វិបត្តិជំងឺកូវីដ-១៩ បង្ខំឲ្យតាណូអែលអាមេរិកត្រូវរក្សាគម្លាតសុវត្ថិភាពនៅឆ្ងាយពីក្មេងៗ

Posted By: RoogRog Robot | 03-Dec-2020 19:04:39

2020-12-03 06:01pm

(ម៉ៃអាមី)៖ លោក Brad Six បានក្លាយខ្លួនជាតាណូអែល ជាមួយនឹងស្បែកជើងកវែងពណ៌ខ្មៅ, ខោពណ៌ក្រហម, អាវកាក់ពណ៌ក្រហម, និងមួកពណ៌ក្រហមនៅឯការិយាល័យរបស់ក្រុមហ៊ុនមួយនៅទីក្រុងម៉ៃអាមី (Miami) នៃរដ្ឋផ្លូរីដា (Florida) សហរដ្ឋអាមេរិក ខណៈដែលបុណ្យណូអែលខិតជិតមកដល់ ប៉ុន្តែឆ្នាំនេះមិនដូចឆ្នាំមុននោះឡើយ ដោយសារតែវិបត្តិជំងឺ COVID-19 ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០។

លោកតាណូអែល Brad Six ដែលមានវ័យ៦១ឆ្នាំ ឆ្នាំនេះត្រូវពាក់របាំងមុខប្លាស្ទិច ហើយអង្គុយលើកៅអីនៅពីខាងក្រោយផ្ទាំងកញ្ចក់មួយ ដែលជាកិច្ចចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19។ នេះហើយគឺជាតាណូអែលនៅសម័យកាលនៃជំងឺ COVID-19 ដែលការធ្វើប្រាស្រ័យទាក់ទង គឺត្រូវធ្វើឡើងពីចម្ងាយដោយមានការការពារខ្ពស់បំផុត ឬក៏តាមប្រព័ន្ធអ៊ីនធឺណែត។

លោក Six ដែលបានបង្ហាញខ្លួនលើកដំបូងជាតាណូអែល កាលពី៣៥ឆ្នាំមុន បាននិយាយដូច្នេះថា <<ការទទួលបានថវិកា គឺជាការល្អហើយ ប៉ុន្តែដើម្បីធ្វើការងារនេះឱ្យបានល្អ និងស្ថិតស្ថេរយូរអង្វែង វាតម្រូវឱ្យមានការប្រាស្រ័យទាក់ទងជាមួយក្មេងៗ ប៉ុន្តែឆ្នាំនេះហាក់មិនអាចធ្វើយ៉ាងដូច្នោះបានឡើយ>>។ នៅចំពោះមុខវិបត្តិ COVID-19 ការដាក់ក្មេងៗរាប់រយនាក់ជារៀងរាល់ថ្ងៃឱ្យអង្គុយនៅលើភ្លៅរបស់តាណូអែល ដើម្បីនិយាយទល់មុខគ្នា ពុំអាចកើតមានឡើងទៀតទេ ដោយសារតែមានការព្រួយបារម្ភអំពីការឆ្លងរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ។

សម្រាប់រដូវគ្រីស្មាស់ឆ្នាំ២០២០នេះ តាណូអែល អាចជជែកគ្នាលេងដោយផ្ទាល់ជាមួយក្មេងៗបាន ប៉ុន្តែត្រូវពាក់របាំងមុខប្លាស្ទិច និងឈរក៏ដូចជាអង្គុយពីចម្ងាយនៅខាងក្រោយផ្ទាំងកញ្ចក់ ដែលជាការរក្សាគម្លាតដើម្បីសុវត្ថិភាព។ ជាមួយគ្នានេះ ក៏មានតាណូអែលខ្លះទៀត ដែលត្រូវជជែកលេងជាមួយក្មេងៗតាមប្រព័ន្ធអ៊ីនធឺណិតផងដែរ។

គួរបញ្ជាក់ថា បើតាមលោក Mitch Allen ប្រធានក្រុមហ៊ុន HireSanta ដែលជាក្រុមហ៊ុនផ្តល់សេវាតាណូអែលធំបំផុតមួយប្រចាំអាមេរិក សុវត្ថិភាពតាណូអែលគឺជាកង្វល់ធំបំផុតរបស់ក្រុមហ៊ុនលោក ហើយលោកបានឲ្យដឹងថា ដំបូងឡើយជំងឺឆ្លងរាតត្បាតសកល COVID-19 បានធ្វើឱ្យអាជីវកម្មលោករីងស្ងួតខ្លាំង ប៉ុន្តែវាបានលោតឡើងមកវិញ ជាពិសេសនៅតាមប្រព័ន្ធអ៊ីនធឺណែត ដែលជាមធ្យមតាណូអែល អាចរកប្រាក់ចំណូលបានពី ៥,០០០-១០,០០០ដុល្លារអាមេរិក ក្នុងរដូវកាលធម្មតា៕




News Source: www.freshnewsasia.com
LATEST NEWS
ស្ពានអ្នកលឿង មរតកលោកតា
MORE NEWS CLICK HERE...