រោងសិប្បកម្មកែច្នៃឈើដ៏ធំរបស់ឈ្មួញឈ្មោះ នី ក្នុងឃុំលំទង ស្រុកអន្លង់វែង នៅតែដំណើរការយ៉ាងរលូន

Posted By: RoogRog Robot | 25-Jan-2021 12:07:51

ប្រភពពីប្រជាពលរដ្ឋនៅក្នុងភូមិទួលទ្រាស ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា មកដល់ពេលនេះរោងសិប្បកម្មអត់ច្បាប់របស់ឈ្មួញឈ្មោះ នី នៅតែដំណើរការយ៉ាងរលូនព្រោះគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចណាប៉ះពាល់ឡើយ។ ប្រជាពលរដ្ឋបានបញ្ជាក់ថា ឈ្មួញឈ្មោះ នី ដឹកជញ្ជូនឈើពីខេត្តព្រះវិហារនិងពីតំបន់ផ្សេងៗចូលមកកែច្នៃក្នុងរោងសិប្បកម្មរបស់ខ្លួននៅភូមិទួលទ្រាស ឃុំលំទង ហើយក្រោយពេលកែច្នៃជាគ្រឿងសង្ហារឹមនិងសម្ភារៈផ្សេងៗគឺឈ្មួញរូបនេះដឹកជញ្ជូនចេញទៅខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ យ៉ាងរលូន។ សមត្ថកិច្ចពាក់ព័ន្ធក្នុងនោះមានទាំងមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ឈរជើងក្នុងខេត្តឧត្តរមានជ័យ ក៏មិនបង្ក្រាបឈ្មួញឈ្មោះ នី ទាល់តែសោះ។

តាមការអះអាងរបស់មន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងឃុំលំទង ស្រុកអន្លង់វែង បានឲ្យដឹងថា បើគ្មានការបើកដៃពីលោក គង់ សារ៉េត នាយសង្កាត់រដ្ឋបាលព្រៃឈើអន្លង់វែង ទេនោះគឺរោងសិប្បកម្មកែច្នៃឈើអត់ច្បាប់របស់ឈ្មួញឈ្មោះ នី មិនអាចដំណើរការបានឡើយ។ ទន្ទឹមនឹងនេះប្រភពស្និទ្ធនឹងលោក គង់ សារ៉េត នាយសង្កាត់រដ្ឋបាលព្រៃឈើអន្លង់វែង ទេនោះគឺរោងសិប្បកម្មកែច្នៃឈើរបស់ឈ្មួញឈ្មោះ នី មិនអាចដំណើរការយ៉ាងសុខស្រួលមកដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នេះទេ។ ការដែលលោក គង់ សារ៉េត ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារមានការបើកដៃពីសំណាក់លោក សូត ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ និងលោក អ៊ឹម សៅវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យ ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។

ប្រភពស្និទ្ធនឹងឈ្មួញឈ្មោះ នី បានឲ្យដឹងថា ការដែលឈ្មួញរូបនេះអាចបើករោងសិប្បកម្មកែច្នៃឈើអត់ច្បាប់ក្នុងបរិវេណលំនៅដ្ឋានរបស់ខ្លួននាភូមិទួលទ្រាស ឃុំលំទង ស្រុកអន្លង់វែង យ៉ាងរលូនគឺដោយសារឈ្មួញរូបនេះបង់លុយតាមការកំណត់របស់មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធ។ ហេតុនេះហើយទើបលោក អ៊ឹម សៅវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យ បណ្តោយឲ្យលោក គង់ សារ៉េត នាយសង្កាត់រដ្ឋបាលព្រៃឈើអន្លង់វែង បើកដៃឲ្យឈ្មួញឈ្មោះ នី ដំណើរការរោងសិប្បកម្មកែច្នៃឈើអត់ច្បាប់យ៉ាងពេញបន្ទុក។ បញ្ហានេះជារឿងដែលលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្មនិងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម មិនគួរមើលរំលងតទៅទៀតទេព្រោះមកដល់ពេលនេះរោងសិប្បកម្មរបស់ឈ្មួញឈ្មោះ នី ក្នុងភូមិទួលទ្រាស ឃុំលំទង ស្រុកអន្លង់វែង កំពុងដំណើរការយ៉ាងរំភើយ៕ News Source: www.moneaksekar.com

LATEST NEWS
MORE NEWS CLICK HERE...