ចិន សម្រេចដាក់ទណ្ឌកម្មលើមន្ត្រីអាមេរិកមួយចំនួន ដែលបានប្រព្រឹត្តទង្វើមិនគប្បី ជុំវិញបញ្ហាកោះតៃវ៉ាន់

Posted By: RoogRog Robot | 18-Jan-2021 20:00:45

2021-01-18 06:57pm

(ប៉េកាំង)៖ រដ្ឋមន្រ្តីការបរទេសចិន នៅថ្ងៃចន្ទនេះ បាននិយាយថា មន្រ្តីអាមេរិកដែលបានបញ្ចេញអាកប្បកិរិយាមិនគប្បីលើកោះតៃវ៉ាន់ នឹងប្រឈមចំពោះការដាក់ទណ្ឌកម្ម បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានដកការរឹតត្បឹតទំនាក់ទំនងរវាងមន្ត្រីអាមេរិក និងតៃវ៉ាន់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០២១។

ទំនាក់ទំនងរវាងចិន និងអាមេរិកកាន់តែអាក្រក់ទៅៗ ខណៈប្រទេសចិនបានថ្កោលទោសចំពោះការដកការរឹតត្បឹតនៅខែនេះ ដែលប្រកាសដោយរដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) នៅក្នុងថ្ងៃចុងក្រោយនៃតំណែងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។

ប្រទេសចិន ក៏មានការខឹងសម្បារយ៉ាងខ្លាំង ដែលឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ (UN) លោក ឃ្លែល្លី ក្រាហ្វត៍ (Kelly Craft) បាននិយាយទៅកាន់ប្រធានាធិបតីតៃវ៉ាន់លោកស្រី ត្សៃ អ៊ីងវិន (Tsai Ing-wen) បន្ទាប់ពីការគ្រោងធ្វើដំណើរទៅកាន់ទីក្រុងតៃប៉ិត្រូវបានបញ្ឈប់។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហ័រ ឈុនយីង (Hua Chunying) បានគូសបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថា មន្រ្តីអាមេរិកមួយចំនួន នឹងប្រឈមមុខនឹងការដាក់ទណ្ឌកម្ម ដែលប្រទេសចិននឹងអនុវត្តទៅតាមការសន្យារបស់ខ្លួន ដើម្បីធ្វើឲ្យសហរដ្ឋអាមេរិក <<សងនូវអ្វីគ្រប់យ៉ាង>> ដែលវាបានភ្ជាប់ទំនាក់ទំនងជាមួយកោះតៃវ៉ាន់។

លោកស្រី Hua Chunying បានគូសបញ្ជាក់បន្ថែមទៀតថា <<ដោយសារសកម្មភាពខុសរបស់សហរដ្ឋអាមេរិក ប្រទេសចិនបានសម្រេចចិត្តដាក់ទណ្ឌកម្មលើមន្ត្រីអាមេរិកដែលបានប្រព្រឹត្តិអាកប្បកិរិយាមិនគប្បីលើបញ្ហាកោះតៃវ៉ាន់>>។

ប្រទេសចិន បាននិយាយថា កោះតៃវ៉ាន់ គឺជាបញ្ហាសំខាន់ និងរសើបបំផុតក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក និងធ្លាប់បានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាមេរិកដែលលក់អាវុធទៅឱ្យកោះតៃវ៉ាន់ ប៉ុន្តែទោះបីយ៉ាងណាគេមិនទាន់ដឹងច្បាស់ថាតើត្រូវអនុវត្តយ៉ាងដូចម្ដេចទេ។

គួរបញ្ជាក់ថា ទីក្រុងប៉េកាំង បានឆ្លើយតបទៅនឹងការបង្កើនការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះកោះតៃវ៉ាន់ រួមទាំងការលក់អាវុធ និងការធ្វើទស្សនកិច្ចរបស់មន្រ្តីជាន់ខ្ពស់អាមេរិក ដោយការបង្កើនសកម្មភាពយោធានៅក្បែរកោះនោះ រួមទាំងការហោះហើរយន្តហោះកងទ័ពអាកាសរបស់ខ្លួននៅក្បែរកោះនោះផងដែរ។ កាលពីឆ្នាំមុន ប្រទេសចិន បានដាក់ទណ្ឌកម្មទៅលើពលរដ្ឋអាមេរិកចំនួន ១១នាក់ រួមទាំងសមាជិកសភាមកពីគណបក្សសាធារណរដ្ឋរបស់លោក ត្រាំ ផងដែរ ដើម្បីឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោនទៅលើទីក្រុងហុងកុង និងមន្ត្រីចិនដែលត្រូវបានចោទប្រកាន់ថា បានកាត់បន្ថយសេរីភាពនយោបាយនៅក្នុងអតីតអាណានិគមអង់គ្លេសមួយនេះ៕


News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...