អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ការផ្សព្វផ្សាយព័ត៌មានមិនពិតករណីព្រំដែន គឺជាអំពើញុះញង់បង្កឱ្យមាន​ភាពវិកវរធ្ងន់ធ្ងរ​ដល់​សន្តិសុខសង្គម ដែលវិធានការច្បាប់ត្រូវប្រកាន់យកដោយខានមិនបាន!

Posted By: RoogRog Robot | 01-Aug-2020 21:01:18

2020-08-01 08:54pm

(ភ្នំពេញ)៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ការផ្សព្វផ្សាយព័ត៌មានមិនពិតករណីព្រំដែន គឺជាអំពើញុះញង់បង្កឱ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលវិធានការច្បាប់ត្រូវប្រកាន់យកដោយខានមិនបាន។

លោកបានលើកឡើងយ៉ាងដូច្នេះថា៖ "ជនណាដែលផ្សព្វផ្សាយព័ត៌មានមិនពិតករណីព្រំដែន គឺជាអំពើញុះញង់បង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ជាក់ស្តែងលោក រ៉ុង ឈុន បានប្រព្រឹត្តបទល្មើសជាក់ស្តែងតាមរយៈសកម្មភាពផ្សព្វផ្សាយលើ facebook page ផ្ទាល់ខ្លួនអំពីព័ត៌មានមិនពិតទាក់ទងនឹងករណីព្រំដែនដូចអ្វីដែលមានក្នុងសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ហេតុនេះការអនុវត្តវិធានការច្បាប់លើសកម្មភាពល្មើសច្បាប់នេះមិនមានអ្វីចម្លែកនោះទេ សម្រាប់កម្ពុជា ក៏ដូចជាបណ្តាប្រទេសនានា លើសកលលោកយើងនេះ!"។ ដូចនេះការអនុវត្តវិធានការច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ច និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញជាការត្រឹមត្រូវតាមធ្វើឡើងស្របតាមច្បាប់ និងនីតិវិធីជាធរមាន ដើម្បីធានាបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក៏បានអំពាវនាវដល់អ្នកដែលកំពុងលុងខ្លួននឹងអំពើល្មើសបញ្ឈប់ជាបន្ទាន់ ជាសវៀងការប្រឈមមុខនឹងវិធានការច្បាប់។

លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងបទល្មើសជាក់ស្តែងដោយញុះញង់ ឲ្យមានភាពវឹកវរដល់សន្តិសុខសង្គមលើបញ្ហាព្រំដែនកម្ពុជា។

មុនពេលមានការឃាត់ខ្លួននេះ លោក រ៉ុង ឈុន បានចុះទៅកាន់ព្រំដែនកម្ពុជា-វៀតណាម ខេត្តត្បូងឃ្មុំ ហើយបានចេញសេចក្តីថ្លែងការណ៍ ញុះញង់ថា ការបោះបង្គោលព្រំដែនថ្មីរវាងកម្ពុជា-វៀតណាមបានចូលមកដីកម្ពុជាក្រោមប្រហែល៥០០ម៉ែត្រ។

សាលាដំបូងរាជធានីភ្នំពេញ នៅល្ងាច ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ បានសម្រេចចេញដីកាឃុំខ្លួនលោក រ៉ុង ឈុន ជាបណ្តោះអាសន្នពីបទ <<ញុះញង់បង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម>> តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា៕


News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...