ឥណ្ឌូណេស៊ី រកឃើញវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីមានប្រភពដើមពីចក្រភពអង់គ្លេស ២ករណី

Posted By: RoogRog Robot | 02-Mar-2021 18:39:57

2021-03-02 05:31pm

(ហ្សាការតា)៖ ឥណ្ឌូណេស៊ី នៅថ្ងៃអង្គារនេះបានប្រកាសពីការរកឃើញនូវករណីឆ្លងវីរុស COVID-19 បំប្លែងខ្លួនថ្មី ដែលមានប្រភពដើមមកពីចក្រភពអង់គ្លេសចំនួន០២ករណី ខណៈប្រទេសនេះកំពុងព្យាយាមទប់ស្កាត់ការផ្ទុះឡើងនៃវីរុសឆ្លងដ៏កាចសាហាវបំផុតមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃអង្គារ ទី០២ ខែមីនា ឆ្នាំ២០២១។

អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលឥណ្ឌូណេស៉ី លោក ដាន់តេ សាក់សូណូ ហាបូវូណូ (Dante Saksono Harbuwono) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានដូច្នេះថា៖ <<ការរកឃើញនូវករណីឆ្លងវីរុស COVID-19 បំប្លែងខ្លួនថ្មីនេះគឺជាបញ្ហាប្រឈមថ្មីមួយ។ យើងនឹងប្រឈមចំពោះវីរុសឆ្លងរាតត្បាតដ៏កាចសាហាវនេះ ជាមួយនឹងកម្រិតលំបាកបំផុត>>។

ជុំវិញបញ្ហានេះ អ្នកស្រាវជ្រាវហ្សែននៅរដ្ឋធានីហ្សាការតា (Jakarta) លោក រីហ្សា ពូត្រាន់តូ (Riza Putranto) បានអំពាវនាវឱ្យមានការបង្កើនការឃ្លាំមើលហ្សែន នៅក្នុងប្រទេសឥណ្ឌូណេស៊ី និងការប្រកាន់ខ្ជាប់នូវពិធីសារសុខភាព ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 បំប្លែងខ្លួនថ្មីនេះ។

លោក Putranto បានបន្ថែមដូច្នេះថា៖ <<យើងត្រូវការកិច្ចសហការគ្រប់ជ្រុងជ្រោយពីអ្នកពាក់ព័ន្ធជាច្រើន ដើម្បីកាត់បន្ថយផលប៉ះពាល់នៃវីរុស COVID-19 បំប្លែងខ្លួនថ្មីនេះនៅក្នុងប្រទេសឥណ្ឌូណេស៊ី ខណៈដែលករណីឆ្លងប្រចាំថ្ងៃបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ពោលគឺមានន័យថាភាគរយនៃមនុស្សដែលត្រូវបានគេ ធ្វើតេស្តរកឃើញថាមានវីរុសនេះនៅសប្តាហ៍មុន មានត្រឹមប្រហែល ២០ភាគរយប៉ុណ្ណោះ>>។

គួរបញ្ជាក់ថា វីរុស COVID-19 បំប្លែងខ្លួនថ្មី ដែលមានប្រភពដើមមកពីចក្រភពអង់គ្លេសនេះក៏ត្រូវបានគេរកឃើញនៅក្នុងបណ្ដាប្រទេសដទៃទៀត នៅអាស៊ីអាគ្នេយ៍ផងដែរ ក្នុងនោះរួមមានប្រទេសវៀតណាម និងហ្វីលីពីន៕




News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...