CDC របស់សហរដ្ឋអាមេរិក កាត់បន្ថយចំនួនថ្ងៃធ្វើចត្តាឡីស័កពី ១៤ថ្ងៃ មកត្រឹម ០៧ថ្ងៃ ទៅ ១០ថ្ងៃវិញ

Posted By: RoogRog Robot | 03-Dec-2020 20:35:27

2020-12-03 07:29pm

(វ៉ាស៊ីនតោន)៖ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិក (CDC) បាននិយាយនៅថ្ងៃពុធនេះថា បានកាត់បន្ថយរយៈពេលនៃការធ្វើចត្តាឡីស័កពី ១៤ថ្ងៃមកត្រឹម ០៧ ទៅ ១០ថ្ងៃវិញ សម្រាប់មនុស្សមួយចំនួន។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០។

នៅក្នុងគោលការណ៍ណែនាំថ្មីរបស់ខ្លួន CDC បានលើកឡើងថា មនុស្សអាចចាកចេញពីការធ្វើចត្តាឡីស័ក ដោយមិនចាំបាច់ធ្វើតេស្ត ប្រសិនបើពួកគេមិនវិវត្តជារោគសញ្ញាណាមួយ ក្នុងរយៈពេល ១០ថ្ងៃ បន្ទាប់ពីបានប៉ះពាល់នឹងអ្នកណាម្នាក់ ដែលមានជំងឺឆ្លង COVID-19 ឬបន្ទាប់ពី ០៧ថ្ងៃ ប្រសិនបើលទ្ធផលតេស្តអវិជ្ជមាន និងមិនមានចេញជារោគសញ្ញា។

ទោះជាយ៉ាងណា មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិក (CDC) បានទទួលស្គាល់ថា ការកាត់បន្ថយចំនួនថ្ងៃធ្វើចត្តាឡីស័កឲ្យនៅតិចជាង ១៤ថ្ងៃ គឺវាមានហានិភ័យមួយចំនួន។ បើមនុស្សម្នាក់ ដែលបានចាកចេញពីការធ្វើចត្តាឡីស័កនៅថ្ងៃទី១០ ដោយគ្មានរោគសញ្ញា និងមិនបានឆ្លងកាត់ការតេស្ត ហានិភ័យរបស់វា មានពី ១% ទៅ១០% យ៉ាងច្រើនបំផុត។

ចំណែកឯ មនុស្សម្នាក់ ដែលបានចាកចេញពីការធ្វើចត្តាឡីស័កនៅថ្ងៃទី០៧ ដោយគ្មានរោគសញ្ញា ក្រោយពីតេស្តអវិជ្ជមាន នោះហានិភ័យរបស់វា មានប្រហែលពី ០៥% ទៅ ១២%យ៉ាងច្រើនបំផុត។

គួរបញ្ជាក់ថា ការផ្លាស់ប្តូរនេះ បានកើតឡើងនៅចំពេលដែលករណីឆ្លងថ្មីៗ នៃជំងឺ COVID-19 នៅសហរដ្ឋអាមេរិក បានកើនឡើងយ៉ាងគំហុក ដែលធ្វើឲ្យមន្ទីរពេទ្យនានា មានសភាពណែនតាន់តាប់ ខណៈដែលមនុស្សរាប់លាននាក់ កំពុងស្ថិតក្នុងចត្តាឡីស័ក៕



News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...