ក្រោយពេលផ្លាស់ប្តូរតំណែងមេគយខេត្តស្វាយរៀង គឺអំពើពុករលួយនៅតែកើតឡើងពេញបន្ទុកដដែល

Posted By: RoogRog Robot | 25-Jan-2021 12:45:59

តាមការបង្ហើបពីមន្ត្រីគយនៅខេត្តស្វាយរៀង បានឲ្យដឹងថា ក្រោយពេលលោក ហេង សំបូរ ទទួលបានតំណែងជាប្រធានសាខាគយខេត្តស្វាយរៀង កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ គឺលោក ហេង សំបូរ យកជំនាញនៃអំពើពុករលួយកាលនៅធ្វើជាមេគយខេត្តកំពត មកអនុវត្តន៍ក្នុងខេត្តស្វាយរៀង​​ យ៉ាងសុខស្រួល។ ប្រភពបានឲ្យដឹងទៀតថា បច្ចុប្បន្នលោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង ប្រព្រឹត្តអំពើពុករលួយមិនចាញ់កាលលោក ខៀវ សារឿន នៅធ្វើជាប្រធានសាខាគយខេត្តស្វាយរៀង នោះទេ។ ជាក់ស្តែងលោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង បណ្តោយឲ្យលោក ឃុត សាលីន ប្រធានការិយាល័យគយច្រកបុសមន ប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។

ប្រភពពីមន្ត្រីនៅ​ច្រកទ្វារព្រំដែនទ្វេភាគីបុសមន ស្រុករំដួល ខេត្តស្វាយរៀង បានឲ្យដឹងថា បច្ចុប្បន្នលោក ​ឃុត សាលីន ប្រធានការិយាល័យគយច្រកបុសមន នៅតែបើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងរលូនដដែល។ ទន្ទឹមនឹងនេះលោក ឃុត សាលីន និងក្រុមមន្ត្រីគយប្រចាំច្រកបុសមន បានគាបយកលុយលើតុក្រោមតុពីក្រុមពលរដ្ឋនិងក្រុមអាជីវករនាំចូលទំនិញតាមច្រកបុសមន ដោយមិនចេញបង្កាន់ដៃបង់ប្រាក់ឬវិក្កយបត្រនោះទេ។ ចំណែកលោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង បែរជារក្សាភាពស្ងៀមស្ងាត់បណ្តោយឲ្យលោក ឃុត​ សាលីន មេគយច្រកបុសមន បន្តសាងភាពល្បីល្បាញខាងពុករលួយដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់ក្នុងខណៈដែលលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា រក្សាភាពស្ងៀមស្ងាត់។

ប្រភពស្និទ្ធនឹងលោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង បានឲ្យដឹងថា ដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋាននិងរដ្ឋារកម្ពុជា ទើបលោក ហេង សំបូរ ហ៊ានយកជំនាញនៃអំពើពុករលួយកាលនៅធ្វើជាមេគយខេត្តកំពត មកអនុវត្តន៍ក្នុងខេត្តស្វាយរៀង ដោយគ្មានញញើតអ្វីទាំងអស់។ ហេតុនេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរមើលរំលងតទៅទៀតទេ ព្រោះចាប់តាំងពីលោក ហេង សំបូរ ទទួលបានតំណែងជាប្រធានសាខាគយខេត្តស្វាយរៀង គឺលោក ហេង សំបូរ នៅតែបណ្តោយឲ្យលោក ឃុត សាលីន មេគយច្រកបុសមន ធ្វើអ្វីៗតាមអំពើចិត្ត។ ទន្ទឹមនឹងនេះប្រភពខ្លះបានឲ្យដឹងថា មេគយនៅច្រកព្រៃវល្លិ៍ និងច្រកព្រំដែនជាច្រើនកន្លែងទៀត ក៏អាចបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់យ៉ាងពេញបន្ទុកដែរព្រោះលោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង គិតតែរឿងផលប្រយោជន៍ប៉ុណ្ណោះ៕ News Source: www.moneaksekar.com

LATEST NEWS
MORE NEWS CLICK HERE...