រដ្ឋមន្ត្រីក្រសួងកសិកម្មបញ្ជាឲ្យជលផលខេត្តកណ្ដាល កាត់បន្ថយ ឬបញ្ឈប់ការនាំចូលត្រីពីបរទេស ដើម្បីទុកឱកាសឱ្យពលរដ្ឋចិញ្ចឹមត្រីមានក្តីសង្ឃឹម !

Posted By: RoogRog Robot | 26-Sep-2020 20:48:07

2020-09-26 07:42pm

(កណ្ដាល)៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានបញ្ជាឱ្យរដ្ឋបាលជលផលខេត្តកណ្ដាល ត្រូវពិនិត្យលើគោលការណ៍នាំចូលត្រីគ្រប់ប្រភេទ ពោលគឺកាត់បន្ថយជាអតិបរមា ឬបញ្ឈប់ការនាំចូលតែម្ដង កុំឱ្យប៉ះពាល់ដល់ផលិតកម្មត្រីក្នុងស្រុក ខណៈការបញ្ឈប់ការនាំចូលជាឱកាសមាសសំរាប់ប្រជាជនមានសង្ឃឹមលក់ដូរលើទីផ្សារបានងាយស្រួល ។

លោករដ្ឋមន្ត្រីបានបង្គាប់យ៉ាងដូច្នេះនៅក្នុងពិធីសំណេះសំណាល និងចែកសម្ភារៈ តង់ប្លាស្ទិច កូនត្រីអណ្ដែង កូនកង្កែប និងចំណី សំរាប់អនុវត្តសកម្មភាពវារីវប្បកម្ម ក្នុងអំឡុងពេល នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៥២ គ្រួសារ រស់នៅក្នុងឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ដែលមានការចូលរួមពីលោកបណ្ឌិតគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលផងដែរ ។

លោកវេង សាខុន បានលើកឡើងថា សកម្មភាពនៃយុទ្ធនាការជំរុញផលិតកម្មស្បៀងមាន៖ ស្រូវ បន្លែ ដំណាំ មាន់ ជ្រូក ត្រី និងកង្កែប ជាលក្ខណៈគ្រួសារតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដោយសហការជាមួយអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ធ្វើយ៉ាងណាដើម្បីចូលរួមបង្កើនផលិតភាពផលិតកម្មស្បៀង បង្កើតការងារ តាមរយ:ការពង្រឹង និងពង្រីកសកម្មភាពចិញ្ចឹមត្រី ចិញ្ចឹមកង្កែប ដាំដំណាំ និងបន្លែបង្កាជាលក្ខណ:គ្រួសារ ដើម្បីបង្កើនចំណូល ធានាសន្តិសុខស្បៀងក្នុងគ្រួសារ ស្របពេលដែលវិស័យមួយចំនួនទៀតកំពុងប្រឈមបញ្ហាដោយសារជំងឺឆ្លងកូវីដ-១៩។

លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា ស្រុកខ្សាច់កណ្តាល ជាស្រុកមួយក្នុងចំណោមស្រុកទាំង ១១ ក្នុងខេត្តកណ្តាល ដែលមានសក្តានុពលផ្នែកផលិតកម្មបន្លែសម្រាប់ផ្គត់ផ្គង់ឱ្យរាជធានីភ្នំពេញ ហេតុនេះហើយសូមប្រជាកសិករ ត្រូវឆ្លៀតទាញយកប្រយោជន៍ពីឱកាសមាសនេះ តាមរយ:ការខិតខំបង្កើនផលិតភាព ផលិតកម្មបន្លែ ចិញ្ចឹមសត្វ ត្រី និងដាំដំណាំរួមផ្សំ ដើម្បីធានានូវនិរន្តរភាពនៃការផ្គត់ផ្គងឲ្យទីផ្សារ និងសន្តិសុខស្បៀង។

រដ្ឋមន្ត្រីរូបនេះក៏បានបានណែនាំឱ្យមន្ទីរ មន្រ្តីជំនាញរដ្ឋបាលជលផល និងអាជ្ញាធរមូលដ្ឋានត្រូវចុះមកជួយជំរុញការចិញ្ចឹមត្រី ដាំបន្លែ ចិញ្ចឹមសត្វ ធ្វើយ៉ាងណាដើម្បីពង្រីក និងពង្រឹងសមត្ថភាពចិញ្ចឹមតាមគ្រប់រូបភាព។ ត្រូវធ្វើការតាមដាននូវរាល់សកម្មភាពរបស់វារីវប្បករដែលនឹងយកកូនត្រីទៅចិញ្ចឹមនាថ្ងៃនេះ ធ្វើយ៉ាងណាឱ្យការចិញ្ចឹម ទទួលបានផលល្អ។

លោករដ្ឋមន្ត្រីបញ្ជាក់ទៀតថា មន្រ្តីជំនាញរដ្ឋបាលជលផល ត្រូវបន្តចុះជួយផ្សព្វផ្សាយបណ្តុះបណ្តាលបន្ថែម លើការងារបច្ចេកទេសចិញ្ចឹម បង្កាត់ ភ្ញាស់កូន វិធីលាយផ្សំចំណី ការថែទាំ និងប្រសិទ្ធភាពសេដ្ឋកិច្ច រៀបចំបណ្តុំផលិតកម្មចិញ្ចឹម ដើម្បីធានាការផ្គត់ផ្គង រៀបចំផែនការចិញ្ចឹមច្បាស់លាស់ និងអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។

គួរជម្រាបថា សម្រាប់ថ្ងៃនេះ កសិករចំនួន ៥២គ្រួសារ គ្រួសារនីមួយៗទទួលបានកូនត្រីអណ្តែង ៧០០ក្បាល ចំណី ៤បាវ និងតង់ប្លាស្ទិកចិញ្ចឹមត្រី១ផងដែរ ៕









News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...