លោក Leopoldo Luque គ្រូពេទ្យផ្ទាល់ខ្លួនរបស់លោក Diego Maradona កំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឯប្រទេសអាហ្សង់ទីនពាក់ព័ន្ទនឹងការស្លាប់របស់វីរបុរសបាល់ទាត់ខាងលើ។
លោក Leopoldo Luque (ឆ្វេង) លោក Maradona (ស្ដាំ)តាមបញ្ជារបស់ចៅក្រម ប៉ូលិសប្រមាណ៣០បានចុះទៅឆែកឆេរផ្ទះនិងគ្លីនិករបស់លោក Leopoldo Luque។ មានការសង្ស័យនៃការធ្វេសប្រហែសផ្នែកវេជ្ជសាស្ត្រនៅថ្ងៃចុងក្រោយនៃជីវិតរបស់លោក Maradona ដែលបង្កឲ្យលោកស្លាប់។
មានការលើកឡើងថា Maradona មិនមានលិខិតបញ្ជាក់សុំចេញពីគ្លីនិក ដែលជាកន្លែងលោកបានវះកាត់ខួរក្បាលកាលពីដើមខែវិច្ឆិកា។ ប៉ុន្តែលោកបានចាកចេញពីគ្លីនិកកាលពីថ្ងៃទី១១ ខែ វិច្ឆិកា ដើម្បីត្រឡប់ទៅផ្ទះនៅទីក្រុង Buenos Aires។
គ្រូពេទ្យចិត្តសាស្ត្រនិងមនុស្សម្នាក់ទៀតដែលស្ថិតនៅក្នុងផ្ទះ ពេលដែល Maradona បានស្លាប់ក៏នឹងត្រូវស៊ើបអង្កេតដូចគ្នា។ ករណីមួយទៀត ប្រសិនបើគេរកឃើញ Maradona មានលិខិតបញ្ជាក់ចេញពីគ្លីនិក ហេតុអ្វីបានជានៅផ្ទះរបស់លោកគ្មានគ្រូពេទ្យជំនាញប្រចាំការមើលថែ២៤ម៉ោងត្រឹមត្រូវ។ ហេតុអ្វីបានជាក្នុងផ្ទះគ្មានរថយន្តសង្គ្រោះបន្ទាប់ជាដើម។ គ្រប់យ៉ាងកំពុងស្ថិងក្រោមការស៊ើបអង្កេត៕
ប្រភព៖ Marca ប្រែសម្រួល៖ ហេង សុធារិទ្ធិ
News Source: news.sabay.com.kh