ក្រុមហ៊ុន ដាណន់ ស្ពេសស៊លឡាយដ៍ នូទ្រីសិន (ខេមបូឌា) ឯ.ក (ឌុយមិចកម្ពុជា) ចេញសេចក្ដីបំភ្លឺថា ក្រុមហ៊ុនកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីធ្វើការដោះស្រាយអំពីការតវ៉ាទាក់ទងនឹងសំបកកំប៉ុង

Posted By: RoogRog Robot | 03-Aug-2020 22:26:13

2020-08-03 09:18pm

(ភ្នំពេញ)៖ ក្រុមហ៊ុន ដាណន់ ស្ពេសស៊លឡាយដ៍ នូទ្រីសិន (ខេមបូឌា) ឯ.ក (ឌុយមិចកម្ពុជា) នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មានបំភ្លឺប្រាប់ដល់អតិថិជនដែលបានតវ៉ាពាក់ព័ន្ធនឹងការព្រួយបារម្ភចំពោះការបោះពុម្ពព័ត៌មានកាលបរិច្ឆេទផលិត និងហួសកំណត់នៅលើបាតកំប៉ុងផលិតផល ឌុយមិច ឌុយប្រូ លេខ 2 (20220331)។

នៅក្នុងសេចក្ដីប្រកាសព័ត៌មាននេះបានបញ្ជាក់ថា ក្រុមហ៊ុន ដាណន់ ស្ពេសស៊លឡាយដ៍ នូទ្រីសិន បាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ដើម្បីធ្វើការដោះស្រាយអំពីការតវ៉ាទាក់ទងនឹងសំបកកំប៉ុង។

នៅក្រុមហ៊ុន ដាណន់ ស្ពេសស៊លឡាយដ៍ នូទ្រីសិន (ខេមបូឌា) ឯ.ក (ឌុយមិចកម្ពុជា) បានដាក់អាទិភាពខ្ពស់បំផុតទៅលើសុវត្ថិភាព និងគុណភាព រួមទាំងអនុលោមភាពជាមួយបទប្បញ្ញត្តិទាក់ទងនឹងការលក់ និងការផលិតចំណីអាហារ។

សេចក្ដីប្រកាសបានបន្តថា ក្រុមហ៊ុន ដាណន់ ស្ពេសស៊លឡាយដ៍ នូទ្រីសិន បានទទួលព័ត៌មានថាមានការតវ៉ាពីអ្នកប្រើប្រាស់ទៅកាន់អាជ្ញាធរ ពាក់ព័ន្ធនឹងការព្រួយបារម្ភចំពោះការបោះពុម្ពព័ត៌មានកាលបរិចេ្ឆទផលិត និងហួសកំណត់នៅលើបាតកំប៉ុងផលិតផល ឌុយមិច ឌុយប្រូ លេខ ២ (២០២២០៣៣១)។

ក្រុមហ៊ុន ដាណន់ ស្ពេសស៊លឡាយដ៍ នូទ្រីសិន បានបញ្ជាក់ថា ផលិតផលរបស់ខ្លួនបានឆ្លងកាត់ការត្រួតពិនិត្យបទដ្ឋានគុណភាពយ៉ាងតឹងរ៉ឹង និងសុទ្ធតែទទួលបានការធ្វើតេស្តយ៉ាងហ្មត់ចត់ ដើម្បីធានាថាមានតែផលិតផលដែលមានគុណភាពខ្ពស់បំផុត ត្រូវបានចរាចណ៍ដាក់លក់ក្នុងទីផ្សារ។

ក្រុមហ៊ុន ដាណន់ ស្ពេសស៊លឡាយដ៍ នូទ្រីសិន បានធ្វើការយ៉ាងជិតស្និទ្ធ និងកំពុងសហការយ៉ាងពេញលេញជាមួយអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ និងអាជ្ញាធរពាក់ព័ន្ធនានា ដើម្បីត្រួតពិនិត្យ និងរកដំណោះស្រាយលើបញ្ហានេះ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកសេវាបម្រើអតិថិជនតាមរយៈលេខ៖ ១ ៨០០ ២១២ ១៦០/០១២ ២២២ ១៦០ ឬតាមរយៈអ៉ីម៉ែល៖ Dumex.kh@danone.com ៕


News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...