នាយករដ្ឋមន្ត្រីជប៉ុនថ្មី លោក Suga និងលោក ស៊ី ជិនពីង ឯកភាពគ្នាបន្តរក្សាទំនាក់ទំនងកម្រិតខ្ពស់ ដើម្បីរក្សាសន្តិភាព

Posted By: RoogRog Robot | 26-Sep-2020 16:33:59

2020-09-26 03:24pm

(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុនថ្មី លោក Suga Yoshihide នៅថ្ងៃសុក្រសប្ដាហ៍នេះ បានឲ្យដឹងថា លោកបានយល់ព្រមជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ក្នុងការបន្តរក្សាកិច្ចពិភាក្សាកម្រិតខ្ពស់រវាងមេដឹកនាំនៃប្រទេសទាំងពីរ ដើម្បីចូលរួមចំណែករក្សាស្ថិរភាពក្នុងតំបន់ និងអន្តរជាតិ។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២០។

នៅក្នុងបទអត្ថាធិប្បាយ ដែលចាក់ផ្សាយដោយទូរទស្សន៍ NHK លោក Suga បានលើកឡើងយ៉ាងដូច្នេះថា៖ <<ទំនាក់ទំនងមានស្ថិរភាពគឺជាភាពចំបាច់ មិនត្រឹមតែ សម្រាប់ប្រទេសជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់តំបន់ និងសហគមន៍អន្តរជាតិទាំងមូល។ ដូច្នេះហើយ ខ្ញុំចង់បំពេញនូវទំនួលខុសត្រូវនេះ>>។ ចំណែកឯ លោក ប្រធានាធិបតី ស៊ី ជិពីង ក៏បានគូសបញ្ជាក់ដែរថា ប្រទេសចិន និងជប៉ុន បានចែករំលែកផលប្រយោជន៍រួមយ៉ាងទូលំទូលាយ ហើយកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរមានវិសាលភាពធំទូលាយណាស់។

លោកស៊ី បានសង្កត់ធ្ងន់បន្ថែមថា ប្រទេសចិនសង្ឃឹមថាភាគទាំងពីរនឹងរួមគ្នារដើម្បីរក្សាខ្សែចង្វាក់ផលិតកម្មឲ្យមានស្ថិរភាព និងបរិយាកាសវិនិយោគ បើកចំហ និងស្មើភាពគ្នា។

លោក Suga ដែលទើបតែក្លាយជានាយករដ្ឋមន្ត្រីនៅខែកញ្ញានេះ និងមិនសូវមានបទពិសោធការទូត ត្រូវតែរក្សាទំនាក់ទំនងល្អជាមួយប្រទេសជិតខាងដែលធំជាងខ្លួន ខណៈដែលភាពតានតឹងរវាងចិន និងសហរដ្ឋអាមេរិកកំពុងតែកើនឡើងចំពេលជំងឺ COVID-19 នៅតែបន្តរីករាលដាល និងជាពិសេសសង្គ្រាមពាណិជ្ជកម្ម រវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរ។ បន្ថែមពីលើនេះ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន លោក Suga ក៏បាននិយាយតាមទូរស័ព្ទជាមួយ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំផងដែរ។

គួរជម្រាបថា ប្រទេសជប៉ុនគឺជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់អាមេរិកនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏កំពុងមានជម្លោះជាមួយចិនដែរ ជុំវិញសិទ្ធិគ្រប់គ្រងប្រជុំកោះ នៅក្នុងសមុទ្រចិនខាងកើត ហើយក៏បានបង្ហាញការព្រួយបារម្ភអំពីការកើនឡើងនៃសកម្មភាពយោធាចិននៅក្នុងតំបន់។ ទស្សនកិច្ចផ្លូវការរបស់លោកស៊ី ទៅកាន់ ប្រទេសជប៉ុនកាលពីដើមឆ្នាំនេះត្រូវបានលុបចោលវិញ ដោយសារតែការផ្ទុះឡើងនៃជំងឺ COVID-19 ប៉ុន្តែលោក Suga មិនបានពិភាក្សាអំពីការកំណត់ពេលវេលាសារ ជាថ្មីនៃដំណើរទស្សនកិច្ចឡើងវិញ កំឡុងកិច្ចសន្ទានជាមួយលោកស៊ី នោះទេ៕


News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...