បទល្មើសព្រៃឈើក្នុងឃុំថ្មី ស្រុកចិត្របុរី ​ខេត្តក្រចេះ មានការឃុបឃិតជាប្រព័ន្ធ

Posted By: RoogRog Robot | 26-Feb-2021 13:07:11

ប្រភពពីប្រជាពលរដ្ឋក្នុងឃុំថ្មី ស្រុកចិត្របុរី បានឲ្យដឹងថា បច្ចុប្បន្ននេះសកម្មភាពដឹកជញ្ជូនឈើនិងដឹកជញ្ជូនធ្យូងចេញពីមូលដ្ឋានពួកគាត់មានការកើតឡើងយ៉ាងគំហុក ហើយមន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធមិនចាត់វិធានការបង្ក្រាបឡើយ។ ហេតុនេះហើយទើបមានសេចក្តីអំពាវនាវឲ្យលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មពិនិត្យទៅលើ​ភាពអសកម្មរបស់លោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្មខេត្តក្រចេះ និងលោក នួន ពៅរតនា មេរដ្ឋបាលព្រៃឈើខេត្តក្រចេះ ជាបន្ទាន់។ ដោយហេតុថា ​បើគ្មានការបើកដៃពីសំណាក់លោក ទ្រី សុភក្តិ និងលោក នួន ពៅរតនា ទេនោះគឺសកម្មភាពដឹកជញ្ជូនឈើ ដឹកជញ្ជូនធ្យូងចេញពីឃុំថ្មី ស្រុកចិត្របុរី មិនអាចកើតឡើងពេញបន្ទុកដូចសព្វថ្ងៃនេះទេ។

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ​បានឲ្យដឹងទៀតថា ព្រៃសហគមន៍ក្នុងឃុំថ្មី និងព្រៃសហគមន៍នានាក្នុងស្រុកចិត្របុរី កំពុងរងការបំផ្លាញយ៉ាងមហន្តរាយព្រោះបទល្មើសដឹកជញ្ជូនឈើនិងដឹកជញ្ជូនធ្យូងចេញពីឃុំថ្មី ស្រុកចិត្របុរី កំពុងក្លាយជាប្រភពចំណូលរបស់មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធ។ ចំណែកលោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ រក្សាភាពស្ងៀមស្ងាត់មិនចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើនោះឡើយ។

ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តក្រចេះ បាន​​លើកឡើងថា ប្រសិនបើលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មនិងលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្មមិនចាត់វិធានការទប់ស្កាត់ទេនោះគឺបទល្មើសព្រៃឈើក្នុងស្រុកចិត្របុរី រាលដាលកាន់តែខ្លាំងថែមទៀតជាមិនខាន។ ​មានការរិះគន់ចំៗថា លោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្មខេត្តក្រចេះ ​និងលោក នួន ពៅរតនា មេរដ្ឋបាលព្រៃឈើខេត្តក្រចេះ គិតតែរឿងប្រមូលលុយដាក់ហោប៉ៅហើយបណ្តោយឲ្យម​ន្ត្រីរដ្ឋបាលព្រៃឈើនៅស្រុកជិតបុរី ធ្វើអ្វីៗតាមអំពើចិត្ត។ ទន្ទឹមនឹងនេះក្រុមឈ្មួញដឹកជញ្ជូនឈើ ដឹកជញ្ជូនធ្យូង ចេញពីឃុំថ្មី បានឲ្យដឹងថា ពួកគេបង់លុយឲ្យមន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធតាមការកំណត់ទើបអាចចៀសផុតពីការបង្ក្រាបដូចសព្វថ្ងៃនេះ៕ News Source: www.moneaksekar.com

LATEST NEWS
MORE NEWS CLICK HERE...