កសិករនៅភូមិទំនប់ថ្មីផលិតមេផ្សិត និងបណ្ដុះផ្សិតអំបោះលក់ទទួលបានជោគជ័យក្នុងរយៈពេល៨ឆ្នាំ កន្លងមកនេះ (Video inside)

Posted By: RoogRog Robot | 18-Jan-2021 20:53:48

2021-01-18 07:47pm

(កំពង់ឆ្នាំង)៖ កសិករវ័យក្មេងម្នាក់រស់នៅក្នុងភូមិទំនប់ថ្មី ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានចាប់ប្រកបមុខរបរផលិតមេផ្សិតអំបោះ និងបណ្ដុះផ្សិតខ្លួនឯងលក់ទទួលបានជោគជ័យ បន្ទាប់ពីបានឆ្លងកាត់បទពិសោធន៍ ក្នុងរយៈពេល ៨ឆ្នាំកន្លងមកនេះ។

លោក សយ ចាន់ណាត អាយុ៣៣ឆ្នាំ ជាកសិករប្រកបមុខរបរផលិតមេផ្សិតអំបោះ និងបណ្ដុះផ្សិតអំបោះលក់នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះបាននិយាយថា លោកបានប្រកបមុខរបរខាងលើនេះរយៈពេល ៨ឆ្នាំមកហើយ ដែលដំបូងឡើយលោកបានទៅរៀនមុខរបរនេះ នៅសាលាកសិកម្មខេត្តកំពង់ចាម ខេត្តកំពត និងរៀនបណ្តុះជាក់ស្ដែងក្នុងកសិដ្ឋានផងដែរ។

ឆ្លងកាត់តាមការរៀនសូត្រ និងបទពិសោធន៍ជាក់ស្ដែង មកដល់ពេលនេះ លោកទទួលបានជោគជ័យក្នុងមុខរបស់នេះដោយអាចរកបានប្រាក់ចំណូលក្នុងមួយថ្ងៃពី៦ម៉ឺនទៅ៧ម៉ឺនរៀល សម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។

ជាមួយគ្នានេះ ដោយសារមុខរបរនេះ លោកបានធ្វើផ្ទះមួយខ្នងរស់នៅបានសមរម្យ និងក៏បានទិញដីខាងក្រោយលំនៅដ្ឋានពង្រីកមុខមុខរបរកសិកម្មផ្សេងៗទៀតផងដែរ ដើម្បីលើកស្ទួយជីវភាពរស់នៅឲ្យកាន់តែប្រសើរឡើង។

ដោយឡែកទាក់ទងនឹងមុខរបរផលិតមេផ្សិតអំបោះលក់គឺក្នុង១ខែៗ លោកអាចផលិតមេផ្សិតបានប្រមាណ២០០០កញ្ចប់ តាមលាកម្មង់របស់អតិថិជន ជួនកាលក៏ច្រើនជាងនេះ ឬតិចជាងនេះ ដោយក្នុងមួយកញ្ចប់លក់បានតម្លៃ ១៥០០រៀល ដែលមេផ្សិត១កញ្ចប់នេះ អាចទទួលផលបានរហូតទៅដល់៤ខែ ទើបផ្សិតលែងដុះ។ រាល់ថ្ងៃនេះ លោកក៏បានបណ្ដុះផ្សិតអំបោះលក់ចំនួន ៥ពាន់ដុំ ដោយក្នុងមួយថ្ងៃៗ លោកបេះផ្សិតលក់បានជាង១០គីឡូ ដោយក្នុង១គីឡូលក់បានថ្លៃពី៦ពាន់ ទៅ៧ពាន់រៀល។

ទន្ទឹមនិងការលក់មេផ្សិត និងលក់ផ្សិតបណ្ដុះខាងលើនេះ នៅក្នុងលំនៅឋានរបស់លោក ក៏មានលក់បន្លែបង្ការ និងត្រីដែលលោកចិញ្ចឹមផងដែរ ដែលប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាបានជួយគាំទ្រ និងមកជួយទិញយកទៅហូបជារៀង រាល់ថ្ងៃ ដោយសារតែបន្លែដែលលោកយកមកលក់ជូនប្រជាកសិករនៅក្នុងភូមិនេះ គឺជាបន្លែដែលមិនប្រើជាតិគីមី៕













News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...