លោក Jurgen Klopp អ្នកចាត់ការក្លឹប Liverpool បានបកស្រាយពីមូលហេតុដែលលោកពាក់តែអាវកីឡាទៅកាន់ The Guardian កាលពីពេលថ្មីៗនេះថា ដោយសារតែនៅសុខៗគេឲ្យទៅធ្វើជាគ្រូបង្គោល រួចហើយលោកមានតែអាវកីឡាហ្នឹង លុះពាក់អាវហ្នឹងយូរទៅក៏ទម្លាប់។
លោក Klopp បាននិយាយថា៖" កាលពីដំបូងខ្ញុំនៅធ្វើជាកីឡាករសុខៗ ដល់ពេលថ្ងៃបន្ទាប់គេក៏ឲ្យខ្ញុំមកធ្វើជាគ្រូបង្គោល ហើយពេលហ្នឹងនៅក្នុងទូរដាក់ខោអាវមានតែអាវកីឡា ដែលជារបស់បុរសម្នាក់ ដែលខ្ញុំពាក់មិនត្រូវផង"។
អ្នកចាត់ការរូបនេះបានបន្តថា៖" អ្វីដែលសំខាន់ខ្ញុំផ្ដោតទៅលើការប្រកួតច្រើនជាង និយាយទៅខ្ញុំមិនដែលខ្វល់រឿងខោអាវហ្នឹងទេ ហើយខ្ញុំក៏មិនគិតថាខ្ញុំពាក់អាវកីឡាហ្នឹងឡូយដែរ ខ្ញុំធ្លាប់ប្ដូរការស្លៀកពាក់ម្ដងដែរកាលពីមក Dortmund ដោយបានពាក់អាវធំ និងខោខៅប៊យ តែដូចជាមិនសូវទម្លាប់ក៏ខ្ញុំមកពាក់អាវកីឡាហ្នឹងវិញ"។
យ៉ាងណាមិញ លោក Klopp ក៏បានបន្ថែមថា មានតែលោក Pep Guardiola ទេដែលពូកែក្នុងស្លៀកពាក់ហ្នឹង ព្រោះថាលោកមិនចាំបាច់ពាក់អាវធំក្រវាត់កទេ ពាក់តែខោអាវបែបធម្មតាៗក៏មើលទៅសមដែរ។ ទោះជាយ៉ាងណាក្ដីអ្នកចាត់ការនេះ នៅតែបញ្ជាក់ថា ធ្វើជាអ្នកចាត់ការមិនសំខាន់លើការស្លៀកពាក់ទេ សំខាន់លើលទ្ធផលការប្រកួតរបស់ក្រុម៕
ប្រភព៖ Goal ប្រែសម្រួល៖ ហ៊ីម រស្មី
News Source: news.sabay.com.kh