អង់គ្លេសកំពុងមានបញ្ហាលើ ប្រព័ន្ធធ្វើតេស្តរកកូរ៉ូណា, រដ្ឋាភិបាលសន្យាបង្កើនសមត្ថភាព ចំពោះមុខកំហឹងប្រជាជន

Posted By: RoogRog Robot | 16-Sep-2020 03:03:33

2020-09-16 04:53pm

(អង់គ្លេស)៖ ដោយមានការខឹងសម្បារកាន់តែខ្លាំងឡើង ពីសំណាក់ប្រជាជន ចំពោះការរាំងស្ទះប្រព័ន្ធធ្វើតេស្តរក COVID-19 នៅចក្រភពអង់គ្លេស រដ្ឋាភិបាលអង់គ្លេសនៅថ្ងៃពុធនេះបានសន្យាថា នឹងព្យាយាមធ្វើគ្រប់យ៉ាង ដើម្បីបង្កើនសមត្ថភាពមន្ទីរពិសោធន៍ឡើងវិញ ដើម្បីសម្រួលដល់ការធ្វើតេស្ត នៅក្នុងប្រទេសរបស់ខ្លួន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២០។

នាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) ដែលកំពុងព្យាយាមរិះរកគ្រប់វិធី ដើម្បីកាត់បន្ថយចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅភាគខាងលិចចក្រភពអង់គ្លេស បានសន្យាកាលពីខែឧសភាថា នឹងបង្កើតប្រព័ន្ធប្រយុទ្ធរួមគ្នាសម្រាប់ពិភពលោក ដើម្បីធ្វើតេស្ត និងតាមដានអ្នកដែលបានឆ្លងវីរុសដ៏កាចសាហាវនេះ។

ប៉ុន្តែការប៉ុនប៉ងម្តងហើយម្តងទៀត ដើម្បីសម្រួលនូវការធ្វើតេស្តរក COVID-19 ត្រូវបានបរាជ័យ ខណៈមជ្ឈមណ្ឌលធ្វើតេស្តមួយកន្លែងនៅឯតំបន់ Southend-on-Sea ភាគខាងកើតអង់គ្លេស មានមនុស្សរាប់រយនាក់ បានឈរតម្រង់ជួរជារៀងរាល់ថ្ងៃ ដើម្បីទទួលបានការធ្វើតេស្ត និងមនុស្សមួយចំនួនទៀត បានប្រញាប់ប្រញាល់មកតម្រង់ជួរតាំងពីម៉ោង ៥៖០០នាទីព្រឹកព្រហាមតែម្តង ដើម្បីទទួលបានការធ្វើតេស្តនេះយ៉ាងឆាប់រហ័ស។

យ៉ាងណាមិញ រដ្ឋមន្រ្តីយុត្តិធម៌អង់គ្លេស លោក រ៉ូបឺត បាកឡេនដ៍ (Robert Buckland) បានគូសបញ្ជាក់ប្រាប់ទូរទស្សន៍ Sky News យ៉ាងដូចច្នេះថា <<សមត្ថភាពមន្ទីរពិសោធន៍របស់យើង គឺជាបញ្ហាមួយដែលយើងកំពុងធ្វើការ ដើម្បីដោះស្រាយបញ្ហានេះ យើងនឹងព្យាយាមធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីសម្រួលដល់ការធ្វើតេស្តនោះ ហើយយើងក៏កំពុងសាកល្បងបើក មជ្ឈមណ្ឌលធ្វើតេស្តថ្មីមួយកន្លែងទៀតផងដែរ>>៕




News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...