួលការចាក់វ៉ាក់សាំង សូមមកទទួលការចាក់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន>>។ លោក Narendra Modi បានទទួលការចាក់វ៉ាក់សាំងសម្រាប់ដូសដំបូងរបស់លោក កាលពីថ្ងៃទី០១ ខែមីនា។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌា បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួនកាលពីខែមករា។ រហូតមកដល់ពេលនេះ ក្រុមបុគ្គលិកសុខាភិបាល និងជនជាតិឥណ្ឌាដែលមានអាយុលើសពី៤៥ឆ្នាំ សរុបជាង ៩០លាននាក់ហើយ បានទទួលការចាក់វ៉ាក់សាំងយ៉ាងហោចណាស់ សម្រាប់ដូសដំបូងរបស់ពួកគេរួចរាល់ហើយ ប៉ុន្តែមានតែ ១១លាននាក់ប៉ុណ្ណោះក្នុងចំណោមពួកគេ ដែលបានទទួលការចាក់វ៉ាក់សាំងសម្រាប់ដូសទី២ ខណៈប្រទេសឥណ្ឌា កំពុងព្យាយាមកសាងភាពស៊ាំជារួម ដើម្បីការពារប្រជាជនជិត ១.៤ពាន់លាននាក់របស់ខ្លួន៕




News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...