បទវិភាគអន្តរជាតិ៖ ហេតុអ្វីលោក ចូ បៃដិន មិនហ៊ានដាក់ទណ្ឌកម្មលើព្រះអង្គម្ចាស់ ប៊ិន សាល់ម៉ាន?

Posted By: RoogRog Robot | 02-Mar-2021 17:51:16

2021-03-02 04:46pm

(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃចន្ទសប្ដាហ៍នេះបានការពារការសម្រេចចិត្តរបស់ខ្លួនដោយមិនដាក់ទណ្ឌកម្មលើរាជទាយាទ អារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ មហាំម៉ាត់ ប៊ិន សាល់ម៉ាន ជុំវិញសំណុំរឿងឃាតកម្មនៃអតីតអ្នកកាសែតលោក ចាម៉ាល់ ខាសូកជី (Jamal Khashoggi)។ លោក ចាម៉ាល់ ខាសូកជី ត្រូវបានគេសម្លាប់នៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ប្រចាំទីក្រុងអ៉ីស្ដង់ប៊ូល ប្រទេសតួកគីកាលពីឆ្នាំ២០១៨។

ក្រសួងការបរទេសអាមេរិកកាលពីថ្ងៃទី២៦ ខែកុម្ភៈកន្លងទៅបានដាក់ទណ្ឌកម្មលើជនជាតិអារ៉ាប៊ីសាអូឌីត៧៦នាក់ ដោយហាមឃាត់ពួកគេចូលមកក្នុងទឹកដីអាមេរិក ហើយក្រសួងហិរញ្ញវត្ថុអាមេរិកក៏បានដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុលើមន្ត្រីអារ៉ាប៊ីសាអូឌីតដែលជាប់ពាក់ព័ន្ធនឹងឃាតកម្មលើលោក ខាសូកជីផងដែរ។ ប៉ុន្តែនៅក្នុងបញ្ជី ដាក់ទណ្ឌកម្មមិនមានឈ្មោះព្រះអង្គម្ចាស់ ប៊ិន សាល់ម៉ាន នោះទេ។ ការសម្រេចចិត្តដាក់ទណ្ឌកម្មនេះធ្វើឡើង បន្ទាប់ពីការិយាល័យនៃនាយកស៊ើបការសម្ងាត់ជាតិ អាមេរិកបានបញ្ចេញរបាយការណ៍មួយដោយចោទប្រកាន់ត្រង់ៗថាព្រះអង្គម្ចាស់ប៊ិនសាល់ម៉ាន គឺជាអ្នកអនុញ្ញាតឱ្យគេសម្លាប់លោក ខាសូកជី។

ទីក្រុងរីយ៉ាដបានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសយ៉ាងខ្លាំងលើរបាយការណ៍នេះដោយចាត់ទុកថាវាជារឿងមិនពិត និងជាការចោទប្រកាន់គ្មានមូលដ្ឋាន ដ្បិត ព្រះអង្គម្ចាស់ប៊ិន សាល់ម៉ាន មិនបានធ្វើអ្វីខុសដូចការចោទប្រកាន់នោះឡើយ។ ចំណែកឯ ក្រុមអ្នកការពារសិទ្ធិមនុស្សបានរិះគន់ការសម្រេចចិត្តរបស់លោក បៃដិន ដោយពួកគេចោទថាលោកបានក្បត់ពាក្យសន្យា។ លោក ចូ បៃដិនកាលនៅជាបេក្ខជនប្រធានាធិបតីបានសន្យាយ៉ាងឱឡារិកថាលោកនឹងឱ្យអារ៉ាប៊ីសាអូឌីត ជាពិសេសគឺព្រះអង្គម្ចាស់ ប៊ិន សាល់ម៉ាន តបស្នងមកវិញនូវតម្លៃមួយយ៉ាងស័ក្តិសមចំពោះការរំលោភសិទ្ធិមនុស្សក្នុងនោះរួមមានទាំងឃាតកម្មលើលោក ខាសូកជី។

បើតាមក្រុមអ្នកវិភាគនយោបាយ ការសម្រេចចិត្តរបស់លោក ចូ បៃដិន មិនមែនជារឿងភ្ញាក់ផ្អើលអ្វីទេ នៅពេលដែលមេដឹកនាំម្នាក់ត្រូវជ្រើសរើសរវាងសិទ្ធិមនុស្ស និងប្រយោជន៍ជាតិ។ ម្យ៉ាងវិញទៀត នៅក្នុងសេចក្ដីថ្លែងការណ៍របស់សេតវិមានកាលពីសប្ដាហ៍មុន អាចឱ្យគេព្យាកររួចស្រេចជាមុនទៅហើយថាលោក បៃដិន នឹងមិនដាក់ទណ្ឌកម្មលើព្រះអង្គម្ចាស់ ប៊ិន សាល់ម៉ាន។ នៅក្នុងសេចក្ដីថ្លែងការណ៍នោះ សេតវិមានមិនបានលើកចំឈ្មោះព្រះអង្គឡើយ ហើយថាអ្វីដែលលោកបៃដិន កំពុងធ្វើគឺគ្រាន់តែជាការត្រួតពិនិត្យឡើងវិញលើទំនាក់ទំនងតែប៉ុណ្ណោះ ពោលមិនមែនផ្ដាច់ទំនាក់ទំនងជាមួយអារ៉ាប៊ីសាអូឌីតទេ។ <<ទំនាក់ទំនងជាមួយអារ៉ាប៊ីសាអូឌីត គឺមានភាពធំធេងជាជាងបុគ្គលតែម្នាក់>>។ នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ដោយ បញ្ជាក់ថាសហរដ្ឋអាមេរិកនឹងមិនដាក់ទណ្ឌកម្មដោយផ្ទាល់លើរាជវង្សអារ៉ាប៊ីសាអូឌីតឡើយ។ តែយ៉ាងណាក៏ដោយ ការដាក់ទណ្ឌកម្មលើក្រុមមន្ត្រីអារ៉ាប៊ីសាអូឌីត វាអាចជាសារមួយដែលលោក បៃដិនចង់ប្រាប់ថារដ្ឋបាលរបស់លោក គឺខុសគ្នាស្រឡះពីអតីតរដ្ឋបាលលោក ដូណាល់ ត្រាំ ដែលតែងតែការពារព្រះអង្គម្ចាស់ ប៊ិន សាល់ម៉ាន គ្រប់ពេលនោះទេ។ ដូច្នេះចង់ឬមិនចង់ ព្រះអង្គមិនអាចបន្តធ្វើអ្វីតាមទំនើងចិត្តបានទៀតឡើយ។

*អនាគតព្រះរាជាអារ៉ាប៊ីសាអូឌីត

សហរដ្ឋអាមេរិក នាពេលកន្លងមកធ្លាប់បានដាក់ទណ្ឌកម្មប្រឆាំងនឹងមេដឹកនាំកំពូលៗនៃប្រទេសមួយចំនួន ក្នុងនោះរួមមានទាំងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន, ប្រធានាធិបតីបេឡារុស លោក អាឡិចហ្សាន់ឌឺ លូកាស់ឈិនកូ (Alexander Lukashenko), ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ, ប្រធានាធិបតីស៊ីរី លោក បាស្សា អាល់អាសាដ និងអតីតប្រធានាធិបតីហ្ស៊ីមបាវ៉េ លោក រ៉ូបឺត មូហ្គាបេ ដោយចោទថាមេដឹកនាំទាំងនេះរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។

ការដាក់ទណ្ឌកម្មបែបនេះវាមិនមែនជារឿងចម្លែកនោះទេ ពីព្រោះមេដឹកនាំទាំងនោះសុទ្ធតែមិនត្រូវគ្នាជាមួយសហរដ្ឋអាមេរិក។ តែផ្ទុយពីមេដឹកនាំាទាំងនេះ អារ៉ាប៊ីសាអូឌីត គឺជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អាមេរិកនៅក្នុងតំបន់មជ្ឈិបូព៌ា។ មន្ត្រីពីររូបនៃរដ្ឋបាលលោក បៃដិនបាននិយាយថាការដាក់ទណ្ឌកម្មលើព្រះអង្គម្ចាស់រាជទាយាទ មហាំម៉ាត់ ប៊ិន សាល់ម៉ានមិនអាចធ្វើទៅរួចឡើយ ពីព្រោះវាអាចនឹងបំផ្លាញដល់ផលប្រយោជន៍យោធារបស់សហរដ្ឋមេរិក នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។

តាមរយៈការពង្រឹងអំណាចសព្វថ្ងៃ ព្រះអង្គម្ចាស់ ប៊ិន សាល់ម៉ានត្រូវបានគេមើលឃើញយ៉ាងច្បាស់នឹងក្លាយជាព្រះមហាក្សត្រនៅពេលអនាគតជំនួសព្រះបិតារបស់ ទ្រង់ដែលមានព្រះជន្ម៨៥ព្រះវស្សា ទៅហើយនោះ។ ដូច្នេះការដាក់ទណ្ឌកម្មដោយផ្ទាល់លើព្រះអង្គម្ចាស់ ប៊ិន សាល់ម៉ាន វាប្រៀបបាននឹងសហរដ្ឋអាមេរិក <<យកកាំបិតកាប់ជើងខ្លួនឯង>>។ ក្រៅតែពីមើលឃើញអារ៉ាប៊ីសាអូឌីតជាម៉ូយទិញអាវុធដ៏ធំរបស់ខ្លួន ថ្នាក់ដឹកនាំអាមេរិកគ្រប់ជំនាន់រួមទាំងលោក បៃដិន ផ្ទាល់សុទ្ធតែយល់ឃើញដូចគ្នាថា អាមេរិកនៅត្រូវការសហការជាមួយមហាអំណាចក្នុងតំបន់ដូចជាអារ៉ាប៊ីសាអូឌីតយូអង្វែងទៅមុខទៀត ក្នុងការប្រយុទ្ធប្រឆាំង ក្រុមភេរវករ, រក្សាឥទ្ធិពលយោធាអាមេរិកក្នុងតំបន់ និងការរក្សាស្ថេរភាពនៅក្នុងតំបន់ជាដើម។

លើសពីនេះទៅទៀត អារ៉ាប៊ីសាអូឌីត និងសហរដ្ឋអាមេរិកមានសត្រូវរួមតែមួយនោះគឺអ៉ីរ៉ង់ ហើយដើម្បីឱ្យបណ្ដាប្រទេសអារ៉ាប់ និងអ៉ីស្រាអែលត្រូវរ៉ូវគ្នា អាមេរិករឹតតែ ត្រូវការមេដឹកនាំដូចជាព្រះអង្គម្ចាស់ ប៊ិន សាល់ម៉ានដែលត្រូវបានគេមើលឃើញមានគំនិតបើកទូលាយជាងមេដឹកនាំអារ៉ាប៊ីសាអូឌីតមុនៗ។ ប្រទេសអេមីរ៉ាតអារ៉ាប់រួម និងបារ៉ែនបានភ្ជាប់ទំនាក់ទំនងការទូតជាមួយអ៉ីស្រាអែល កាលពីឆ្នាំ២០២០ រីឯព្រះអង្គម្ចាស់ ប៊ិនសាល់ម៉ាន ត្រូវបានគេរាយការណ៍ថាមានព្រះទ័យចងស្ពានមេត្រីភាព ជាមួយអ៉ីស្រាអែល ប៉ុន្តែព្រះបិតារបស់ទ្រង់ជំទាស់នឹងរឿងបែបនេះ។

គួរបញ្ជាក់ថា កាលពីឆ្នាំ១៩៤៥ ពោលនៅពេលលោក ហ្វ្រង់គ្លីន រូសស្វែល (Franklin D Roosevelt) បានជួបជាមួយអតីតព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត អាប់ឌុល អាហ្ស៊ីស ប៊ិន សាអ៊ូដ នៅលើនាវាអាមេរិកមួយគ្រឿង អតីតប្រធានាធិបតីអាមេរិករូបនេះបានសន្យាថានឹងការពារអារ៉ាប៊ីសាអូឌីតជាថ្នូរដូរជាមួយប្រេង។ ការសន្យា បែបនេះនៅពេលនោះ បានធ្វើឱ្យមន្ត្រីការទូតលោកខាងលិចម្នាក់ប្រចាំតំបន់ឈូងសមុទ្រអារ៉ាប់និយាយពាក្យមួយឃ្លាថា៖ <<មានផលប្រយោជន៍រួមគ្នា វាមិនមែន ជារឿងអាក្រក់ឡើយ>>៕

ប្រភព៖ Council Foreign Relations






News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...