នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី២ នៅមន្ទីរពេទ្យព្រះកេតុមាលា

Posted By: RoogRog Robot | 26-Feb-2021 13:24:04

2021-02-26 12:18pm

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានអញ្ជើញទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទស៉ីណូហ្វាមរបស់ចិន លើកទី២ ដែលជាចំនួនដូសចុងក្រោយ នៅមន្ទីរពេទ្យព្រះកេតុមាលា។

គួរជម្រាបថា នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ព្រមទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិ និងថ្នាក់ដឹកនាំអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ថ្មីៗនេះ។

ជុំវិញការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកងទ័ពនេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងពិធីរៀបចំធ្វើបុណ្យទក្ខិណានុប្បទានឧទ្ទិសកុសល ជូនដល់ដួងវិញ្ញាណក្ខន្ធកម្មាភិបាលយុទ្ធជន បើកការដ្ឋានសាងសង់-ជួសជុលទីលានផ្នូរយុទ្ធជន ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមចំនួន ៤៤៧សពនៅទីលានផ្នូរយុទ្ធជនខេត្តកោះកុង បានប្រាប់ឱ្យកងកម្លាំងដែល បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទស៉ីណូហ្វាមរបស់ចិន លើកទី១ហើយ សូមត្រៀមខ្លួនមកចាក់លើកទី២ ឱ្យបានគ្រប់ៗគ្នា និងឆាប់រហ័ស។

ការទទួលវ៉ាក់សាំងកូវីដ១៩ ឈ្មោះ សីណូហ្វាម (Sinopharm) ធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត នៅទីតាំងចំនួន៤ រួមមាន៖

១៖ មន្ទីរពេទ្យកាល់ម៉ែត សម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ២៖ មន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ៣៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាប់ឥស្សរជនជាអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត៤៖ មន្ទីរពេទ្យកុមារជាតិ សម្រាប់អ្នកសារព័ត៌មាន។

វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ចិន ចំនួន៦០ម៉ឺនដូសនេះ ជាប្រភេទវ៉ាក់សាំង Sinopharm ដែលផលិតដោយរដ្ឋាភិបាលចិន បានបញ្ជូនមកដល់ប្រទេសកម្ពុជា នារសៀលថ្ងៃទី៧ ខែកុម្ភៈ។ គិតចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងការពារជាតិកម្ពុជា បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៉ីណូហ្វាម (Sinopharm) របស់ចិន ជូនកងកម្លាំងប្រដាប់អាវុធទាំងលើកទី១ និងលើកទី២ កើនដល់ចំនួនសរុប ៤៦,៩០៨នាក់ ក្នុងនោះមាននារី ៤,០២៨នាក់។

ក្រសួងការពារជាតិ បានចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទស៉ីណូហ្វាមរបស់ចិន ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងមន្ទីរពេទ្យកេតុមាលា និងចាក់នៅតាមអង្គភាពសំខាន់ៗរបស់ខ្លួនមួយចំនួនទៀតផងដែរ។ មេទ័ពកំពូលរបស់ជាតិ នាយទាហាន នាយទាហានរង និងពលទាន ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ បានចាក់វ៉ាក់សាំងនេះជាបន្តបន្ទាប់៕






News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...