Update៖ នៅវៀតណាម ព្យុះទីហ្វុង Molave ផ្តាច់ជីវិតមនុស្ស ៣៥នាក់ និងរាប់សិបនាក់ទៀតបាត់ខ្លួន

Posted By: RoogRog Robot | 29-Oct-2020 21:13:57

2020-10-29 08:11pm

(ហាណូយ)៖ ព្រុះទីហ្វុងម៉ូឡាវ (Molave) ដែលអាជ្ញាធរវៀតណាមបានចាត់ទុកថា ជាព្យុះដ៏អាក្រក់មិនធ្លាប់កើតមានចាប់តាំងពី ២០ឆ្នាំមក បានចាកចេញពីប្រទេសវៀតណាមវិញហើយ នៅថ្ងៃព្រសហ្បតិ៍នេះ បន្ទាប់ពីវាបានបង្កជាគ្រោះរអិលបាក់ដី និងលិចទូក ក៏ដូចជាការដាច់ចរន្តអគ្គីសនី ដែលបានប៉ះពាល់ដល់មនុស្សប្រមាណជាង ១.៧លាននាក់ ក្នុងនោះយ៉ាងហោចណាស់ ៣៥នាក់ស្លាប់ និងជាង ៥០នាក់ផ្សេងទៀត បន្តបាត់ខ្លួននៅឡើយ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន US News នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០២០។

បើតាមអាជ្ញាធរ ការយកចិត្តទុកដាក់បន្ទាន់របស់ក្រុមអ្នកជួយសង្គ្រោះនៅពេលនេះ គឺផ្តោតទៅលើភូមិចំនួន៣ ស្ថិតនៅភាគកណ្តាលនៃប្រទេស ដែលគ្រោះរអិលបាក់ដី បង្កឡើងដោយព្យុះទីហ្វុង Molave បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៩នាក់ ខណៈមនុស្សជាង ៤០នាក់ផ្សេងទៀតត្រូវបានគេសង្ស័យថា កំពុងកប់ក្នុងភក់។

ក្នុងចំណោមអ្នកស្លាប់ក៏មានអ្នកនេសាទចំនួន ១២នាក់ផងដែរ ដែលទូករបស់ពួកគេបានលិច កាលពីថ្ងៃពុធម្សិលមិញ នៅពេលព្យុះទីហ្វុង Molave ដែលចាប់ផ្តើមបោកបក់ មកលើដែនដីភាគកណ្តាលវៀតណាម នៅក្នុងលឿនខ្យល់ ១៥០គីឡូម៉ែត្រក្នុងមួយម៉ោងកាលពីថ្ងៃពុធម្សិលមិញ ខណៈអ្នកនេសាទ ១៤នាក់ទៀតកំពុងបាត់ខ្លួននៅឡើយ។

ជុំវិញបញ្ហានេះ លោកឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung បានធ្វើដំណើរទៅដល់កន្លែងកើតមានគ្រោះរអិលបាក់ដីមួយកន្លែង ដែលកងកម្លាំងយោធា កំពុងបើកប្រតិបត្តិការជួយសង្រ្គោះ និងស្វែងរកជនរងគ្រោះ ហើយលោកក៏បានបញ្ជាឲ្យមានការបញ្ជូនកងកម្លាំងបន្ថែមទៀតជាបន្ទាន់ ដើម្បីជួយដល់ប្រតិបត្តិការមួយនេះ។

<<យើងត្រូវតែទៅដល់កន្លែងដែលកើតមានគ្រោះរអិលបាក់ដី ឲ្យបានលឿនបំផុត។ ដំបូង យើងត្រូវបញ្ជូនកងកម្លាំងយោធាបន្ថែមទៀត មុនពេលយើងអាចយកម៉ាស៊ីនធំទៅដល់ទីនោះ។ យើងត្រូវទៅដល់តំបន់នោះ តាមរយៈគ្រប់មធ្យោបាយទាំងអស់ រួមទាំងការប្រើឧទ្ធម្ភាគចក្រផងដែរ>> នេះជាការបញ្ជាក់បន្ថែមរបស់លោក Trinh Dinh Dung ។

គួរបញ្ជាក់ថា បើតាមរបាយការណ៍បឋមពីរដ្ឋាភិបាលវៀតណាម ព្យុះទីហ្វុង Molave បានបង្ខំឲ្យប្រជាជនជាង ១លាននាក់ភៀសខ្លួន, រាប់លាននាក់គ្មានអគ្គិសនីប្រើប្រាស់ និងផ្ទះប្រជាជនជាង ៥៦,០០០ខ្នងរងការបំផ្លាញ ឬខូចខាត។ ហើយបើតាមក្រុមមន្រ្តីបាននិយាយថា ចំនួនអ្នកស្លាប់នៅទូទាំងប្រទេសអាចនឹងកើនឡើងបន្ថែមទៀត ដោយសារតែតំបន់ខ្លះមិនអាចរាយការណ៍ព័ត៌មានលម្អិតអំពីការខូចខាតនិងគ្រោះថ្នាក់នៅឡើយទេ៕


News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...