Chip Mong Land រក្សាជំហរអភិវឌ្ឍន៍អាងស្តុកទឹកបណ្តោះអាសន្នក្នុង ហ្គ្រេន ភ្នំពេញ ជាឧទ្យានបៃតងស្តង់ដារអាមេរិក ដែលនាំមកនូវប្រយោជន៍រួម ហើយក្រុមហ៊ុនអះអាងថា គ្មានការរំលាយទីលានវាយកូនគោលឡើយ (Video inside)

Posted By: RoogRog Robot | 26-Sep-2020 17:47:49

2020-09-26 04:43pm

(ភ្នំពេញ)៖ បន្ទាប់ពីក្រុមហ៊ុន ជីប ម៉ុងលែន (Chip Mong Land) ដែលជាក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជា បានទិញយកទ្រព្យសម្បត្តិសកម្ម និងអាជីវកម្មទាំងអស់របស់ក្រុមហ៊ុន ហ្គ្រែន ភ្នំពេញ យកមកគ្រប់គ្រង កាលពីឆ្នាំ២០១៩រួមមកនោះ, ក្រុមហ៊ុនដ៏ល្បីមានកេរ្តិ៍ឈ្មោះមួយនេះបានបន្តធ្វើការអភិវឌ្ឍន៍លំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធក្នុងគម្រោង ហ្គ្រេន ភ្នំពេញ (Grand Phnom Penh) ប្រកបដោយការយកចិត្តទុកដាក់ និងចក្ខុវិស័យវែងឆ្ងាយ។

ផ្លូវចាស់មួយចំនួនក្នុងហ្គ្រេនភ្នំពេញ ដែលរងការខូចខាតធ្វើឲ្យប្រជាពលរដ្ឋទាំងក្នុងសហគមន៍ និងក្រៅសហគមន៍ពិបាកធ្វើដំណើរឆ្លងកាត់ត្រូវបានស្តារ និងស្ថាបនាឡើងវិញ ប្រកបដោយគុណភាពខ្ពស់ ធានាបាននូវការប្រើប្រាស់បានយូរ។ ប្រព័ន្ធធារាសាស្ត្រ និងផ្លូវថ្មីៗបន្ថែមទៀត ក៏ត្រូវបានស្ថាបនាជាបន្តបន្ទាប់ សម្រាប់ផលប្រយោជន៍រួម។

ជាមួយគ្នានេះអាងស្តុកទឹកដែលមានទំហំជិត១០ហិកតា នៅក្នុងគម្រោង ហ្គ្រេន ភ្នំពេញ ស៊ីធី ជាអាងស្តុកទឹកបណ្តោះអាសន្ន ត្រូវបានជីកយកដីចេញកាលពីចាប់ផ្តើមអភិវឌ្ឍគម្រោងដំបូង ហើយមានតួនាទីស្តុកទឹកស្រោចស្រពទីលានវាយកូនហ្គោល ក៏ស្ថិតក្នុងអភិវឌ្ឍន៍ផងដែរ គឺផ្នែកខ្លះត្រូវអភិវឌ្ឍន៍ ជាគម្រោងលំនៅឋានបែបប្រណិត និងចំណែកខ្លះត្រូវអភិវឌ្ឍន៍ជាឧទ្យានបៃតងស្តង់ដារអាមេរិក ដែលនាំមកនូវប្រយោជន៍រួមដល់ ផលសហគមន៍ទាំងមូល។

តើប្រយោជន៍រួម ដែលសហគមន៍រស់នៅក្នុងគម្រោងហ្គ្រេនភ្នំពេញ ទទួលបានពីការអភិវឌ្ឍន៍អាងស្តុកទឹកបណ្តោះអាសន្ននោះមានអ្វីខ្លះ ?

តំណាងក្រុមហ៊ុន ជីប ម៉ុងលែន បានអះអាងថា ប្រយោជន៍សំខាន់ៗទាំងនោះមានដូចជា៖

១៖ ជាកន្លែងហាត់ប្រាណលំហែរកាយប្រកបដោយផាសុកភាព

បច្ចុប្បន្នបើទោះ ជាមានអាងស្តុកទឹកបណ្តោះអាសន្ននេះ ប៉ុន្តែប្រជាពលរដ្ឋក្នុងសហគមន៍មិនបានអាស្រ័យផលអ្វីទាល់តែសោះ ក្រៅតែពីអាចមើលឃើញផ្ទៃបឹងពីចម្ងាយ ឬជិះកាត់ និងជាកន្លែងសម្រាប់គេវាយគ្រាប់កូនគោលទម្លាប់ទឹកប៉ុណ្ណោះ តែសម្រាប់ការទាញយកប្រយោជន៍ពីបឹងនេះវិញគឺគ្មានសោះឡើយ។

ផ្ទុយទៅវិញនៅពេលដែលក្រុមហ៊ុនអភិវឌ្ឍន៍បឹងនេះ ទៅជាគម្រោងលំនៅឋានបែបប្រណិតវិញ ក្រុមហ៊ុនបានកាត់ចំណែកដីប្រមាណ១ហិកតា សម្រាប់ស្ថាបនានូវឧទ្យានបៃតង ដែលមានស្តង់ដារអាមេរិក សម្រាប់ការលំហែកាយ និងផ្តល់ជាកន្លែងមានបរិយាកាសល្អបរិសុទ្ធ សម្រាប់ការហាត់ប្រាណរបស់ប្រជាពលរដ្ឋ ក្នុងសហគមន៍ទាំងមូល ដោយមិនមានបែកចែកសហគមន៍ចាស់ ឬថ្មីឡើយ។

២៖ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវខ្វាត់ខ្វែងបន្ថែមក្នុងសហគមន៍

នៅពេលក្រុមហ៊ុនអភិវឌ្ឍន៍អាងស្តុកទឹកបណ្តោះអាសន្ននេះ ទៅជាគម្រោងលំនៅឋាន និងឧទ្យានបៃតងស្តង់ដារអន្តរជាតិនោះ ហេដ្ឋរចនាសម្ព័ន្ធផ្លូវក្នុងសហគមន៍ចាស់ និងសហគមន៍ថ្មីនឹងត្រូវតភ្ជាប់គ្នា ដែលបង្កលក្ខណៈងាយស្រួលប្រជាពលរដ្ឋក្នុងសហគមន៍ធ្វើដំណើរ ដោយមិនពឹងផ្អែកតែផ្លូវមួយនោះទេ។ ផ្លូវទាំងនោះមានលក្ខណៈធំទូលាយ និងប្រទាក់ក្រឡាភ្ជាប់គ្នាទៅវិញទៅមក។

៣៖ តម្លៃអចលនទ្រព្យក្នុងសហគមន៍នឹងមានសន្ទុះកើនឡើងខ្លាំងជាងមុន

ច្បាស់ណាស់ថា នៅពេលមានការអភិវឌ្ឍន៍ទីតាំងដែលអភិវឌ្ឍនឹងត្រូវទាញប្រយោជន៍ បានច្រើនជាងពេលមិនទាន់អភិវឌ្ឍ ហើយការអភិវឌ្ឍន៍នោះ មិនមែនសម្រាប់តែទីតាំងអភិវឌ្ឍន៍នោះឡើយ ទីតាំងជាប់ៗនោះក៏ទាញបានពីការអភិវឌ្ឍន៍នេះ។ បានសេចក្តីថា នៅពេលផ្ទៃបឹងស្តុកទឹកបណ្តោះអាសន្ន ប្រែក្លាយទៅជាគម្រោងលំឋានប្រណិត និងឧទ្យានបៃតងស្តង់ដារអាមេរិកនោះ សហគមន៍ដែលនៅជាប់គ្នានឹងគ្រោងថ្មីនេះ នឹងទទួលបានការកើតឡើងនៃតម្លៃអចលនទ្យព្រ របស់ខ្លួនជាក់ជាមិនខាន។

ទោះជាយ៉ាងណាគម្រោងកែប្រែជាអាងស្តុកទឹកបណ្តោះអាសន្ន ទៅជាគម្រោងឧទ្យានបៃតង ស្តង់ដារអាមេរិកនេះ ក៏កើតឡើងនូវការតវ៉ាពីប្រជាពលរដ្ឋ ក្នុងសហគមន៍មួយចំនួនតូចដែលពួកគាត់ទាមទារឲ្យរក្សាទុកនូវអាងស្តុកទឹកនេះ។

បន្ទាប់ពីមានការតវ៉ានេះ ក្រុមហ៊ុនបានជួបដោះស្រាយប្រជាពលរដ្ឋ ក្នុងសហគមន៍ផងដែរ ហើយក្រុមហ៊ុននៅតែរក្សាជំហរកែប្រែអាងស្តុកទឹកបណ្តោះអាសន្ន ដែលធ្លាប់ត្រូវបានប្រើប្រាស់សម្រាប់ ស្រោចស្រពទីលានវាយកូនហ្គោល ឲ្យក្លាយជាឧទ្យានធម្មជាតិពណ៌បៃតង សម្រាប់បម្រើប្រយោជន៍រួម របស់សហគមន៍ដែលកំពុងរស់នៅ និងដែលនឹងមករស់នៅក្នុងគម្រោងនាថ្ងៃអនាគត។

ក្រុមហ៊ុន Chip Mong Land ក៏បានឲ្យដឹងទៀតថា <<កន្លងមកមានការយល់ច្រឡំពីសំណាក់អ្នករស់នៅក្នុងគម្រោង ហ្គ្រេន ភ្នំពេញស៊ីធី មួយចំនួនលើកម្មសិទ្ធិភាពលើ អាងស្តុកទឹកបណ្តោះអាសន្ននេះ បន្ទាប់ពី ហ្គ្រេន ភ្នំពេញ ត្រូវបានផ្ទេរកម្មសិទ្ធមកក្រុមហ៊ុន ជីប ម៉ុង លែន ក៏ថ្នាក់ដឹកនាំក្រុមហ៊ុនបានធ្វើការបកស្រាយបំភ្លឺទៅកាន់អ្នកតំណាង អ្នករស់នៅមួយចំនួនទាំងនោះ ដោយផ្អែកលើមូលដ្ឋានច្បាប់ពន្យល់ពីភាពស្របច្បាប់របស់ក្រុមហ៊ុនលើទីតាំងអាងស្តុកទឹក និងជំហរអភិវឌ្ឍទីតាំងអាងឲ្យស្របទៅតាមផែនការ យុទ្ធសាស្ត្រធុរកិច្ចរបស់ក្រុមហ៊ុនផងដែរ>>។

អាងស្តុកទឹកដែលមានទំហំជិត១០ហិកតា នៅក្នុងគម្រោង ហ្គ្រេន ភ្នំពេញ ស៊ីធី ជាអាងស្តុកទឹកបណ្តោះអាសន្ន ត្រូវបានជីកយកដីចេញកាលពីចាប់ផ្តើមអភិវឌ្ឍគម្រោងដំបូង ហើយមានតួនាទីស្តុកទឹកស្រោចស្រពទីលានវាយកូនហ្គោល។ ទោះជាយ៉ាងណាទីតាំងនេះជាប្រភេទដីសាងសង់ ដូចមានចារឹកក្នុងវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុលេខ ច IX0905 ហើយដែលក្រុមហ៊ុនបានធ្វើការបង់ប្រាក់ពន្ធអចលនទ្រព្យ ទៅតាមច្បាប់តំរូវផងដែរ។

ក្រុមហ៊ុនក៏បានធ្វើការត្រួតពិនិត្យទៅលើកិច្ចសន្យាទិញរវាងអតិថិជនទាំងអស់ជាមួយកម្មសិទ្ធិករចាស់ ក៏ពុំមានកន្លែងណាបញ្ជាក់ថា អាងទឹកនេះនឹងត្រូវរក្សាទុក ដោយមិនអាចធ្វើការអភិវឌ្ឍ បាននាពេលអនាគតនោះឡើយ។ ការអះអាងរបស់តំណាងប្រជាពលរដ្ឋមួយចំនួនតូចនោះ គឺសម្អាងទៅលើប្លង់មេ ដែលមានបង្ហាញនៅក្នុងរូបថត ដែលវាគ្រាន់តែជាខិតប័ណ្ណផ្សព្វផ្សាយ ដើម្បីលក់ផ្ទះរបស់ក្រុមហ៊ុនមុនតែប៉ុណ្ណោះ ហើយពុំមានឯកសារជាផ្លូវការណាមួយអាចបញ្ជាក់បានឡើយ។

ក្រុមហ៊ុនសង្កត់ធ្ងន់ថា <<ដោយឈរលើកម្មសិទិ្ធស្របច្បាប់ ដែលក្រុមហ៊ុនបានទទួលត្រឹមត្រូវ ក្រុមហ៊ុនរក្សាសិទិ្ធអនុវត្តតាមផែនការធុរកិច្ចរបស់ខ្លួន ទៅតាមយុទ្ធសាស្ត្រក្នុងនាមជា អ្នកអភិវឌ្ឍលំនៅដ្ឋានដ៏មានកេរ្តិ៍ឈ្មោះល្អ>>។

ពាក់ព័ន្ធការលេចឮថា ក្រុមហ៊ុន Chip Mong Land មានគម្រោងចង់រំលាយទីលានវាយកូនគោល ដើម្បីអភិវឌ្ឍន៍អ្វីផ្សេងនោះ ត្រូវបានតំណាងក្រុមហ៊ុនអះអាងថា គឺជារឿងមិនពិតឡើយ ក្រុមហ៊ុនគ្មានគម្រោងក្នុងការរំលាយទីលានវាយកូនគោល ក្នុងគម្រោង ហ្គ្រេន ភ្នំពេញ នោះទេ មានតែវិនិយោគបន្ថែលើទីលានវាយកូនគោលនេះ៕






































News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...