បទអត្ថាធិប្បាយ៖ ការជួយលុបបំបាត់ភាពក្រីក្រដោយចំគោលដៅ ចាំបាច់ត្រូវរកមធ្យោបាយដ៏ត្រឹមត្រូវ

Posted By: RoogRog Robot | 08-Apr-2021 13:57:50

2021-04-08 01:55pm

(ប៉េកាំង)៖ ភាពក្រីក្រមានគ្រប់បែបយ៉ាង ហើយការលំបាកក៏មានសភាពច្រើនបែបយ៉ាងដែរ។ ការជួយលុបបំបាត់ភាពក្រីក្រ ដោយចំគោលដៅ ពោលគឺត្រូវស្វែងយល់ឱ្យបានច្បាស់នូវ ហេតុផលពិតប្រាកដ ដែលបណ្តាលឱ្យមានភាពក្រីក្រ ហើយធានាជាក់លាក់ ឱ្យជួយលុបបំបាត់ភាពក្រីក្រពិតប្រាកដ និងធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងប្រាកដប្រជា។

ចំពេលវេលាគន្លឹះ នោះគឺឱកាសអបអរទទួលខួបទី១០០ នៃការបង្កើតបក្សកុម្មុយនិស្តចិន ប្រជាជនក្រីក្រចំនួន១០០លាននាក់ ដែលស្ថិតនៅក្រោមខ្សែបន្ទាត់ស្តង់ដារបច្ចុប្បន្ន បានបម្រះខ្លួនចេញផុតពីភាពក្រីក្រដាច់ខាត ដែលវាសម្រេចបាននូវ គោលដៅកាត់បន្ថយភាពក្រីក្រ នៃរបៀបវារៈអភិវឌ្ឍន៍ជានិរន្តរភាពឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ មុនពេលកំណត់១០ឆ្នាំ ដោយឡែក យុទ្ធនាការពុះពារឧបសគ្គ ក្នុងការលុបបំបាត់ភាពក្រីក្ររបស់ប្រទេសចិន ទទួលបានជោគជ័យដោយគ្រប់ជ្រុងជ្រោយ។

តើហេតុអ្វីបានជាប្រទេសចិន អាចទទួលបានសមិទ្ធផលដ៏អស្ចារ្យ ក្នុងកិច្ចការកាត់បន្ថយភាពក្រីក្រជាសកល ដែលគួរឱ្យកត់សម្គាល់ យុទ្ធសាស្ត្រស្តីពីការជួយលុបបំបាត់ភាពក្រីក្រដោយចំគោលដៅ បានដើរតួនាទីដែលមិនអាចជំនួសបាន។ អាចនិយាយបានថា ការជួយលុបបំបាត់ភាពក្រីក្រដោយចំគោលដៅគឺជា <<លេខសម្ងាត់>> សម្រាប់ឱ្យកិច្ចការជួយលុបបំបាត់ភាពក្រីក្រ ទទួលបានជោគជ័យ។

សំដៅចំពោះចំនួនប្រជាជនក្រីក្រ កម្រិតក្រីក្រ និងមូលហេតុបណ្តាលឱ្យកើតមាន ភាពក្រីក្រនៃតំបន់ក្រីក្រនានាជាដើម រដ្ឋាភិបាលចិនបានគ្រោងផែនការ តាមសភាពការណ៍ខុសគ្នាក្នុងតំបន់នានា ហើយនិងអនុវត្តគោលនយោបាយដោយចំគោលដៅ បានកំណត់រូបមន្តជួយលុបបំបាត់ភាពក្រីក្រជាច្រើន ដូចជាការជួយលុបបំបាត់ភាំពក្រីក្រ តាមរយៈវិទ្យាសាស្ត្រនិងបច្ចេកទេស ការអប់រំ ពាណិជ្ជកម្មអេឡិចត្រូនិច ទេសចរណ៍ និងហិរញ្ញវត្ថុជាដើម។

ដូចនេះ តំបន់ក្រីក្រជាច្រើននៃប្រទេសចិន បានរកបានផ្លូវត្រឹមត្រូវដែលឆ្ពោះទៅរក ការបម្រះខ្លួនចេញផុតពីភាពក្រីក្រ និងមានជីវភាពរស់នៅកាន់តែធូរធារ។ នាពេលថ្មីៗកន្លងទៅនេះ កសិផលរបស់ភូមិ Qiliang ឃុំ Shuangxi ស្រុក Panan ក្រុង Jinhua ខេត្ត Zhejiang បានលក់ដាច់ណាស់ ដោយសារការផ្សាយផ្ទាល់ ធ្វើបទបង្ហាញនិងដាក់លក់តាមអនឡាញ។

សត្វមាន់ដែលចិញ្ចឹមនៅជនបទ និងផ្សិតដ៏ឈ្ងុយឆ្ងាញ់ បានក្លាយជាកសិផលលក់ដាច់បំផុត ក្នុងការផ្សាយផ្ទាល់លក់តាមអនឡាញ។ ក្រុមការងារផ្សាយផ្ទាល់លក់ចំណីអាហារតាមអនឡាញ ដែលមកពីក្រុង Hangzhuo បានលក់ដូរកសិផលពិសេសរបស់ភូមិ Qiliang ទៅដល់តំបន់នានានៃប្រទេសចិន តាមរយៈបណ្តាញ 5G និងបណ្តាញ broadband ដែលអាចប្រើប្រាស់ដោយរលូន ប្រការនេះស្វែងរកបានវិធីលក់ដូរថ្មី សម្រាប់កសិផលដែលមានគុណភាពខ្ពស់ក្នុងតំបន់នេះ។ អេក្រង់តូចៗបានដើរតួនាទីធំៗ ធ្វើឱ្យកសិផលពិសេសនីមួយៗ អាចត្រូវលក់ចេញពីភ្នំជ្រៅ។

អ្នកភូមិជាច្រើននៃតំបន់ Qujialing ក្រុង Jinzhou ខេត្ត Hubei រកបានផ្លូវបម្រះខ្លួនចេញពីភាពក្រីក្រ និងមានជីវភាពរស់នៅធូរធារបង្គួរ ដោយសារការជួយលុបបំបាត់ភាពក្រីក្រ តាមរយៈវិទ្យាសាស្រ្តនិងបច្ចេកទេស។ កាលពីមុន អ្នកភូមិភាគច្រើននៃតំបន់ Qujialing បានធ្វើស្រែដាំដំណាំស្រូវនិងពោត ប្រាក់ចំណូលប្រចាំឆ្នាំគិតជាមធ្យម ក្នុងមនុស្សម្នាក់ៗមិនដល់២ពាន់យាន់ប្រាក់ចិន។

ក្រោមការជួយឧបត្ថម្ភដោយគោលនយោបាយយកឈ្នះលើឧបសគ្គ ក្នុងការលុបបំបាត់ភាពក្រីក្ររបស់រដ្ឋបាល ភូមិ Qujialing បានខំប្រឹងដាំមើមឈូក ហើយបានបង្កើតខ្សែសង្វាក់កែឆ្នៃផលិតផល បច្ចុប្បន្ននេះ ប្រាក់ចំណូលប្រចាំខែ ក៏បានឡើងដល់ជាង ៣ពាន់យាន់ប្រាក់ចិនហើយ ផលិតផលមើមឈូកបានលក់ទៅកាន់ តំបន់នានានៃប្រទេសចិន។

ខណៈពេលប្រទេសចិនសម្រេចបាននូវ ភារកិច្ចពុះពារឧបសគ្គក្នុងការលុបបំបាត់ភាពក្រីក្រ តាមពេលកំណត់ និងកម្រិតជីវភាពរស់នៅ របស់ប្រជាជន ដែលបានបម្រះខ្លួនចេញពីភាំពក្រីក្រ ក៏ត្រូវបានលើកកម្ពស់យ៉ាងលេចធ្លោផងដែរ ឧទាហរណ៍ដូចពោលខាងលើរាប់មិនអស់។ ការពុះពារឧបសគ្គ ក្នុងការលុបបំបាត់ភាពក្រីក្រ សំខាន់គឺត្រូវធ្វើចំគោលដៅ ហើយតើអាចទទួលបានជោគជ័យឬអត់ ក៏សម្រេចដោយការអនុវត្តដោយចំគោលដៅផងដែរ។

ទន្ទឹមនឹងយុទ្ធនាការពុះពារឧបសគ្គ ក្នុងការលុបបំបាត់ភាពក្រីក្រទទួលបានជោគជ័យ នៅតំបន់កាន់តែច្រើនឡើងៗ អត្ថន័យនិងឥទ្ធិពល នៃយុទ្ធនាការពុះពារឧបសគ្គ ក្នុងការលុបបំបាត់ភាពក្រីក្រ ក៏ត្រូវបានផ្សព្វផ្សាយទៅដល់បរទេសផងដែរ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ គម្រោងជួយឧបត្ថម្ភកាត់បន្ថយភាពក្រីក្រ ដែលសហការដោយប្រទេសចិននិងកម្ពុជា ទទួលបានការវិវឌ្ឍរីកចម្រើនឥតឈប់ឈរ បទពិសោធន៍កាត់បន្ថយភាពក្រីក្ររបស់ប្រទេសចិន បានផ្តល់ផលប្រយោជន៍ដល់ជនបទកម្ពុជា។

លោក កឹមរ័ត្ន វិសិដ្ឋ ប្រធាននៃវេទិកាសម័្ពន្ធសង្គមស៊ីវិលកម្ពុជាបានថ្លែងថា រដ្ឋាភិបាលចិននិងអង្គការស៊ីវិលនៃប្រទេសចិន បានផ្តល់ជំនួយដ៏មានតម្លៃ និងតាមវិធីគ្រប់បែបយ៉ាងដល់ប្រទេសកម្ពុជា ដែលបានផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមក្នុងតំបន់។

ដោយឡែក តាំងពីគម្រោងជំនួយបច្ចេកទេស ក្នុងការកាត់បន្ថយភាពក្រីក្រ នៅប្រទេសកម្ពុជាដែលឧបត្ថម្ភដោយប្រទេសចិន បានចាប់ផ្តើមអនុវត្តនៅភូមិស្វាយអំពារ និងភូមិឈើទាលភ្លោះ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាលមក ដោយគិតពិចារណាពី សភាពការណ៍ជាក់ស្តែងក្នុងតំបន់ ក្រុមអ្នកជំនាញចិនបានលើកទឹកចិត្តឱ្យ អ្នកភូមិដែលមានដីធ្លីដាំផ្សិត។

កម្ពុជាស្ថិតនៅតំបន់ក្តៅ ដូច្នេះបើដាំផ្សិតក្នុងរោងសីតុណ្ហភាពខ្ពស់ នោះអាចបានផលបីរដូវក្នុងមួយឆ្នាំ ហើយអាចទទួលបានកំរៃយ៉ាងច្រើន។ ក្រុមអ្នកជំនាញក៏បានចាត់ចែងឱ្យ អ្នកភូមិបង្កើតរោងចក្រផលិតសាប៊ូលាងចានចំនួន២ តាមទម្រង់យកដីធ្លីរបស់ខ្លួនចូលហ៊ុន។

បច្ចុប្បន្ននេះ រោងចក្រទាំងពីរនេះ អាចផលិតសាប៊ូលាងចានចំនួន៥០,០០០ដបក្នុងមួយឆ្នាំ ហើយតម្លៃផលិតផលប្រចាំឆ្នាំ អាចឡើងដល់១៥,០០០ដុល្លារអាមេរិក។ ដោយឡែក ដើម្បីដោះស្រាយបញ្ហាខាងទឹកផឹក ក្រុមអ្នកជំនាញបានរៀបចំអ្នកភូមិកសាងប៉មទឹក ជីកអណ្តូងទឹក និងក្រាលបំពង់បញ្ជូនទឹក ធ្វើឱ្យអ្នកភូមិចំនួនជិត៤,០០០នាក់ អាចប្រើប្រាស់បានទឹកស្អាត។

សច្ចធម៌មិនឯកោទេ ពិភពលោកទាំងមូលគឺជាមហាគ្រួសារតែមួយ។ ការអនុវត្តជាក់ស្តែងដ៏ជោគជ័យរបស់ប្រទេសចិន ក្នុងការកាត់បន្ថយភាពក្រីក្រ មិនត្រឹមតែធ្វើឱ្យប្រជាជនទូទាំងប្រទេសចិន ដើរតាមផ្លូវមានភាពសម្បូរសម្បាយជាមួយគ្នាប៉ុណ្ណោះទេ ថែមទាំងក៏បានផ្តល់ជម្រើសថ្មី ដល់ប្រទេសមួយចំនួននៅលើពិភពលោក ដែលបានចង់ទទួលបាន ការអភិវឌ្ឍយ៉ាងឆាប់រហ័សផងដែរ៕






News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...