ថវិកាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានយកទៅប្រគល់គ្រួសារសព ពីរសពបន្ថែមទៀត

Posted By: RoogRog Robot | 22-Oct-2020 23:52:38

2020-10-22 09:43pm

(បន្ទាយមានជ័យ)៖ លោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ និងលោក គីម វីរៈ ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ បាននាំយកថវិកាជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនគ្រួសារសពចំនួនពីរសពបន្ថែមទៀត នៅក្នុងស្រុកស្វាយចេក និងស្រុកថ្មពួក។

គ្រួសារសពដែលទទួលបានថវិការបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ រួមមានគ្រួសារសពរបស់លោក ញ៉ែង ញៀន អាយុ ៦២ឆ្នាំ និងគ្រួសារសពកុមារី សន ស្រីអឿង អាយុ ១៦ឆ្នាំ។

ក្នុងឱកាសនោះ លោក គឹង វណ្ណៈ និងលោក គីម វីរៈ ជួសមុខសម្តេចតេជោនាយករដ្ឋមន្ត្រី បាននាំយកនូវប្រសាសន៍ និងការផ្តាំផ្ញើសាកសួរសុខទុក្ខគ្រួសារសព ព្រមទាំងការរំលែកនូវមរណទុក្ខដ៏ក្រៀមជាមួយគ្រួសារសព។

លោក គឹម វណ្ណៈ និងលោក គីម វីរៈ សូមឱ្យគ្រួសារសពកាត់ចិត្ត និងសូមបួងសួងឱ្យវិញ្ញាណក្ខន្ធលោក ញ៉ែង ញៀន និងកុមារី សន ស្រអឿង បានទៅកាន់សុគតិភព។

សូមបញ្ជាក់ថា ដើម្បីរំលែកការលំបាក និងចូលរួមចាត់ចែងកម្មវិធីបុណ្យនោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្រេចឧបត្ថម្ភថវិកាដល់ក្រុមគ្រួសារជនរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងមួយសពប្រមាណ ១០លានរៀល។ រហូតដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ប្រជាពលរដ្ឋចំនួន ៣៩នាក់ហើយ បានស្លាប់បាត់បង់ជីវិតក្នុងគ្រួសារទឹកជំនន់។

ខេត្តបន្ទាយមានជ័យមានអ្នកស្លាប់រហូតដល់ទៅ ២២នាក់។ គ្រួសារសពចំនួន ២០សពហើយបានទទួលថវិកាជាការឧបត្ថម្ភរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត៕







News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...