ឈ្មួញសម្រុកដឹកជញ្ជូនឈើឆ្លងកាត់ខេត្តកំពង់ធំ យ៉ាងពេញបន្ទុកព្រោះការបង្ក្រាបគ្មានប្រសិទ្ធភាព

Posted By: RoogRog Robot | 23-May-2020 13:29:14

សកម្មជនព្រៃឈើនិងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលក្នុងខេត្តកំពង់ធំ បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញនៅតែសម្រុកដឹកជញ្ជូនឈើឆ្លងកាត់ខេត្តកំពង់ធំ យ៉ាងពេញបន្ទុកទោះបីត្រូវប្រឈមនឹងការបង្ក្រាបពីសមត្ថកិច្ចជាបន្តបន្ទាប់យ៉ាងណាក៏ដោយ។​ មជ្ឈដ្ឋាននានាបានកត់សម្គាល់ថា លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងលោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ គ្មានឆន្ទៈពិតប្រាកដក្នុងការបង្ក្រាបបទល្មើសព្រៃឈើប្រកបដោយប្រសិទ្ធភាពនោះទេ។ ជាងនេះទៅទៀតការបង្ក្រាបបទល្មើសព្រៃឈើពីសំណាក់សមត្ថកិច្ចអាវុធហត្ថខេត្តកំពង់ធំ ជាបន្តបន្ទាប់កន្លងទៅនេះ គឺមិនទាន់មានប្រសិទ្ធភាពគួរឲ្យកត់សម្គាល់នៅឡើយ។

កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ សមត្ថកិច្ចអាវុធហត្ថខេត្តកំពង់ធំ បានបង្ក្រាបរថយន្តដឹកឈើចំនួន២គ្រឿងនិងឃាត់ខ្លួនមនុស្សម្នាក់នៅចំណុចសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ក្រោយការបង្ក្រាបគឺរថយន្តនិងឈើជាវត្ថុតាងព្រមទាំងអ្នកបើកបររថយន្តម្នាក់ឈ្មោះ ជុំ តុលា ត្រូវបានសមត្ថកិច្ចអាវុធហត្ថ ធ្វើកំណត់ហេតុបញ្ជូនទៅផ្នែករដ្ឋបាលព្រៃឈើស្ទោង ដើម្បីចាត់ការតាមនីតិវិធី។ មជ្ឈដ្ឋាននានាបានទទួលស្គាល់ថា ការ​បង្ក្រាបបទល្មើសព្រៃឈើនៅខេត្តកំពង់ធំ ជាបន្តបន្ទាប់កន្លងទៅនេះភាគច្រើនជាចំណាត់ការរបស់សមត្ថកិច្ចអាវុធហត្ថខេត្ត ប៉ុន្តែឈ្មួញធំៗមួយចំនួននៅតែអាចដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំ យ៉ាងរលូន។

ចំណែកសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅក្នុងស្រុកសណ្តាន់ និងស្រុកសន្ទុក ខេត្តកំពង់ធំ បានឲ្យដឹងថា បច្ចុប្បន្នបទល្មើសដឹកជញ្ជូនឈើឆ្លងកាត់មូលដ្ឋានពួកគាត់នៅតែបន្តកើតឡើងយ៉ាងរាលដាលដដែល ព្រោះការបង្ក្រាបគ្មានប្រសិទ្ធភាព។ មជ្ឈដ្ឋាននានាបានលើកឡើងថា​ ប្រសិនបើលោក​ សុខ លូ អភិបាលខេត្តកំពង់ធំ ក៏ដូចជាលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ និងលោក ប៊ុន សុធី មេរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ មានឆន្ទៈក្នុងការបង្ក្រាបទល្មើសព្រៃឈើគឺបទល្មើសមិនកើតឡើងយ៉ាងរាលដាលដូចសព្វថ្ងៃនេះទេ។ ដូច្នេះលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មនិងលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើនៃ​ក្រសួងកសិកម្មគួរពិនិត្យឡើងវិញជាបន្ទាន់ ព្រោះបច្ចុប្បន្នបទល្មើសព្រៃឈើក្នុងខេត្តកំពង់ធំ នៅតែកើតឡើងយ៉ាងពេញបន្ទុក៕ News Source: www.moneaksekar.com

LATEST NEWS
MORE NEWS CLICK HERE...