រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងតំណាងអង្គការ WHO នៅកម្ពុជា កំពុងធ្វើដំណើរចុះទៅខេត្តបន្ទាយមានជ័យ ក្រោយពីទឹកជន់លិចមន្ទីរពេទ្យ

Posted By: RoogRog Robot | 18-Oct-2020 09:26:15

2020-10-18 08:21am

(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកស្រី លី អៃឡាន (Li Ailan) តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា ព្រមទាំងមន្ត្រីសុខាភិបាលផ្សេងទៀត នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ បាននិងកំពុងធ្វើដំណើរ ចុះទៅខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យស្ថានភាពមន្ទីរពេទ្យនៅទីនោះ បន្ទាប់ពីរងការលិចលង់ដោយសារទឹកជំនន់។ នេះបើតាមការបញ្ជាក់របស់លោកស្រី ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ប្រាប់បណ្តាញព័ត៌មាន Fresh News ។

សូមជម្រាបថា ជំនន់ទឹកភ្លៀង និងទឹកហូរធ្លាក់មកពីប្រទេសថៃ បានបង្កឲ្យរងគ្រោះទឹកជំនន់ដល់ខេត្តបន្ទាយមានជ័យ។ មន្ទីរពេទ្យបង្អែកស្រុកថ្មពួក ត្រូវបានទឹកជន់លិចយ៉ាងជ្រៅនៅយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០។

កម្លាំងសង្គ្រោះមានកងពលតូចទ័ពពិសេស (៩១១) យោធា កងរាជអាវុធហត្ថ និងនគរបាលខេត្តដឹកនាំបញ្ជាផ្ទាល់ ដោយលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ បានចុះជួយជម្លៀសប្រជាពលរដ្ឋទាំងយប់ភ្លាមផងដែរ។

ក្រុមគ្រូពេទ្យប្រមាណជា១០០នាក់ និងអ្នកជំងឺ១៣នាក់ ត្រូវបានដឹកជម្លៀសពីមន្ទីរពេទ្យបង្អែកថ្មពួក ទៅកាន់មន្ទីរពេទ្យបង្អែកស្រុកស្វាយចេក។

របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៧ ខែតុលា ខេត្តបន្ទាយមានជ័យ បានជន់លិចក្រុង/ស្រុក ចំនួន៩ និងឃុំ/សង្កាត់ចំនួន៤៩ ហើយធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋជាង១ម៉ឺនគ្រួសារ ហើយប្រជាពលរដ្ឋជាង ២ពាន់គ្រួសារត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព។

គិតត្រឹមថ្ងៃទី១៧ ខែតុលា ប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ១២នាក់ បានស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់។ ដើម្បីដោះស្រាយការលំបាកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនៅថ្ងៃទី១៧ ខែតុលា នេះ ក៏បានសម្រេចបន្ថែមកញ្ចប់ថវិកាចំនួន ១០ម៉ឺនដុល្លារបន្ថែមទៀតទៅកាន់ខេត្តជាប់ព្រំដែនថៃមួយនេះ។ មកដល់ពេលនេះខេត្តបន្ទាយមានជ័យទទួលបានថវិកាពីសម្តេចតេជោ ២០ម៉ឺនដុល្លារហើយ៕













































News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...