ម្ចាស់ហាង គុនខ្មែរលក់ទូរស័ព្ទទំនើប ដែលល្បីជួយអ្នកប្រដាល់ជាបន្តបន្ទាប់ ខេង សុងហួ បានជូនទូរស័ព្ទដៃ ១គ្រឿង និងចេញមុខប្រមូលថវិកាបានមួយចំនួនដើម្បីជួយកីឡាករ ទូច រាជសីហ៍ ក្រោយមើលពីភាពក្រលំបាកក្នុងជីវភាពរស់នៅខ្វះមុខខ្វះក្រោយថ្មីៗនេះ។
រូបភាពលើហ្វេសបុក លោក ខេង សុងហួបើតាមការបង្ហោះនៅលើហេ្វសបុកផ្ទាល់ខ្លួនរបស់លោក ខេង សុងហួ ប៉ុន្មានថ្ងៃមុននេះ គឺបានប្រកាសរកជំនួយពីសប្បុរសជនដែលចង់ជួយកីឡាករ ទូច រាជសីហ៍ តាមរយៈលោក។ នៅព្រឹកមិញនេះដែរគេឃើញលោកបានបង្ហោះរូបភាពផ្ដល់ជូនទូរស័ព្ទ១គ្រឿង រួមនិងថវិកាចំនួន២៦ម៉ឺនដែលបានមកពីការជួយឧបត្ថម្ភនានាតាមរយៈលោក។
នេះមិនមែនជាសកម្មភាពលើកទី១ សម្រាប់លោក ខេង សុងហួ ទេដែលបានជួយអ្នកប្រដាល់គុនខ្មែរនោះ។ មានកីឡាកររងរបួស និងទទួលបានបានខ្សែក្រវាត់ ឬពានរង្វាន់ជាច្រើនរូបដែលធ្លាប់បានវត្ថុអនុស្សាវរីយជាការលើកទឹកចិត្តទៅដល់ពួកគេ៕
អត្ថបទ៖ នួន ស៊ីណា
News Source: news.sabay.com.kh