ក្រសួងយុត្តិធម៌ ចេញប្រកាសព័ត៌មានថា ថ្នាក់ដឹកនាំ ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី និងមន្ត្រី ដែលពាក់ព័ន្ធព្រឹត្តិការណ៍ ២៨ វិច្ឆិកា ពុំមាននរណាម្នាក់មានលទ្ធផលវិជ្ជមានកូវីដ១៩ នោះទេ គិតត្រឹមម៉ោង៦ល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា

Posted By: RoogRog Robot | 30-Nov-2020 19:35:43

2020-11-30 06:29pm

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឲ្យដឹងថា យោងតាមលទ្ធផលរបស់ក្រសួងសុខាភិបាល គិតត្រឹមម៉ោង៦ ល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងយុត្តិធម៌ រួមទាំងចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី មន្ត្រីរាជការក្នុងវិស័យតុលាការ គឺពុំមាននរណាម្នាក់មានលទ្ធផលវិជ្ជមានកូវីដ-១៩ នោះទេ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

អ្នកនាំពាក្យក្រសួងយុតិ្តធម៌ បានឲ្យដឹងទៀតថា បច្ចុប្បន្ននេះ ទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងយុត្តិធម៌ រួមទាំងចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី មន្ត្រីរាជការក្នុងវិស័យតុលាការ ដែលមានការជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២៨ វិច្ឆិកា ដោយផ្ទាល់ ឬដោយប្រយោល បានធ្វើចត្តាឡីស័ក ព្រមទាំងអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវវិធានការសុវត្ថិភាព តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។

គួរជម្រាបថា កម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ជាលើកដំបូង នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ១៩ លើក្រុមគ្រួសារ អគ្គនាយកពន្ធនាគារកម្ពុជា រួមនឹងអ្នករស់នៅជាមួយ។ ដោយសារតែករណីឆ្លងកូវីដថ្មីលើកនេះ មិនមានប្រភពច្បាស់លាស់ថាចេញមកពីណានោះ ទើបសម្តេចតេជោ ហ៊ុន សែន ហៅករណីនេះថា ជាព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា។

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីមួយចំនួនថែមទៀត ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ធ្វើឲ្យចំនួនអ្នកឆ្លងកូវីដ១៩ ក្នុងព្រឹត្តិការណ៍នេះកើនឡើនដល់ ១៤នាក់។ គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ ១៩នាក់ សរុបចំនួន ៣២៣នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣០១នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ២២នាក់៕



News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...