ទុគ៌តជន ៣គ្រួសារ និងអ្នកងាយរងគ្រោះបំផុត ៤៧គ្រួសារ នៅខេត្តបាត់ដំបង ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

Posted By: RoogRog Robot | 23-Feb-2021 19:47:32

2021-02-23 06:39pm

(បាត់ដំបង)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចាត់ឱ្យក្រុមការងារដឹកនាំដោយលោក ងួន រតនៈ អនុប្រធានកិត្តិយសសាខា និងលោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង សហការជាមួយកម្មវិធី <<ព័ត៌មានសប្បុរសធម៌>> របស់ទូរទស្សន៍ប៊ីធីវី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសារទុគ៌តចំនួន ៣គ្រួសារ រស់នៅស្រុកគាស់ក្រឡ និងស្រុកមោងឬស្សី ខេត្តបាត់ដំបង។

គ្រួសារនីមួយៗទទួលបានអង្ករ ៥០គីឡូក្រាម,មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកបរិសុទ្ធ ៥កេស, ឃីត (មុង ភួយ សារុង ក្រមអាវយឺត) ១កញ្ចប់ និងថវិកា២០ម៉ឺនរៀល។ ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្រេចផ្តល់ផ្ទះមនុស្សធម៌ចំនួន ៣ខ្នងដល់គ្រួសារទុគ៌តទាំង៣ គ្រួសារនេះទៀតផង។

បន្ទាប់ពីបានផ្តល់អំណោយជូនគ្រួសារខាងលើនេះរួច ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្ត បានជួសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនដល់លោកយាយលោកតាចំនួន ៤៧គ្រួសារ ទៀតដែលរស់នៅក្នុងភូមិតាខោ ឃុំព្រះផុស ស្រុកគាស់ក្រឡ, ភូមិអង្គ្រង ឃុំជ្រៃ និងភូមិអ្នកតាទ្វា ឃុំឬស្សីក្រាំងនៃស្រុកមោងឬស្សី ដែលគ្រួសារនីមួយៗទទួលបាន អង្ករ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកបរិសុទ្ធ ១កេស, ឃីត (ភួយ សារុង ក្រមា អាវយឺត) ១កញ្ចប់ និងថវិកា ៥ម៉ឺនរៀលផងដែរ។

សូមបញ្ជាក់ថា ក្នុងឱកាសចុះសួរសុខទុក្ខនោះ លោក ងួន រតនៈ និងលោកបណ្ឌិត ប៊ុត គឹមស៊ាន បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ ព្រមជាមួយនឹងការគិតគូរពីសុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសការលើកទឹកចិត្ត និងផ្តាំផ្ញើដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តប្រឹងប្រែងដើម្បីជីវភាពរស់នៅបន្តទៀត ហើយត្រូវថែទាំសុខភាពឱ្យបានល្អ រស់នៅមានអនាម័យ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួនវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

ជាមួយគ្នានេះ លោកក៏បានជម្រាបជូនពីស្ថានការណ៍វិវត្តន៍ថ្មីនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ព្រមទាំងសូមឲ្យបងប្អូនទាំងអស់បន្តចូលរួមទប់ស្កាត់ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នេះ តាមរយៈការបន្តអនុវត្តវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ ៣ការពារ និង ៣កុំ៕

















News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...