រាជរដ្ឋាភិបាលទទួលបានថវិកាពីសប្បុរសជនសរុបជាង៥៧លានដុល្លារ ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ

Posted By: RoogRog Robot | 18-Jan-2021 22:45:41

2021-01-18 09:37pm

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបិទបញ្ចប់ហើយ ការទទួលថវិកាពីសប្បុរសជន ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ។

គិតមកដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ថវិកាដែលទទួលបានពីសប្បុរសជននានា ដើម្បីទុកសម្រាប់ទិញវ៉ាក់សាំងកូវីដ១៩ សរុបទាំងអស់ជាង៥៧លានដុល្លារអាមេរិក ក្នុងនោះមានជាលុយដុល្លារ ៥៤ ៣១៥ ២៤៦.៧២ដុល្លារ និងលុយរៀល ១១ ៧៩៥ ១០៩ ៧០០រៀល។

ថវិកានេះបានកើនឡើងជាលំដាប់ ដោយសារតែមានការចូលរួមបរិច្ចាគ យ៉ាងសស្រាក់សស្រាំពីសាធារណជនគ្រប់ទិសទិស ទាំងវិនិយោគិន មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ អាជីវករ និងប្រជាពលរដ្ឋទូទៅផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការចូលរួមបរិច្ចាគរបស់សប្បុរសជននេះណជាស្មារតីសាមគ្គីភាព ជាវប្បធម៌នៃការចែករំលែក ក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ ក្នុងចំណោមប្រជាជនកម្ពុជាមានធំធេងមហាសាល ដែលបានក្លាយជាខឿនការពារសុខភាពរបស់ប្រជាជនដ៏រឹងមាំ។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន កាលពីយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បានប្រកាសបញ្ឈប់ការទទួលថវិការបស់សប្បុរសជន ក្នុងការទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរព្រះគុណដល់ព្រះមហាក្សត្រ និងព្រះមហាក្សត្រី ព្រមទាំងជនរួមជាតិទាំងអស់ ដែលបានប្រោសប្រទានព្រះរាជទ្រព្យ និងបរិច្ចាគថវិកាជាមួយរាជរដ្ឋាភិបាល សម្រាប់ទិញវ៉ាក់សាំងកូវីដ១៩៕


News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...