ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចុះពិនិត្យមើលវឌ្ឍនភាពសាងសង់វិថីសុវត្ថិភាពសម្ដេចសង្ឃរាជ ទេព វង្ស និងផ្លូវលេខ១៤៨ នៅខេត្តព្រះសីហនុ

Posted By: RoogRog Robot | 31-May-2020 18:44:54

(ព្រះសីហនុ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២០នេះ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យមើលវឌ្ឍនភាពសាងសង់ផ្លូវលេខ១៤៦បេ (វិថីសុវត្ថិភាពសម្ដេចសង្ឃរាជទេព វង្ស) និងផ្លូវលេខ១៤៨ ដោយមានការចូលរួមពីក្រុមការងារបច្ចេកទេសក្រសួង និងមន្ទីរសាធារណការ និងដឹកជញ្ជូន តំណាងក្រុមហ៊ុនសាងសង់ និងភាគីពាក់ព័ន្ធ។

ការចុះត្រួតពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យគុណភាពនៃការសាងសង់ សំដៅធានាឱ្យបាន តាមស្តង់ដាដែលអាចទទួលយកបាន ពោលគឺធ្វើផ្លូវឱ្យមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង។

គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវខេត្តលេខ១៤៦បេ ឬវិថីសុវត្ថិភាពសម្ដេចសង្ឃរាជ ទេព វង្ស និងផ្លូវលេខ១៤៨ មានប្រវែងសរុបជាង៤៣គីឡូម៉ែត្រ ចាប់ពីបំបែកផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៧៨ ១៦៥ ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ដល់រង្វង់មូលស្ទឹងហាវ ស្ថិតនៅភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ និងបន្តរហូត ដល់កំពង់ផែក្រុងព្រះសីហនុ ខេត្តព្រះសីហនុ សាងសង់ដោយចាក់បេតុងកៅស៊ូ AC ទទឹងសរុប ១១ម៉ែត្រកម្រាស់៩សង់ទីម៉ែត្រនិងចិញ្ចើមគ្រួសក្រហម ០.៥០ ម៉ែត្រសងខាង ចាប់ពីរង្វង់មូលសម្ដេចសង្ឃរាជទេពវង្ស PK០ ០០០ ដល់PK២០ ៦៧៨ ប្រវែង២០,៦៧៨គីឡូម៉ែត្រ និងចាក់បេតុងសរសៃដែកទទឹង ១១ម៉ែត្រកម្រាស់២៦សង់ទីម៉ែត្រ ប្រវែង ២២.៣៤ គីឡូម៉ែត្រនិងចិញ្ចើមគ្រួសក្រហម ០.៥០ម៉ែត្រ សងខាងចាប់ពី PK២០ ៦៧៨ ដល់ PK៤៣ ០.២៥។

កំណាត់ផ្លូវនេះ សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ត្រួតពិនិត្យបច្ចេកទេសដោយនាយកដ្ឋានផ្លូវថ្នល់ នាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធសាធារណ: និងនាយកដ្ឋានបច្ចេកទេសសាធារណការ និងដឹកជញ្ជូន នៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រើប្រាស់រយ:ពេលសាងសង់ចំនួន២៨ខែ ដោយគិតចាប់ពីថ្ងៃបើកការដ្ឋានសាងសង់នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ចំណាយថវិកាសន្សំរបស់ជាតិ គិតរហូតមកទល់ពេលនេះការសាងសង់សម្រេចបាន ១.៩០ភាគរយហើយ។

លោកទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កំណាត់ផ្លូវនេះគឺជាផ្លូវវាងក្រុងដ៏មានសក្ដានុពលសម្រាប់បម្រើ ឱ្យការដឹកជញ្ជូនទំនិញនាំចេញ-ចូលតាមនាវា កសិផល និងជលផលរបស់បងប្អូនប្រជាពលរដ្ឋ នៅស្រុក ស្ទឹងហាវ ក៏ដូចជាបងប្អូនរស់នៅតំបន់ទំនប់រលកចាស់នៃក្រុងព្រះសីហនុ ទៅកាន់ទីផ្សារ កាន់តែមានលក្ខណៈងាយស្រួល ឆាប់រហ័ស និងចំណាយតិច និងបានចូលរួមចំណែកយ៉ាងច្រើន ដល់ការកាត់បន្ថយការកកស្ទះចរាចរណ៍តាមផ្លូវជាតិលេខ៤ ចំពោះរថយន្តដឹកជញ្ជូនទំនិញធុនធ្ងន់ដូចជាកុងទីន័រ ជាដើម។

ជាមួយគ្នានោះផងដែរ លោកទេសរដ្ឋមន្ត្រី បានផ្ដាំផ្ញើឱ្យក្រុមហ៊ុនសាងសង់យកចិត្តទុកដាក់ ក្នុងការសាងសង់ ដោយគោរពតាមបទដ្ឋានសាងសង់ និងសៀវភៅបន្ទុក ដែលបានព្រមព្រៀង៕

























News Source: www.freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...