រដ្ឋមន្រ្តីការបរទេសហុងគ្រី នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី០៣ ខែវិច្ឆិកា

Posted By: RoogRog Robot | 29-Oct-2020 19:26:07

2020-10-29 06:20pm

(ភ្នំពេញ)៖ លោក ភីធើ ស៊ីចាតូ (Péter Szijjártó) រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្ម នៃប្រទេសហុងគ្រី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។ នេះបេីតឆមសេចក្តីប្រកាសក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ទស្សនកិច្ចផ្លូវការនេះ ធ្វេីឡេីងតបតាមការអញ្ជើញរបស់ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា។

អំឡុងពេលមកដល់កម្ពុជា លោក ភីធើ ស៊ីចាតូ នឹងចូលជួបសម្តែងការគួរសមចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ក្រោយជំនួបសម្តែងការគួរសមនេះ សម្តេចតេជោ នាយករដ្ឋមន្រ្តី នឹងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួនបី ដូចខាងក្រោម៖

១៖ កិច្ចព្រមព្រៀងស្តីពីសេវាដឹកជញ្ជូនតាមផ្លូវអាកាសចរ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រ កម្ពុជា និងរដ្ឋាភិបាលហុងគ្រី

២៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការគ្រប់គ្រងធនធានទឹក រវាងក្រសួងធនធានទឹក និងឧតុនិយមនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃហុងគ្រី

៣៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងកសិកម្មហុងគ្រី

ក្រសួងការបរទេសបានបញ្ជាក់ទៀតថា លោក ភីធើ ស៊ីចាតូ នឹងមានជំនួបប្រជុំផ្លូវការជាមួយ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យនានា ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាប្រយោជន៍និងកង្វល់រួម និងបន្តដោយសន្និសីទសារព័ត៌មានរួមគ្នា។

លោក ភីធើ ស៊ីចាតូ នឹងមានជំនួបដោយឡែកពីគ្នា ជាមួយ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង លោក សួស យ៉ារ៉ា សមាជិកសភាកម្ពុជាផងដែរ។

ជាងនេះទៅទៀត លោក ភីធើ ស៊ីចាតូ នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការការិយាល័យនៃស្ថានទូតហុងគ្រី នៅរាជធានីភ្នំពេញ។

ក្រសួងបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់ លោក ភីធើ ស៊ីចាតូ នឹងបន្តពង្រីក និងពង្រឹងបន្ថែមទៀតនូវ ទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជានិងហុងគ្រី៕







News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...