ស្ត្រីឆ្លងទន្លេ ២០គ្រួសារ នៅឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ទទួលបានអំណោយសប្បុរសធម៌ ពីនាយឧត្តមសេនីយ៍ សែម សុវណ្ណនី

Posted By: RoogRog Robot | 29-Oct-2020 20:24:19

2020-10-29 07:17pm

(សៀមរាប)៖ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០នេះ បានប្រគល់អំណោយជូនស្ត្រីឆ្លងទន្លេចំនួន ២០គ្រួសារ ដែលរស់នៅភូមិកកោះជ្រុំ ឃុំខ្នារសណ្តាយ ដើម្បីសម្រួលដល់ការលំបាករបស់ពួកគាត់មួយគ្រា។

អំណោយដែលប្រគល់ជូននាឱកាសនេះរួមមាន៖ ក្នុងមួយគ្រួសារ ទទួលបានអង្ករ ១ការុង និងថវិកា ៥មុឺនរៀល។

បន្ទាប់មកនាយឧត្តមសេនីយ៍ ក៏បានអំពាវនាវសូមឱ្យស្ត្រីទាំងអស់អញ្ជើញ ទៅពិនិត្យសុខភាពក្រោយពេលសម្រាល ទាំងមាតា ទាំងទារក និងទទួលថ្នាំបង្ការជំងឺ១១មុខ តាមការណែនាំ និងតាមកាលកំណត់របស់គ្រូពេទ្យ និងសូមបំបៅទារកដោយទឹកដោះម្ដាយតែមួយមុខគត់ ចាប់ពីពេលទារកទើប្រសូតភ្លាម រហូតដល់ទារកមានអាយុ៦ខែ និងសូមប្រញាប់យកទារកទៅមន្ទីរពេទ្យភា្លម នៅពេលឃើញសញ្ញាគ្រោះថ្នាក់ណាមួយ នៃជំងឺរលាកផ្លូវដង្ហើម ជំងឺរាគ ឬជំងឺឆ្លងដទៃទៀត

ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខប្រជាពលរដ្ឋ ព្រមទាំងណែនាំដល់ពួកគាត់ឱ្យគិតគូរពីសុវត្ថិភាព និងមេត្តាបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ជាពិសេសសត្វសាហាវ ដែលអាចកើតឡើងជាយថាហេតុ ព្រមទាំងចូលរួមសហការ និងផ្តល់ព័ត៌មានជូនដល់អាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត ដើម្បីជួយអន្តរាគមន៍បានទាន់ពេលវេលា។

នាយឧត្តមសេនីយ៍ ក៏បានក្រើនរំឮកដល់ប្រជាពលរដ្ឋ ឱ្យគិតគូរថែទាំសុខភាពឱ្យបានល្អ រក្សាអនាម័យស្អាត និងបរិភោគទឹកដាំឆ្អិន ឬអាហារដែលចម្អិនបានល្អ ចៀសវាងជំងឺរាតត្បាតនានាដែលបង្កឡើងដោយទឹក និងប្រុងប្រយ័ត្នពីសត្វអាសិរពិសគ្រប់ប្រភេទ ព្រមទាំងបន្តទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ដោយអនុវត្តតាមវិធានការពាររបស់ក្រសួងសុខាភិបាល និងទម្លាប់រស់នៅបែបធម្មតា តាមបែបគន្លងថ្មី និងសូមប្រុងប្រយ័ត្ន និងការពារកុំឱ្យកើតមានជំងឺគ្រុនឈាម គ្រុនចាញ់ និងគ្រុនឈីក។

ទន្ទឹមនឹងនេះដែរ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានណែនាំលោកមេឃុំ មេភូមិ អនុភូមិ ឱ្យយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខនិងជីវភាពរបស់ប្រជាពលរដ្ឋទាំងអស់នៅក្នុងភូមិឃុំ ពង្រឹងការអភិវឌ្ឍន៍ឃុំ និងត្រូវរាយការណ៍ជាបន្ទាន់ប្រសិនបើមានបញ្ហាអសន្តិសុខផ្សេងៗ ជាពិសេសបញ្ហារសុខទុក្ខជីវភាពរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងមូលដោយមិនប្រកាន់និន្នាការបក្សនយោបាយណាមួយនោះឡើយ៕














News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...