បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនចេញពីកម្ពុជាទៅ ញូហ្សឺលែន និងអូស្ត្រាលី តាមរយៈកញ្ចប់បញ្ញើប្រៃសណីយ៍ បានជិត៣គីឡូក្រាម

Posted By: RoogRog Robot | 30-Nov-2020 17:51:20

2020-11-30 05:45pm

(ភ្នំពេញ)៖ កម្លាំងនគរបាលជំនាញ និងគយ បានសហការបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនចេញពីកម្ពុជាទៅ ប្រទេសញូហ្សឺលែន និងអូស្ត្រាលី តាមរយៈកញ្ចប់បញ្ញើប្រៃសណីយ៍ ដោយរឹបអូសបានជិត៣គីឡូក្រាម។

យោងតាមរបាយការណ៍របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានបញ្ជាក់ថា ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើស គ្រឿងញៀន (ក១០) សហការជាមួយសមត្ថកិច្ចគយប្រចាំការនៅឃ្លាំងដឹកទំនិញ Cargo នៃអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដឹកនាំផ្ទាល់ដោយលោក ឧត្តមសេនីយ៍ទោ សារី បុត្រសត្យា នាយករងមន្ទីរ និងមានការសម្របសម្រួលពីលោក សឿន មុនីរ័ត្ន ព្រះរាជអជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដំណើរការស្រាវជ្រាវ ស៊ើបអង្កេត និងឈានទៅបង្ក្រាបបានក្រុមជួញដូរគ្រឿងញៀនឆ្លងដែន ចេញពីកម្ពុជា ទៅញូហ្សឺលែន និង អូស្ត្រាលី ដោយលាក់បង្កប់ក្នុងកញ្ចប់បញ្ញើប្រៃសណីយ៍ ចំនួន ៣លើក ជាបន្តបន្ទាប់ នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ចាប់ខ្លួនជនសង្ស័យចំនួន ៣នាក់ និងចាប់យកវត្ថុតាងគ្រឿងញៀន សរុប ២៥៤៩.៧៧ ក្រាម លទ្ធផលរួមមានដូចខាងក្រោម៖

លើកទី១៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នៅចំណុចឃ្លាំងទំនេញ (Cargo) នៃអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ចាប់យកវត្ថុតាង គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ៨៥.៣២ក្រាម ដោយលាក់បង្កប់ក្នុងដំបង២កំណាត់។

លើកទី២៖ នៅថ្ងៃទី ០៥ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចឃ្លាំងទំនេញ (Cargo) នៃអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ចាប់យកវត្ថុតាង គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ១២៩៥.៦៧ក្រាម ដោយលាក់បង្កប់ក្នុងបដិមារព្រះពុទ្ធរូប ឈើ២ព្រះអង្គ។

លើកទី៣៖ នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុច ក្រុមហ៊ុន IAL ផ្ទះលេខ១៦បេ ផ្លូវសូនី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់៖ ឈ្មោះ លឿង សៀងហៃ ភេទប្រុស) កើតឆ្នាំ ១៩៨៩ ជនជាតិខ្មែរ (អ្នកផ្ញើគ្រឿងញៀន) និងឈ្មោះ ឈុន ម៉ារ៉ាឌី ភេទប្រុស កើត ១៩៩៥ ជនជាតិខ្មែរ (អ្នកផ្ញើគ្រឿងញៀន)។ ដោយរឹបអូសគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ១០៤៨.៤៨ក្រាម លាក់បង្កប់ក្នុងរូបបដិមាក៤ អង្គ: ព្រះកេស១. ព្រហ្ម២ . រូប ព្រះបាទជ័យវរ្ម័ន១។

លុះនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងជំនាញបន្តការស្រាវជ្រាវ កំណត់បានមុខសញ្ញាមេខ្លោងម្នាក់ និងឈានទៅចាប់ខ្លួនឈ្មោះ CHEN KEXI ភេទប្រុស ជនជាតិចិន កើត១៩៨១ កាន់លិខិតឆ្លងដែនលេខ EB2396631 ស្នាក់នៅក្នុងបន្ទប់ ២០៥ អាផាត់មិនវិមាឯករាជ្យ ផ្លូវ១២៤ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ និងចាប់យកវត្ថុតាងបាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ១២០.២៧ក្រាម បន្ថែមទៀត ដោយលាក់បង្កប់ក្នុងចម្លាក់ឈើ រូបដំរី២រូប និងដំបងឈើ២កំណាត់៣គូ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ បានសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿង ញៀនបានកសាងសំណុំរឿងបញ្ជូន ទៅតុលាការរាជធានីភ្នំពេញ បន្តតាមនីតិវិធី៕











News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...