បណ្ឌិត សូ ណារ៉ូ៖ រឿងធំជាងគេ ដែលធ្វើឱ្យអន្តរជាតិ មិនគាំទ្រ លោក សម រង្ស៉ី និងបក្សសង្រ្គោះជាតិ ដោយសារតែការធ្វើឱ្យប៉ះពាល់ដល់អង្គព្រះមហាក្សត្រ (Video Inside)

Posted By: RoogRog Robot | 25-Jan-2021 09:55:58

2021-01-25 09:52am

(ភ្នំពេញ)៖ លោកបណ្ឌិត សូ ណារ៉ូ អ្នកគាំទ្រអតីតបក្សប្រឆាំង បានលើកឡើងថា រឿងធំជាងគេ ដែលធ្វើឱ្យសហគមន៍អន្តរជាតិ មិនគាំទ្រ លោក សម រង្ស៉ី និងអតីតគណបក្សសង្រ្គោះជាតិ នាពេលបច្ចុប្បន្ននេះ ដោយសារតែការធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់អង្គព្រះមហាក្សត្រ របស់មេដឹកនាំអតីតគណបក្សសង្រ្គោះជាតិ។

ក្នុងកិច្ចសម្ភាសមួយជាមួយ សារព័ត៌មាន The Cambodia Daily កាលពីពេលថ្មីៗនេះ លោកបណ្ឌិត សូ ណារ៉ូ បានចេញមុខវាយប្រហារ លោក សម រង្ស៉ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលបរាជ័យក្នុងកិច្ចការនយោបាយជាបន្តបន្ទាប់ ហើយមិនមានអង្គទូតណាមួយហ៊ានចូលទៅជួយនោះឡើយ។

លោកលើកឡើងថា រឿងដែលធ្វើឱ្យបណ្តាទូតប្រទេសដទៃ ដកខ្លួនចេញពី លោក សម រង្ស៉ី ដោយសារតែ លោក សម រង្ស៉ី បានធ្វើឱ្យប៉ះពាល់ដល់អង្គព្រះមហាក្សត្រ ដែលមានប្រមុខរដ្ឋរបស់កម្ពុជា។ លោក សូ ណារ៉ូ បញ្ជាក់ដូច្នេះថា៖ <<ធំជាងគេ គឺធ្វើឱ្យប៉ះពាល់ដល់ អង្គព្រះមហាក្សត្រនេះឯង ពីព្រោះព្រះមហាក្សត្រជាអ្នកណា? ព្រះអង្គគឺជាប្រមុខរដ្ឋ ហើយអង្គទូតទាំងប៉ុន្មាន ដែលគេតែងតាំង (ខ្ញុំធ្លាប់ធ្វើទូតខ្ញុំដឹង) គឺតែងតាំងទៅប្រទេសគេ ដោយអមប្រមុខរដ្ឋ មិនមែនអមជាមួយនាយករដ្ឋមន្រ្តី អមរដ្ឋាភិបាលទេ គឺអមជាមួយប្រមុខរដ្ឋ>>។

លោក សម រង្ស៉ី បានបើកយុទ្ធនាការជាបន្តបន្ទាប់ ក្នុងការប្រមាថអង្គព្រះមហាក្សត្រ ទោះបីជាដឹងថា ខុសនឹងរដ្ឋធម្មនុញ្ញ និងត្រូវតុលាការចោទប្រកាន់យ៉ាងណាក្តី។ កាលខែមិថុនា ឆ្នាំ២០១៩ ទណ្ឌិត សម រង្ស៉ី មេក្រុមប្រឆាំងជ្រុលនិយម ត្រូវបានតុលាការផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរឱ្យជាប់ពន្ធនាគារចំនួន៤ឆ្នាំ ម្តងរួចទៅហើយ ពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ។ ដោយឡែក កាលពីខែធ្នូ ឆ្នាំ២០២០កន្លងទៅនេះ លោកបានបន្តប្រមាថព្រះមហាក្សត្រជាថ្មីម្តងទៀត រហូតដល់ប្រើប្រាស់ពាក្យធ្ងន់ធ្ងរថា <<ស្តេចទីងមោង>> ដែលធ្វើឱ្យជនរួមជាតិកម្ពុជាខឹងសម្បារយ៉ាងខ្លាំង។

ពាក់ព័ន្ធនឹងការប្រមាថអង្គព្រះមហាក្សត្រ ជាថ្មីនេះ តុលាការបានសម្រេចចោទប្រកាន់ឈ្មោះ សម រង្ស៉ី ពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ ដោយអនុលោមតាមមាត្រា ៤៣៧ (ស្ទួន) នៃក្រមព្រហ្មទណ្ឌ ដែលត្រូវប្រឈមនឹងការផ្តន្ទានទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ ៥ឆ្នាំ ថែមទៀតផងដែរ។

លោកបណ្ឌិត សូ ណារ៉ូ ដែលជាអ្នកវិភាគនយោបាយនៅក្រៅប្រទេសដែរនោះ បានលើកឡើងថា ការដាក់ចេញយុទ្ធនាការប្រមាថព្រះមហាក្សត្ររបស់ លោក សម រង្ស៉ី គឺជាការភាន់ច្រឡំចំពោះយុទ្ធសាស្រ្តនយោបាយ។ លោកបានបញ្ជាក់ថា <<អគ្គរដ្ឋទូតទាំងប៉ុន្មាន គឺជាដៃគូប្រមុខរដ្ឋក្នុងកិច្ចការទំនាក់ទំនងរវាងប្រទេសទាំងពីរ ទាំងអាមេរិក-កម្ពុជា កម្ពុជា-បារាំង កម្ពុជា-ជប៉ុន ។ល។ ត្រូវតែរាយការណ៍ជូនប្រមុខរដ្ឋ បែរជាគណបក្សប្រឆាំងអាចមានការភាន់ច្រឡំ ទៅជាវាយប្រហារទៅប្រមុខរដ្ឋអញ្ចឹង ទៅជាធ្វើឱ្យអង្គទូតគេភាន់ភាំង គេមិនហ៊ានចេញមុខការពារទៀតទេ គេអត់ហ៊ានការពារ លោក សម រង្ស៉ី គេអត់ហ៊ានការពារគណបក្សសង្រ្គោះជាតិ ដោយសារអី ចុម ! ម៉េចបានជាគណបក្សសង្រ្គោះជាតិ ទៅប៉ះពាល់អង្គព្រះមហាក្សត្រ>>។

លោកបន្ថែមថា ការធ្វើនយោបាយត្រូវពង្រីកមិត្តបន្ថយសត្រូវ តែលោក សម រង្ស៉ី បែរជាធ្វើនយោបាយពង្រីកសត្រូវបន្ថយមិត្ត បណ្តាលឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ខ្លួនឯង និងគណបក្សប្រឆាំងយ៉ាងធ្ងន់ធ្ងរ។

សូមបញ្ជាក់ថា ក្រៅពីសំណុំរឿងប្រមាថអង្គព្រះមហាក្សត្រ លោក សម រង្ស៉ី មានក្តីក្តាំស្អេកស្កះ នៅក្នុងប្រទេសកម្ពុជា ដែលភាគច្រើនជាសំណុំរឿងព្រហ្មទណ្ឌ។ ទោះជាយ៉ាងនេះក្តី កាលពីខែមិថុនា ឆ្នាំ២០២០ កន្លងទៅ លោក សម រង្ស៉ី ក៏ត្រូវបានតុលាការព្រហ្មទណ្ឌទីក្រុងប៉ារីស ប្រទេសបារាំង សម្រេចដាក់ឲ្យស្ថិតនៅក្រោមការចោទប្រកាន់ពីបទ <<បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល>> ផងដែរ តាមបណ្តឹង លោក ឌី វីជ្ជា អគ្គស្នងការរងនគរបាលជាតិ ដែលជាកូនប្រុសរបស់ លោក ហុក ឡង់ឌី៕


News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...