កាកបាទក្រហមកម្ពុជា ទទួលថវិកាឧបត្ថម្ភពីសប្បុរសជន ជាង១០លានដុល្លារ ក្នុងទិវា ៨ឧសភា ឆ្នាំ២០២០

Posted By: RoogRog Robot | 14-Jul-2020 20:35:05

2020-07-14 07:32pm

(ភ្នំពេញ)៖ អគ្គលេខាធិការរងទី១ នៃកាកបាទក្រហមកម្ពុជា លោកស្រី ម៉ែន នារីសោភ័គ បានថ្លែងថា កាកបាទក្រហមកម្ពុជាស្នាក់ការកណ្ដាល ទទួលបានថវិកាឧបត្ថម្ភពីមានសប្បុរសជនជាតិ-អន្ដរជាតិ គ្រប់មជ្ឈដ្ឋានចំនួន ១០,៦៦៩,២៦២ដុល្លារ ក្នុងឱកាសអបអរសាទរខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០នេះ ដែលធ្វើឡើង ក្រោមប្រធានបទ <<ខ្ញុំ ស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា>>។

ការថ្លែងបែបនេះ របស់លោកស្រី បានធ្វើឡើងក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន ស្តីពី <<វឌ្ឍនភាពរបស់កាកបាទក្រហមកម្ពុជា ២០១៩-២០២០ និងដាក់ទិសដៅការងារ>> ដែលព្រឹត្ដទៅនៅស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ។

លោកស្រីអគ្គលេខាធិការរងទី១ បានថ្លែងបន្ដថា ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងផ្សព្វផ្សាយអំពីសមិទ្ធផលសម្រេចបាន និងកៀរគររកមូលនិធិ ដើម្បីបន្ដប្រតិបត្ដិការមនុស្សធម៌ ជួយប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅទូទាំងប្រទេសកម្ពុជា ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់។

ប៉ុន្ដែឆ្នាំនេះ ដោយក្នុងបរិការណ៍ដែលពិភពលោក ក៏ដូចជាកម្ពុជា កំពុងខិតខំប្រឹងប្រែងគ្រប់គ្រង ផលប៉ះពាល់ពីជំងឺកូវីដ-១៩ (Covid-19) មកលើសង្គម និងសេដ្ឋកិច្ចជាតិ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានសម្រេចផ្អាកការប្រារព្ធមិទ្ទីងថ្នាក់ជាតិ ដើម្បីអបអរខួបលើកទី ១៥៧ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ដែលគ្រោងនឹងរៀបចំឡើងនៅថ្ងៃ ៨ ឧសភា ២០២០ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

ទោះបីជាមិនមានការរៀបចំពិធី ដើម្បីអបអរខួបលើកទី១៥៧ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ដូចធ្លាប់បានធ្វើជារៀងរាល់ឆ្នាំក្តី ក៏កាកបាទក្រហមកម្ពុជា នៅតែបន្តកៀរគរមូលនិធិ និងស្វាមគមន៍ ការចូលរួមជាវិភាគទានពីសំណាក់ សប្បុរសជន ទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន ដូចធ្លាប់បានធ្វើកាលពីឆ្នាំកន្លងទៅទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

លោកស្រី ម៉ែន នារីសោភ័គ បានថ្លែងបន្ដថា <<ដូច្នេះគិតត្រឹមថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ កាកបាទក្រហមកម្ពុជា បានទទួលថវិកាឧបត្ថម្ភពីសប្បុរសជន សរុបចំនួន ១០,៦៦៩,២៦២ដុល្លារ។ យើងខ្ញុំក៏សូមថ្លែងអំណរគុណដល់សប្បុរសជន ដែលបន្ដជួយគាំទ្រកាកបាទក្រហមកម្ពុជា ទោះឋិតនៅក្នុងស្ថានភាពជំងឺកូវីដ១៩ក៏ដោយ>>។

<<បើប្រៀបធៀបនឹងឆ្នាំ២០១៩ ថវិកានេះ បានត្រឹមតែពាក់កណ្ដាលឆ្នាំមុន ដែលទទួលបានសរុប ១៩,៨៨៨,៥៧៨ដុល្លារ តែបើប្រៀបធៀបនឹងទឹកចិត្ដសប្បុរសធម៌ និងស្ម័គ្រចិត្ដ ក្នុងការចូលរួមចែករំលែករបស់បងប្អូន ពិតជាគួរឱ្យគោរពស្ងប់ស្ងែងយ៉ាងជ្រាលជ្រៅ ព្រោះថា សប្បុរសជនយើង មួយចំណែកទៀត ក៏បានចូលរួមបរិច្ឆាគថវិកាក្នុងមូលនិធិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជាយើង ហើយមួយចំណែកទៀត បន្ដជួយដល់ឧបត្ថម្ភគាំទ្រ ដល់កាកបាទក្រហមកម្ពុជា ដើម្បីឱ្យកាកបាទក្រហមកម្ពុជា មានលទ្ធភាពជួយដល់បងប្អូនប្រជាពលរដ្ឋយើង>>។

ក្នុងឱកាសនោះ លោកស្រីបានគោរពថ្លែងអំណរអរគុណដល់សប្បុរសជន ដែលជួយគាំទ្រដល់កាកបាទក្រហមកម្ពុជា បន្ដសកម្មភាពរបស់ខ្លួន ក្នុងការចាត់ចែងប្រើប្រាស់ថវិកា បន្ដជួយដល់ប្រជាពលរដ្ឋ ជាពិសេសក្នុងការបន្ដយុទ្ធនាការជាមួយរាជរដ្ឋាភិបាល ក្នុងវិធានការការពារ និងទប់ស្កាត់ជំងឺកូវីដ១៩ កុំឱ្យមានរលកទី២ ឬឆ្លងរាលត្បាតនៅក្នុងសហគមន៍៕











News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...