JICA កោតសរសើរកម្ពុជា ចំពោះវិធានទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងការផ្ដល់ភាពកក់ក្តៅដល់អ្នកដំណើរចូលមកប្រទេសខ្លួន

Posted By: RoogRog Robot | 18-Jan-2021 20:53:48

2021-01-18 07:51pm

(ភ្នំពេញ)៖ លោកស្រី ហារូកូ កាម៉ី (Haruko Kamei) ប្រធានអង្គការ JICA ប្រចាំកម្ពុជា បានថ្លែងកោតសរសើរ ដល់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ដែលបានអនុវត្ដបានយ៉ាងល្អប្រសើរ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស ធ្វើឱ្យអ្នកដំណើរពីក្រៅប្រទេស ចូលប្រទេសខ្លួន យ៉ាងមានភាពកក់ក្ដៅ។

ការថ្លែងបែបនេះ របស់លោកស្រី ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅទីស្ដីការក្រសួងសុខាភិបាល នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ។

លោកស្រី ហារូកូ កាម៉ី បានថ្លែងថា សូមកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ដែលបានអនុវត្ដបានយ៉ាងល្អប្រសើរ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ជាពិសេស ដែលបានអនុញ្ញាតឱ្យប្រជាជនជប៉ុន ដែលមកបម្រើរការងារនៅកម្ពុជា និងអ្នកដំណើរពីក្រៅប្រទេសទូទៅចូលកម្ពុជា ទទួលបានភាពកក់ក្ដៅ។

ជាងនេះទៅទៀត លោកស្រីថ្លែងបន្ដថា កម្ពុជាបានដាក់ចេញនូវវិធានការពារប្រទេសខ្លួន បានយ៉ាងហ្មត់ចត់ រួមទាំងវិធាននៃការធ្វើចត្ដាឡីស័ក សូម្បីតែលោកស្រី ក៏បានធ្វើចត្ដាឡីស័កគ្រប់ចំនួន១៤ថ្ងៃផងដែរ ពេលធ្វើដំណើរចូលមកកម្ពុជា។

លោកស្រី បានបញ្ជាក់ទៀតថា ជប៉ុននឹងបន្ដជួយកម្ពុជាបន្ថែមទៀត ក្នុងបរិបទកូវីដ១៩នេះ ដោយការផ្ដល់ហិរប្បទាន ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សម្ភារបរិក្ខារពេទ្យ និងបច្ចេកវិទ្យាផ្សេងៗទៀតលើវិស័យសុខាភិបាល ក្រៅពីបន្ដធ្វើឱ្យប្រសើរឡើងនូវការគាំពារសុខភាព មាតា កុមារ និងទារក នៅកម្ពុជា។

ជាការឆ្លើយតប រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងអំណរគុណដល់ប្រទេសជប៉ុន ដែលកន្លងមកនេះ តែងតែគាំទ្រដល់វិស័យសុខាភិបាលកម្ពុជា ជាពិសេសក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធរូបវន្ដសុខាភិបាល និងកម្មវិធីគាំពារសុខភាពមាតា កុមារ និងទារក និងបន្ដពង្រឹងកិច្ចសហប្រតិបត្ដិការ រវាងគ្នាកាន់តែល្អបន្ថែមទៀត។

ក្នុងឱកាសនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានស្នើសុំដល់ភាគីជប៉ុន បន្ដជួយពង្រីកមន្ទីរពិសោធន៍ ក្នុងបរិបទកូវីដ-១៩នេះ ដល់មន្ទីរពេទ្យខេត្ដស្វាយរៀង និងមន្ទីរពេទ្យខេត្ដកំពង់ចាម និងបន្ដជួយបណ្ដុះបណ្ដាលធនធានមនុស្សជា ពិសេសក្រុមគ្រូពេទ្យនូវចំណេះជំនាញ ផ្ដល់សេវាប្រកបដោយគុណភាព សមធម៌ និងប្រសិទ្ធិភាពជូនប្រជាពលរដ្ឋកម្ពុជា៕













News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...