ទីបំផុតមេចលនាប្រឆាំងចិននៅហុងកុង «ប្រកាសដកខ្លួនពីឆាកនយោបាយ» ដោយសារភ័យខ្លាច ច្បាប់សន្តិសុខជាតិថ្មី

Posted By: RoogRog Robot | 30-Jun-2020 17:33:24

(ហុងកុង)៖ នៅព្រឹកថ្ងៃអង្គារនេះ សភាប្រជាជនចិនបានសម្រេច អនុម័តច្បាប់ថ្មីមួយដ៏ចម្រូងចម្រាស់ ស្តីអំពីសន្តិសុខថ្មីសម្រាប់ដែនដីហុងកុង។ ក្រោយពីច្បាប់ថ្មីនេះត្រូវបានអនុម័ត មិនបានប៉ុន្មានម៉ោងផង មេសកម្មជនគាំទ្រលិទ្ធិប្រជាធិបតេយ្យនៅហុងកុង បានបង្ហាញពីភាពភ័យខ្លាច និងបានប្រកាសដកខ្លួនចេញពីសកម្មភាពនយោបាយ។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នាល្ងាចថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២០។

សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏លេចធ្លោនៅហុងកុង គឺលោក ចូសហ័រ វ៉ុង (Joshua Wong) បានសម្តែងចំណាប់អារម្មណ៍ នៅក្រោយច្បាប់សន្តិសុខថ្មីនេះបានអនុម័តយ៉ាងដូច្នេះថា <<វាជាទីបញ្ចប់នៃហុងកុង ដែលពិភពលោកធ្លាប់ស្គាល់ពីមុនមក>>។ ការលើកឡើងដូច្នេះ បន្ទាប់ពីសកម្មជនរូបនេះ បានប្រកាសដើរចេញពីចលនាគាំទ្រប្រជាធិបតេយ្យ ដែលគេស្គាល់ថា ដេម៉ូស៊ីសស្តូ (Demosisto)។

ចំណែកឯលោក ណាថាន់ ឡរ (Nathan Law) ដែលជាប្រធានស្ថាបនិកនៃចលនា Demosisto និងជាអតីតមេដឹកនាំនិស្សិតហុងកុង ក៏បានប្រកាសចាកចេញពី Demosisto ដូចគ្នាដែរ។ តាមរយៈសំណេរនៅលើគណនីហ្វេសប៊ុករបស់ខ្លួន លោក Law បានលើកឡើងយ៉ាងដូច្នេះថា <<ច្បាប់ថ្មីនេះគឺជាចាប់ផ្តើមនៃបដិវត្តវប្បធម៌បង្ហូរឈាម>>។ ប៉ុន្តែសកម្មជនរូបនេះបានបញ្ជាក់ថា បើទោះជាលោកបានចាកចេញពី Demosisto ក៏ដោយក៏លោកប្តេជ្ញានឹងបន្តប្រយុទ្ធ ដើម្បីលិទ្ធិប្រជាធិបតេយ្យទៅតាមសមត្ថភាពរបស់ខ្លួន។

ទោះជាបែបនេះក្តី អភិបាលក្រុងហុងលុងលោកស្រី ខារី ឡាំ និងសមាជិកសភាហុងកុងជាច្រើនទៀត ធ្លាប់បានបញ្ជាក់ថា ច្បាប់ថ្មីរបស់ចិននេះ នឹងមិនប៉ះពាល់ដល់សិទ្ធិស្វ័យភាព របស់ទីក្រុងមួយនេះឡើយ ហើយលោកស្រីក៏បានអំពាវនាវផងដែរ ឲ្យគ្រប់គ្នាស្វែងយល់លម្អិត អំពីច្បាប់នេះសិន មុននឹងងើបឡើងប្រឆាំងតវ៉ានោះ។

គួរបញ្ជាក់ថា ចិនបានបង្កើតច្បាប់ខាងលើនេះ ដោយស្ថិតនៅក្នុងគោលដៅដោះស្រាយបញ្ហា ជុំវិញអំពើហិង្សា និងតវ៉ានៅក្នុងទីក្រុងហុងកុង ដែលត្រូវបានអូសបន្លាយ ចាប់តាំងពីឆ្នាំ២០១៩។ ច្បាប់នេះមានគោលដៅប្រយុទ្ធប្រឆាំង ការធ្វើវិទ្ធង្សនា, អំពើភេរវកម្ម, ការបំបែកខ្លួន និងការគប់គិតជាមួយបរទេសជាដើម។ ទោះបីជាអាមេរិក បានចាត់វិធានការមួយចំនួន ដូចជាការរឹតត្បិតទិដ្ឋាការលើមន្ត្រីចិន និងដកឋានៈពិសេស របស់ហុងកុងក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ី ស្របតាមច្បាប់របស់អាមេរិករួចទៅហើយក្តី ក៏ប្រទេសចិន មិនបានបង្ហាញសញ្ញាថា នឹងដកថយវិញនោះដែរ៕







News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...