២ខែដំបូង កម្ពុជាបានចំណូលជិត៦៥លានដុល្លារ ពីការនាំចេញអង្ករជាង៧ម៉ឺនតោន ធ្លាក់ចុះបរិមាណ៤៤% ដោយសារបញ្ហាដឹកជញ្ជូន

Posted By: RoogRog Robot | 02-Mar-2021 17:21:41

2021-03-02 04:20pm

(ភ្នំពេញ)៖ រយៈពេល២ខែដំបូង ឆ្នាំ២០២១ កម្ពុជានាំចេញអង្ករសរុបបាន ៧៦ ២២២តោន ដែលមានការធ្លាក់ចុះ ៤៤.១៦% បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២០។

ការធ្លាក់ចុះបរិមាណនាំចេញនេះ ដោយសារបញ្ហាខ្វះកុងតឺន័រដឹក និងតម្លៃដឹកជញ្ជូនតាមផ្លូវសមុទ្រនៅបន្តកើតឡើងខ្ពស់ រហូតដល់ជិត៥០០% នៃតម្លៃដឹកជញ្ជូនឆ្នាំ ២០១៩។

សហព័ន្ធស្រូវអង្ករកម្ពុជាបញ្ជាក់ថា ការនាំចេញអង្ករជាង៧ម៉ឺនតោន នៅរយៈពេលខែឆ្នាំ២០២១នេះ កម្ពុជាទទួលបានចំណូលជិត៦៥លានដុល្លារអាមេរិក។

ចំពោះទិសដៅទីផ្សារនៃការនាំចេញអង្ករកម្ពុជា ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២១នេះ ប្រទេសចិន ដែលរួមទាំងហុងកុង និងម៉ាកាវ ផងដែរនោះ នៅតែជាទីផ្សារធំជាងគេ នៃការនាំចេញអង្កររបស់កម្ពុជា ដែលមានចំណែកដល់ទៅ ៤៩.៣៧% គិតជាបរិមាណគឺមានចំនួន ៣៧,៦៣០ តោន។ រីឯទីផ្សារធំទី២ គឺជាទីផ្សារសហភាពអឺរ៉ុប ដែលរួមមាន១៨ប្រទេស មានចំណែក២៤.៩១% គិតជាបរិមាណ មានចំនួន ១៨,៩៩៦ តោន ក្នុងនោះ ទីផ្សារធំក្នុងសហភាពអឺរ៉ុប គឺប្រទេសបារាំង ដែលមានចំនួន ៨,៨៥០ តោន។

ចំណែកទីផ្សារបន្ទាប់ ដែលមានចំណែក ៨% គឺជាទីផ្សារអាស៊ាន រួមមានម៉ាឡេស៊ី និងសង្ហបុរី ដែលមានចំនួន ៦,២២៩ តោន និងចំណែក ១៨% ទៀត គឺជាទីផ្សារប្រទេសផ្សេងៗ គិតជាបរិមាណគឺមាន ១៣,៣៦៧ តោន ក្នុងនោះរួមមាន ហ្កាបុង អូស្រ្តាលី អង់គ្លេស និង ញូហ្សេឡេនជាដើម។

ប្រភេទអង្ករនាំចេញ ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២១នេះ ចំណែកធំជាងគេ គឺ៨៥.៧៧% ជាប្រភេទអង្ករក្រអូបគ្រប់ប្រភេទរួមមាន ផ្ការំដួល, ម្លិះ, សែនក្រអូបជាដើមនោះ ដែលគិតជាបរិមាណមានចំនួន ៦៥,៣៧៤តោន។ អង្ករស ត្រូវបាននាំចេញ ១០,១១៦ តោន និងអង្ករចំហុយ មាន៧៣២តោន៕




News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...