ពលរដ្ឋ ៣៩នាក់ហើយស្លាប់ដោយទឹកជំនន់, ខេត្តបន្ទាយមានជ័យ ស្លាប់ ២២នាក់

Posted By: RoogRog Robot | 22-Oct-2020 23:52:38

2020-10-22 09:58pm

(ភ្នំពេញ)៖ របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានគូសបញ្ជាក់ថា គិតពីថ្ងៃទី០១ ខែកញ្ញា រហូតដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋ ៣៩នាក់ហើយ បានស្លាប់បាត់បង់ជីវិតដោយសារគ្រោះទឹកជំនន់។ ក្នុងនោះខេត្តបន្ទាយមានជ័យច្រើនជាងគេ មានរហូតដល់ទៅ ២២នាក់។

ក្នុងរបាយការណ៍ បានបង្ហាញថា ខេត្តដែលមានប្រជាពលរដ្ឋរងគ្រោះបាត់បង់ជីវិតដោយជំនន់ទឹកភ្លៀងនេះរួមមាន៖ ខេត្តពោធិ៍សាត់ ៦នាក់, បន្ទាយមានជ័យ ២២នាក់, ប៉ៃលិន ១នាក់, ព្រះសីហនុ ២នាក់, កំពង់ធំ ៦នាក់, ស្ទឹងត្រែង ១នាក់ និងកំពង់ឆ្នាំង ១នាក់។

របាយការណ៍ក៏បានឱ្យដឹងផងដែរថា គ្រោះទឹកជំនន់នេះ ធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ១២០,៧៨៥គ្រួសារ ស្មើនឹង ៤៨៣,១៤០នាក់។ ទឹកជំនន់បានបង្កឱ្យខូចហេដ្ឋារចនាសម្ព័ន្ធជាច្រើនផងដែរ។ ក្នុងនោះប្រជាពលរដ្ឋប៉ះពាល់ ១១ម៉ឺនខ្នង និង ខូចខាតជាង ៦៣ខ្នង, ប៉ះពាល់សន្ទូង និងដំណាំផ្សេងៗជិត ២០ម៉ឺនហិកតា។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកគ្រោះទឹកជំនន់នេះ គឺជាការលំបាកមួយទៀត បន្ថែមពីលើវិបត្តិជំងឺកូវីដ១៩។ តែទោះបីជាយ៉ាងណាសម្តេចតេជោ បានអះអាងថា នឹងរួមគ្នាជម្នះបញ្ហាទាំងអស់។ ទន្ទឹមនេះសម្តេចតេជោ ហ៊ុន សែន បានណែនាំអាជ្ញាធរពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធឱ្យជួយស្តារសេដ្ឋកិច្ច ស្តារជីវភាពប្រជាពលរដ្ឋ និងជួសជុលប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធឡើងវិញ៕




News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...