លោក គុយ សុផល នាំយកព្រះរាជអំណោយព្រះមហាក្សត្រ និងសម្តេចម៉ែចែកដល់ប្រជារាស្រ្តរងគ្រោះទឹកជំនន់នៅស្រុកអង្គស្នួល

Posted By: RoogRog Robot | 18-Oct-2020 09:44:23

2020-10-18 09:38am

(កណ្ដាល)៖ យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងទទួលបានការអនុញ្ញាតពីសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង លោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង បាននាំយកព្រះរាជអំណោយព្រះមហាក្សត្រ និងសម្តេចម៉ែចែកដល់ប្រជារាស្រ្តរងគ្រោះទឹកជំនន់សរុប ៥៤៥ គ្រួសាររស់នៅក្នុងភូមិទាំង ១៦ នៃឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

សកម្មភាពព្រះរាជតំណាងនេះបានធ្វើឡើងនាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ អមដោយវត្តមានលោក ឈា ហន រដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំង ព្រមទាំងមន្ត្រីសំខាន់ៗរបស់ក្រសួងព្រះបរមរាជវាំងជាច្រើនរូបទៀត ក៏មានការចូលរួមទទួលស្វាគមន៍ពីសំណាក់លោក ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ព្រមទាំងអាជ្ញាធរដែនដី មន្ត្រីក្នុងស្ថាប័នពាក់ព័ន្ធ និងប្រជារាស្ត្រក្នុងមូលដ្ឋាននេះ។

លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល បានថ្លែងសុន្ទរកថាស្វាគមន៍ ថ្វាយព្រះពរ និងថ្លែងអំណរព្រះមហាករុណាទិគុណដ៏ជ្រាលជ្រៅជាទីបំផុតថ្វាយព្រះករុណា និងសម្តេចព្រះមហាក្សត្រី ដែលព្រះអង្គបានបន្តរួមសុខរួមទុក្ខជាមួយនឹងទុក្ខលំបាករបស់ប្រជារាស្ត្រ ជាកូនចៅ ចៅទួតរបស់ព្រះអង្គរស់នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ដែលកំពុងជួបប្រទះនូវការលំបាកយ៉ាងខ្លាំង ដោយទឹកជំនន់ទឹកភ្លៀងនាពេលនេះ។ នៅក្នុងរបាយការណ៍របស់លោកអភិបាលស្រុកក៏បានលើកឡើងផងដែរអំពីផលប៉ះពាល់ និងការខូចខាតនូវសមិទ្ធផល និងហេដ្ឋារចនាសម្ពន្ធ ដោយសារទឹកជំនន់ទឹកភ្លៀង។

លោក គុយ សុផល ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គទាំងទ្វេ បានជម្រាបជូនពីព្រះរាជបណ្តាំដ៏ខ្ពង់ខ្ពស់ពីព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី សព្វថ្ងៃព្រះអង្គកំពុងគង់សម្រាកពិនិត្យព្យាបាលព្រះរាជសុខភាពនៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ព្រះអង្គមានព្រះរាជហឫទ័យនឹករឭក និងសាកសួរសុខទុក្ខក្នុងព្រះរាជហឫទ័យអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះកូនចៅ ចៅទួតរបស់ព្រះអង្គដែលទទួលរងគ្រោះ ដោយទឹកជំនន់ទឹកភ្លៀងរស់នៅឃុំពើក ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ដែលកំពុងជួបប្រទះនូវការលំបាកខ្វះខាតក្នុងជីវភាពជាខ្លាំង ដូចជាការប្រឈមមុខទៅនឹងការខ្វះខាត ស្បៀងអាហារ ទីជម្រក បញ្ហាសុខភាព ការខូចខាតនូវភោគផលដំណាំ ទ្រព្យសម្បត្តិផ្សេងៗ និងការបំផ្លិចបំផ្លាញដល់ហេដ្ឋារចនាសម្ពន្ធសង្គមជាតិ។ ហេតុនេះហើយទើបព្រះអង្គទាំងទ្វេបានប្រោសព្រះរាជទានលោក គួយ សុផល នាំមកនូវព្រះរាជអំណោយដ៏ថ្លៃថ្លាចែកជូនប្រជានុរាស្ត្រទាំង ៥៤៥ គ្រួសារនេះ ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាព។

ព្រះរាជអំណោយព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ដែលចែកជូនប្រជានុរាស្ត្រក្នុងគ្រួសារនីមួយៗ រួមមាន៖ អង្ករ ១ បាវ ឃីត ១ កញ្ចប់ (មានមុង ១ ភួយ ១ ក្រមា ១ សារុង ១) មី ១ កេស ត្រីខ ១០ កំប៉ុង កៅស៊ូតង់ ១ ផ្ទាំង សាប៊ូ ៥ ដុំ អាវយឺត ១ និងថវិកា ៤០ ម៉ឺនរៀល។

ព្រះរាជអំណោយដ៏ថ្លៃថ្លាដែលបានប្រោសព្រះរាជទាន សម្រាលការលំបាកក្នុងបញ្ហាខ្វះខាតស្បៀងអាហាររបស់ប្រជារាស្រ្តរស់នៅក្នុងឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល នៅពេលនេះ គឺជាព្រះរាជហឫទ័យសណ្ដោសប្រោសប្រណីដ៏មហាប្រសើរថ្លៃថ្លា នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សម្ដេចម៉ែ សម្ដេចយាយ សម្ដេចយាយទួត ដែលព្រះអង្គតែងតែមានព្រះរាជហឫទ័យទុកដាក់ដ៏ខ្ពង់ខ្ពស់ជានិច្ចចំពោះសុខទុក្ខរបស់ប្រជារាស្រ្ត ជាកូនចៅ ចៅទួតរបស់ព្រះអង្គនៅទូទាំងកម្ពុជា ពិសេសប្រជាពលរដ្ឋដែលមានជីវភាពខ្សត់ខ្សោយដោយគ្រោះធម្មជាតិជាដើម ត្រូវបានព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ព្រះអង្គប្រោសព្រះរាជទាននូវព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមគ្រប់បែបយ៉ាង ទាំងព្រះរាជអំណោយសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងព្រះរាជអំណោយជាឧត្តមប្រយោជន៍សម្រាប់ការអភិវឌ្ឍក្នុងមូលដ្ឋានភូមិឃុំទាំងមូល ដើម្បីរួមចំណែកធ្វើឱ្យជីវភាពរស់នៅរបស់ប្រជារាស្រ្តកាន់តែមានភាពល្អប្រសើរឡើងជាបន្តបន្ទាប់។

ប្រជារាស្រ្តដែលទទួលបានព្រះរាជអំណោយរស់នៅក្នុង ១៦ភូមិ របស់ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល បានថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុតចំពោះព្រះរាជទានដ៏ថ្លៃថ្លានេះ និងសូមថ្វាយព្រះរាជសព្ទសាធុការពរដ៏បវរមហាប្រសើរថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី សូមព្រះអង្គបានប្រកបតែនឹងព្រះបរមសុខគ្រប់ប្រការ មានព្រះរាជសុខភាពដ៏ល្អបរិបូណ៌ ព្រះកាយពលមាំមួន និងមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់នៅជាមហាម្លប់ដ៏ត្រជាក់ត្រជុំដល់កូន ចៅ ចៅទួតរបស់ ព្រះអង្គទូទាំងព្រះរាជាណាចក្រកម្ពុជាជាដរាបតរៀងទៅ។

សូមបញ្ជាក់ជូនថា នេះជាលើកទី៣ នៃការប្រទានព្រះរាជអំណោយដ៏ថ្លៃថ្លារបស់អង្គព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ចែកជូនប្រជារាស្ត្រជាកូន ចៅ ចៅទួត ដែលកំពុងរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងតាមរយៈលោក គុយ សុផល ដែលព្រះរាជតំណាងដែលលើកទី១ នៅស្រុកកណ្តៀង ខេត្តពោធិ៍សាត់ មានចំនួនសរុប ៦៤៥ គ្រួសារ លើកទី២ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង មានចំនួន ៥១១ គ្រួសារ និងលើកទី៣នេះ នៅស្រុកអង្គស្នួល ខេត្តកណ្តាល មានចំនួន ៥៤៥ គ្រួសារ៕
















News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...