ក្រុម​ឈ្មួញប្រព្រឹត្តបទល្មើស​ព្រៃឈើក្នុង​ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី នៅតែគេចេផុតពីសំណាញ់ច្បាប់

Posted By: RoogRog Robot | 26-Feb-2021 13:30:25

ប្រភពពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ​​កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស សហការ​ជាមួយកម្លាំងអាវុធហត្ថស្រុកអណ្តូងមាស ​​ព្រមទាំងម​ន្ត្រីរដ្ឋបាលព្រៃឈើបរកែវ-អណ្តូងមាស បានចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើនៅក្នុងឃុំញ៉ាង ស្រុកអណ្តូងមាស។ ​ប្រភពបានឲ្យ​ដឹងទៀតថា ទីតាំងរក្សាទុកឈើ៤កន្លែង​ក្នុង​ភូមិតាំងសេ និងភូមិតាំងម្លូ ក្នុងសហគមន៍តាំងម្លូ​ ឃុំញ៉ាង ស្រុកអណ្តូងមាស ត្រូវបានបង្ក្រាបនិងរកឃើញឈើ​ចំនួន១២៧​កំណាត់​​។ ប៉ុន្តែអត្តសញ្ញាណក្រុមឈ្មួញប្រព្រឹត្តបទល្មើសព្រៃឈើមិនត្រូវបានបង្ហាញនោះទេ ដូច្នេះហើយទើបមជ្ឈដ្ឋាននានាគ្មានជំនឿលើសមត្ថកិច្ចចម្រុះក្នុងការបង្ក្រាបបទល្មើសព្រៃឈើ​។

មន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែឡឃ្លាំមើលបទល្មើស​ព្រៃឈើក្នុងខេត្តរតនគិរី បានឲ្យដឹងថា រហូតមកដល់ពេលនេះបទល្មើសព្រៃឈើក្នុងឃុំញ៉ាង ស្រុកអណ្តូងមាស​ នៅតែកើតឡើងយ៉ាងពេញបន្ទុក ព្រោះក្រុមឈ្មួញប្រព្រឹត្តបទល្មើសព្រៃឈើតែងគេចផុតពីសំណាញ់ច្បាប់​ជារៀងរហូត។ ទន្ទឹមនឹងនេះលោក ថង សាវុន ​អភិបាលខេត្ត​រតនគិរី និងលោក ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ក៏ដូចជាលោក យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី កំពុងរងការរិះគន់ថា គ្មានឆន្ទៈក្នុងការបង្ក្រាបបទល្មើសព្រៃឈើប្រកបដោយប្រសិទ្ធភាពឡើយ។ ​ជាងនេះទៅទៀតប្រធានមន្ទីរកសិកម្មខេត្តរតនគិរី និងមេរដ្ឋបាលព្រៃឈើក្នុងខេត្តរតនគិរី ត្រូវបានគេដឹង​ថា ជាអ្នកឃុបឃិតឲ្យបទល្មើសព្រៃឈើកើតឡើងយ៉ាងពេញបន្ទុក។

ប្រជាពលរដ្ឋនៅភូមិតាំងសេ និងភូមិតាំងម្លូ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី បានឲ្យដឹងថា ក្រុមឈ្មួញតែងដឹកជញ្ជូនឈើមករក្សាទុក​ក្នុងមូលដ្ឋានពួកគាត់រួចហើយដឹកចេញទៅស្រុកយួនតាមតំបន់ព្រំដែនក្នុងឃុំញ៉ាង យ៉ាងរលូន។ ជាក់ស្តែងការបង្ក្រាបបទល្មើសព្រៃឈើពីសំណាក់សមត្ថកិច្ចចម្រុះ​កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ​គឺសមត្ថកិច្ចបានត្រឹម​រឹមអូសយកឈើជាវត្ថុតាងទៅរក្សាទុកដើម្បីចាត់ការតាមនីតិវិធីក្នុងខណៈដែលឈ្មួញម្ចាស់ឈើមិនត្រូវបានវែកមុខដើម្បីចាត់ការតាមផ្លូវច្បាប់នោះទេ។ ប្រការនេះហើយទើបបទល្មើសព្រៃឈើក្នុងឃុំញ៉ាង ស្រុកអណ្តូងមាស នៅតែកើតឡើងយ៉ាងរាលដាល​ ព្រោះការបង្ក្រាពីសំណាក់​សមត្ថកិច្ចចម្រុះជាបន្តបន្ទាប់កន្លងទៅនេះបានត្រឹមធ្វើឲ្យល្អមើលប៉ុណ្ណោះ៕ News Source: www.moneaksekar.com

LATEST NEWS
MORE NEWS CLICK HERE...